Kazuha ជាសមាជិកក្រុមតារាចម្រៀងស្រីជំនាន់ទី ៤ Le Sserafim ដែលមានទាំងទេពកោសល្យ និងរូបសម្រស់។ បច្ចុប្បន្ននៅក្នុងក្រុមនាងមានតួនាទីជាអ្នករ៉េប និងអ្នកសរសេរបទចម្រៀងហើយចំពោះសមត្ថភាពនៃការបញ្ចេញក្បាច់រាំវិញក៏មិនធម្មតាដែរ។
ជាពិសេសចង្កេះតូចស្លីមដូចអង្ក្រង និងសាច់ដុំក្បាលពោះរបស់នាងរឹតតែបង្កើនសម្រស់របស់នាងឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។ ដោយមានចម្ងល់ច្រើនតារាចម្រៀងស្រីវ័យក្មេង Kazuha បានទម្លាយនូវអាថ៌កំបាំងខ្លះៗក្នុងការថែរក្សារាង និងសាច់ដុំក្បាលពោះ៖
១. មានការតាំងចិត្ត
តាំងពីមុនបោះជំហានចូលសិល្បៈ Kazuha ជាអ្នករាំរបាំបាឡេហើយនាងក៏នៅតែហ្វឹកហាត់រហូតមកដល់សព្វថ្ងៃនោះដែរ។ មកដល់បច្ចុប្បន្ននេះជាតារាខេប៉ុប នាងគឺត្រូវតម្រូវឱ្យមានការហ្វឹកហាត់ខ្លាំងៗចំពោះក្បាច់រាំរបស់បទចម្រៀងនីមួយៗរហូតអស់រាប់ម៉ោង។ ដូច្នេះទាមទារឱ្យនាងព្រមទាំងសមាជិកក្រុមទាំងអស់ធ្វើលំហាត់ប្រាណជាប្រចាំដើម្បីរក្សារាង បង្កើនថាមពល និងសាច់ដុំក្បាលពោះឱ្យរឹងមាំផងដែរ។ ប៉ុន្តែដោយសារធម្មជាតិនៃរាងកាយមនុស្សមានភាពខុសគ្នា បែបនេះហើយយើងមិនចាំបាច់ដាក់កំហិតខ្លួនឯងឱ្យធ្វើដូច Kazuha ក៏បានដែរ។
២. ត្រូវមានចិត្តអត់ធ្មត់
ជារៀងរាល់យប់មុនចូលគេង នាងបានឆ្លៀតធ្វើលំហាត់ប្រាណដើម្បីជួយរក្សាសាច់ដុំលើរាងកាយ។ ប៉ុន្តែសកម្មភាពមួយនេះមិនត្រូវធ្វើភ្លាមៗក្រោយពេលបាយនោះទេ។ ចំពោះលំហាត់ប្រាណដែលនាងបានជ្រើសយកភាគច្រើនជាការលាតសន្ធឹងខ្លួនលើកម្រាល។ Kazuha ក៏បានលើកទឹកចិត្តឱ្យមានការតស៊ូ និងត្រូវអនុវត្តជាប្រចាំដោយសារវាជាចំណែកមួយដ៏សំខាន់ ប្រសិនបើចង់បានរាងស្អាត។
៣. ព្យាយាមញ៉ាំអាហារសុខភាពល្អ
សម្រាប់តារាស្រីវ័យក្មេងរូបនេះមិនបានធ្វើការតមអាហារខ្លាំង និងជ្រើសយកវិធីសម្រកទម្ងន់ឱ្យបានលឿននោះទេព្រោះនាងគិតថាវាបណ្ដាលឱ្យបាត់បង់ថាមពល និងប៉ះពាល់ដល់សុខភាព។ នាងបានផ្ដោតទៅលើរបបអាហារដែលមានសុខភាពល្អ ហើយត្រូវប្រាកដចិត្តថានាងបានញ៉ាំអាហារ ៣ ពេលក្នុងមួយថ្ងៃ។ ជាពិសេសនាងមិនភ្លេចផឹកទឹកក្រូចឆ្មារត្រជាក់មួយកែវនៅពេលព្រឹកនោះទេដើម្បីស្រូបយកជាតិប្រូតេអ៊ីន។ មិនតែប៉ុណ្ណោះ Kazuha ក៏បានផ្ដល់អាទិភាពទៅការញ៉ាំបន្លែផ្លែឈើឱ្យបានច្រើនផងដែរ៕