មួយរយៈចុងក្រោយនេះនៅកម្ពុជា កំពុងល្បីផ្លែម៉ុនស្ទេរ៉ាមានអ្នកថតបង្ហោះ ក៏ដូចជា review ច្រើន ហើយបើនិយាយពីតម្លៃវិញក៏ខ្ពស់ខ្លាំងណាស់ដែរ។ ម៉ុនស្ទេរ៉ា ជាផ្លែឈើត្រូពិក ដែលមើលទៅដូចម្នាស់បន្តិច សម្បុរ និងក្រឡាដូចខ្នុរបន្តិច មានរសជាតិចម្រុះនៃស្វាយ រ៉ាបឺរី និងម្នាស់។ ថ្មីៗនេះ វីដេអូជាច្រើននៃផ្លែឈើដ៏អស្ចារ្យនេះកំពុងទទួលបានការពេញនិយមដែលអ្នកមានឥទ្ធិពលដាក់ឈ្មោះវាថាជាផ្លែឈើដែលមានគុណសម្បត្តិនៃ “ផ្លែឈើសាឡាដ”។

តើវាដុះនៅឯណា?
ផ្លែឈើនេះដុះនៅលើរុក្ខជាតិក្នុងអំបូរ Monstera ដែលគេស្គាល់ថាមានស្លឹករាងបេះដូង តែឆែកៗជាច្រើនរាយប៉ាយពេញផ្ទៃស្លឹក។ ដោយសារតែរូបរាងដ៏គួរឲ្យចាប់អារម្មណ៍របស់វា រុក្ខជាតិប្រភេទនេះបានក្លាយជាប្រភេទ Monstera ដ៏ពេញនិយមបំផុត សម្រាប់យកមកដាំលម្អ។ រុក្ខជាតិប្រភេទនេះមានដើមកំណើតនៅតំបន់ដែលមានសំណើមនៃប្រទេសម៉ិកស៊ីកូ,ហ្គាតេម៉ាឡា,កូស្តារីកា និងប៉ាណាម៉ា។ ទោះជាយ៉ាងណាក៏ដោយ យើងអាចឃើញផ្លែឈើដ៏ឈ្ងុយឆ្ងាញ់នេះនៅទូទាំងតំបន់អាមេរិកកណ្ដាល និងអាមេរិកខាងត្បូង ប្រទេសអូស្ត្រាលី និងតំបន់មួយចំនួននៃតំបន់មេឌីទែរ៉ាណេ ដូចជាតំបន់ឆ្នេរសមុទ្រនៃប្រទេសអ៊ីតាលីជាដើម។ សូម្បីតែអ្នកស្រឡាញ់ការដាំដុះមួយចំនួននៅរដ្ឋផ្លរីដា ក៏កំពុងដាំ Monstera deliciosa នៅក្នុងសួនរបស់ពួកគេផងដែរ។ ចំណែកឯនៅរដ្ឋហាវ៉ៃ វិញ រុក្ខជាតិប្រភេទនេះត្រូវបានចាត់ទុកថាជាប្រភេទរុក្ខជាតិដែលរីកសាយភាយលឿន និងអាចបង្កផលប៉ះពាល់ដល់បរិស្ថានក្នុងកម្រិតស្រាល។
ហេតុអ្វីបានជាវាត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់?
ផ្លែឈើនេះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់នៅពេលដែលវានៅខ្ចី។ វាសម្បូរទៅដោយអាស៊ីតអុកសាលិក (oxalic acid) ដែលជាសារធាតុប្រើសម្រាប់លាងសម្អាតឈើ និងកម្ចាត់ស្នឹមចេញពីលោហៈ។ លើសពីនេះ វាមានផ្ទុកនូវគ្រីស្តាល់កាល់ស្យូមអុកសាលាត (calcium oxalate) ដែលអាចបង្កឲ្យមានអារម្មណ៍ក្ដៅក្រហាយក្នុងមាត់។ ដូច្នេះ ប្រសិនបើអ្នកបរិភោគផ្លែឈើខ្ចីនេះដោយអចេតនា អ្នកអាចជួបប្រទះការរលាកយ៉ាងខ្លាំងនៅត្រង់បំពង់ក និងស្បែក ហើយវាក៏អាចបង្កឲ្យមានការរលាកនៅក្នុងក្រពះផងដែរ។

តើធ្វើដូចម្តេចដើម្បីដឹងថាវាទុំ?
នៅពេលដែលផ្លែ Monstera លូតលាស់ដល់ប្រវែងប្រហែល ១២ អ៊ីញ ឬប្រហែល ៣០ សង់ទីម៉ែត្រ និងមានរូបរាងស្រដៀងផ្លែពោតពណ៌បៃតង នោះគេអាចសន្និដ្ឋានបានថាផ្លែនេះបានដល់ពេលទុំហើយ។ ចំពោះផ្លែដែលទុំល្អ សំបកពណ៌បៃតងនឹងចាប់ផ្ដើមរបើកចេញ ដើម្បីបង្ហាញឲ្យឃើញសាច់ មានសភាពទន់ និងមានជាតិក្រែម អាចបរិភោគបាន។ ដំណើរការទុំរបស់ Monstera ចាប់ផ្ដើមពីផ្នែកខាងក្រោមឡើងទៅផ្នែកខាងលើ ហើយវានឹងជ្រុះធ្លាក់ចុះមកដោយខ្លួនឯងនៅពេលដែលវាទុំពេញលេញ។
តើវាមានរសជាតិយ៉ាងណា?
ផ្លែឈើនេះត្រូវបានគេដាក់ឈ្មោះយ៉ាងស័ក្តិសមថាជា (fruit salad ឬផ្លែឈើសាឡាដ) ព្រោះនៅពេលញ៉ាំទៅ អ្នកនឹងមានអារម្មណ៍ដូចជាមានការផ្ទុះនៃរសជាតិផ្លែឈើចម្រុះនៅក្នុងមាត់។ អ្នកខ្លះថាមានរសជាតិដូចចេក និងម្នាស់ ហើយខ្លះទៀតពណ៌នាថាវាមានរសជាតិលាយឡំគ្នានៃផ្លែស្វាយ រ៉ាសបឺរី ស្ត្របឺរី និងសូម្បីតែផ្លែផាសសិនផងដែរ។ វាមានសភាពរអិលបន្តិច និងមានសាច់រឹងជាងផ្លែចេកបន្តិច។
អត្ថប្រយោជន៍នៃការទទួលទានផ្លែ Monstera Deliciosa
ផ្លែឈើនេះត្រូវបានគេដឹងថាមានផ្ទុកវីតាមីន C និង B យ៉ាងច្រើនក្រៃលែង ព្រមទាំងសារធាតុរ៉ែសំខាន់ៗដូចជា ផូស្វ័រ កាល់ស្យូម ជាតិសរសៃ និងប្រូតេអ៊ីន។ ដោយសារតែគុណតម្លៃអាហារូបត្ថម្ភខ្ពស់បែបនេះ ផ្លែឈើនេះក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។ បរិមាណវីតាមីន និងសារធាតុរ៉ែដែលមាននៅក្នុងផ្លែឈើនេះ អាចជួយកាត់បន្ថយភាពតានតឹង និងការអស់កម្លាំង ដោយសារវាជួយជំរុញការផលិតអរម៉ូន endorphins នៅក្នុងរាងកាយ។ លើសពីនេះ វាគ្មានជាតិខ្លាញ់ឡើយ និងមានផ្ទុកកាបូអ៊ីដ្រាតល្អ ដូច្នេះអ្នកអាចបញ្ចូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃបាន។ ម្យ៉ាងទៀត ដោយសារផ្លែឈើនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាអាចជួយដល់ការស្តារសុខភាពរបស់អ្នកជំងឺ ដែលទទួលការព្យាបាលដោយវិទ្យុសកម្ម (radioactive therapies) ព្រមទាំងជួយសម្រួលដល់ដំណើរការនៃការបន្ទោបង់ផងដែរ។
ការប្រើប្រាស់ផ្លែឈើនេះសម្រាប់ព្យាបាលជំងឺ
អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដឹងថា សហគមន៍មួយចំនួនក្នុងប្រទេសម៉ិកស៊ីកូ និងប៉េរូ ប្រើប្រាស់ឫសនៃរុក្ខជាតិនេះជាវត្ថុធាតុដើមសម្រាប់ធ្វើជាខ្សែ និងត្បាញកន្ត្រក។ ក្នុងផ្នែកឱសថវិញ ប្រជាជនម៉ិកស៊ីកូ ប្រើទឹកឆុងពីឫសរបស់វា ដើម្បីបំបាត់ការឈឺចាប់ដោយសារជំងឺរលាកសន្លាក់ ហើយអ្នកដែលរស់នៅកោះម៉ាទីនីក (Martinique) ប្រើឫសវាដើម្បីព្យាបាលស្នាមខាំរបស់ពស់។ នៅចិន ផ្នែកផ្សេងៗនៃរុក្ខជាតិ Monstera ត្រូវបានគេប្រើដើម្បីព្យាបាលអាការក្អក ស្នាមជាំ ការឆ្លងមេរោគ និងគ្រុនក្តៅ ចំណែកឯប្រជាជនប្រេស៊ីលវិញ ពួកគេយកស្លឹកទៅកម្ដៅ និងកិនឲ្យម៉ត់ ដើម្បីព្យាបាលមុខរបួស។

តើត្រូវទទួលទានផ្លែ Monstera Deliciosa យ៉ាងដូចម្តេច?
ដើម្បីទទួលទានផ្លែឈើនេះ អ្នកអាចចិតវាដូចទៅនឹងការចិតពោត។ ប្រើកាំបិតចិតតាមបណ្ដោយផ្លែឈើនេះ នោះបំណែកសាច់របស់វានឹងរបូតចេញមក ដូចគ្រាប់ពោត។ វិធីមួយទៀតគឺហាន់ផ្លែឈើនេះជាកង់ៗដូចផ្លែម្នាស់ រួចទទួលទានសាច់របស់វាចេញពី ស្នូលនៃកង់នីមួយៗ។
ចំពោះតម្លៃវិញ ផ្លែ Monstera deliciosa កម្រនឹងមានលក់គិតជាគីឡូក្រាមណាស់ ដោយសារវាជា ផលិតផលពិសេសកម្ររកបាន និងងាយខូចគុណភាព ប៉ុន្តែតម្លៃលក់ដុំ ឬតម្លៃនៅតាមទីផ្សារតូចៗក្នុងតំបន់អឺរ៉ុប គឺប្រហែល ៦ អឺរ៉ូ ក្នុងមួយគីឡូក្រាម ខណៈដែលការលក់តាមអនឡាញមានតម្លៃចាប់ពី ៦០ ទៅ ១៥០ ដុល្លារក្នុងមួយផ្លែ (ប្រហែល ៣០ ទៅ ៨០ ដុល្លារក្នុងមួយផោន អាស្រ័យលើអ្នកលក់)៕
























































Account
Security
Favourite Content