ពេលដែលយើងចង់បានរាងកាយរឹងមាំ យើងតែងតែជ្រើសរើសហូបអាហារល្អៗ និងចូលហាត់ប្រាណ តាំងតែពីរាងកាយនៅដំណើរការល្អ មិនមានបញ្ហាអ្វី។ ប៉ុន្តែពេលនិយាយពីសុខភាពផ្លូវចិត្តវិញ យើងបែរជាជ្រើសរើសធ្វើផ្ទុយគ្នាទៅវិញ។ ពោល គឺរង់ចាំដល់តែមានបញ្ហា ដូចជាអស់កម្លាំងចិត្ត ឬតានតឹងជាមុនសិន ទើបប្រញាប់ទៅរកវិធីដោះស្រាយ។

Dr. Emily Anhalt សហស្ថាបនិករបស់ Coa ដែលជាកន្លែងហ្វឹកហាត់សុខភាពផ្លូវចិត្តទី ១ លើពិភពលោក មានគោលបំណងចង់ឱ្យយើងគ្រប់គ្នាផ្លាស់ប្ដូរនូវទស្សនៈនេះឡើងវិញ។ អ្នកជំនាញចិត្តសាស្ត្ររូបនេះ បានលើកឡើងថា យើងតែងតែគិតថា មនុស្សដែលមិនមានជំងឺផ្លូវចិត្ត គឺសុទ្ធសឹងតែជាមនុស្សដែលមានសុខភាពផ្លូវចិត្តល្អឥតខ្ចោះតែម្ដង ក៏ប៉ុន្តែការពិតជាក់ស្ដែងមិនដូច្នេះទេ ស្ថានភាពផ្លូវចិត្តរបស់មនុស្សភាគច្រើន គឺស្ថិតនៅចន្លោះកណ្ដាលនៃស្ថានភាពទាំងពីរនេះ។
នោះហើយជាមូលហេតុដែលយើងត្រូវងាកមកថែទាំសុខភាពផ្លូវចិត្ត ដែលប្រៀបដូចជាការដែលយើងចូលទៅកន្លែងហាត់ប្រាណដើម្បីហ្វឹកហាត់រាងកាយឱ្យរឹងមាំ និងអាចបត់បែនបានដូច្នេះដែរ។ Emotional Fitness នឹងជួយឱ្យយើងអាចបង្កើតប្រព័ន្ធការពារភាពតានតឹង និងសម្ពាធផ្សេងៗ មុនពេលដែលអ្វីៗហួសពេល។

ភាពរឹងមាំខាងផ្លូវចិត្ត មិនមែនជាទេពកោល្យពីធម្មជាតិទេប៉ុន្តែជាជំនាញដែលអាចហ្វឹកហាត់បាន
មនុស្សជាច្រើនអាចយល់ច្រឡំថា អ្នកដែលអាចទប់ទល់នឹងភាពតានតឹងបានល្អ គឺដោយសារតែពួកគេជាមនុស្សរឹងមាំតាំងពីកំណើត។ ប៉ុន្តែក្នុងវិទ្យាសាស្ត្រ និងចិត្តសាស្ត្រ ភាពរឹងមាំផ្នែកផ្លូវចិត្តនេះ គឺជាជំនាញដែលអាចរៀនសូត្រ និងហ្វឹកហាត់បាន មិនខុសពីការហ្វឹកហាត់យកសាច់ដុំនោះទេ។
Dr. Emily Anhalt បានសិក្សា ដោយសម្ភាសអ្នកចិត្តសាស្ត្រ និងម្ចាស់អាជីវកម្មជាង ២០០ នាក់ ដើម្បីរកចម្លើយថា តើមនុស្សដែលមានសុខភាពផ្លូវចិត្តរឹងមាំល្អឥតខ្ចោះមានលក្ខណៈបែបណា? តាមការសិក្សានេះ អាចឱ្យ Dr. Emily Anhalt ឈានដល់ការសន្និដ្ឋានចេញមកជា ៧ ចំណុចសំខាន់ៗ ដែលហៅថា 7 Traits of Emotional Fitness ដែលជួយអភិវឌ្ឍខួរក្បាល និងការគិតរបស់យើងឱ្យរឹងមាំឡើង។

១. Self-Awareness
Self-Awareness ឬការស្គាល់ខ្លួនឯង គឺជាសសរគ្រឹះសំខាន់បំផុតនៃសុខភាពផ្លូវចិត្ត។ អ្វីដែលយើងអាចធ្វើបាននោះ គឺការសង្កេត ពិចារណាលើគំនិត និងអារម្មណ៍របស់ខ្លួនជាប្រចាំ ដើម្បីដឹងថា ចំណុចណាខ្លះជាចំណុចរសើប ចំណុចណាខ្លះដែលងាយនឹងធ្វើឱ្យអារម្មណ៍របស់អ្នកមានប្រតិកម្ម និងចំណុចណាខ្លះដែលជាភាពខ្លាំងរបស់អ្នក។
២. Empathy
ហ្វឹកហាត់យកខ្លួនឯងទៅឈរនៅចំណុចរបស់អ្នកដទៃ ដើម្បីមានអារម្មណ៍ដូចអ្វីដែលមនុស្សម្នាក់នោះកំពុងជួបប្រទះ។ Dr. Emily Anhalt បានពន្យល់ថា ជាទូទៅយើងយល់ពីស្ថានភាពរបស់អ្នកដទៃតាមរយៈតែខួរក្បាលប៉ុណ្ណោះ ប៉ុន្តែមិនបានមានអារម្មណ៍រួមនឹងបុគ្គលនោះទេ។ ការណ៍នេះបានត្រឹមតែធ្វើឱ្យយើងអាណិតអាសូរ (Sympathy) មិនមែនជាការយល់ចិត្ត (Empathy) ឡើយ។
បើយើងចង់យល់ពីអ្នកដទៃបានល្អ យើងត្រូវចាប់ផ្តើមពីការហ៊ានប្រឈមមុខ និងទទួលយកអារម្មណ៍សោកសៅ ឬខឹងរបស់ខ្លួនឯងឱ្យបានជាមុនសិន។

៣. Mindfulness
ការអាចរក្សាស្មារតី និងអារម្មណ៍នៅចំពោះមុខហេតុការណ៍ជាក់ស្ដែង គឺជាដំណើរការមួយដែលជួយឱ្យអ្នកអាចរស់នៅជាមួយនឹងភាពមិនស្រណុកខាងផ្លូវអារម្មណ៍បានល្អជាងមុន។
សមត្ថភាពនេះនឹងជួយឱ្យអ្នកអាចអង្គុយពិភាក្សារឿងដែលស្មុគស្មាញ ឬអង្គុយដោះស្រាយបញ្ហាក្នុងស្ថានភាពដែលមានសម្ពាធបាន ដោយមិនព្យាយាមរត់គេច បោះបង់ ឬព្យាយាមបង្វែរអារម្មណ៍តានតឹង ដោយសកម្មភាពអវិជ្ជមានដូចជា ការទទួលទានគ្រឿងស្រវឹងជាដើម។
៤. Curiosity
នៅពេលដែលមាននរណាម្នាក់មករិះគន់ ឬស្ដីបន្ទោស សភាវគតិរបស់យើងតែងតែប្រញាប់ដោះសា ឬនិយាយការពារខ្លួនឯងវិញភ្លាមៗ។ ប៉ុន្តែអ្នកដែលមានផ្លូវចិត្តរឹងមាំនឹងប្រើប្រាស់ Curiosity ដែលជាការចង់ដឹងចង់ឮមកនាំផ្លូវ តាមរយៈការសួរត្រឡប់ឱ្យបុគ្គលម្នាក់ទៀតពន្យល់បន្ថែមពីបញ្ហា ដើម្បីទទួលយកព័ត៌មាន និងមើលបញ្ហាពីជ្រុងម្ខាងទៀត។
៥. Playfulness
ជីវិតមិនមែនត្រូវតែនឹងធឹង និងហ្មត់ចត់គ្រប់ពេលទេ។ ការចេះលេងសើចខ្លះ ក្នុងជីវិតប្រចាំថ្ងៃ នឹងជួយជំរុញដល់គំនិតច្នៃប្រតិដ្ឋ និងកាត់បន្ថយការថប់បារម្ភបានយ៉ាងល្អ។ ជាងនេះទៅទៀត ការសិក្សាក៏បានរកឃើញថា មនុស្សដែលលេងសើច ឬសប្បាយរីករាយជាប្រចាំ នឹងមានអាយុវែងជាងអ្នកផ្សេងទៀត។

៦. Resilience
ការចេះបត់បែនផ្លូវចិត្ត ឬ Resilience ដោយអាចងើបឡើងវិញ និងបោះជំហានទៅមុខបន្ត បន្ទាប់ពីជួបភាពបរាជ័យ ឬកំហុសឆ្គង ហើយចេះរៀនសូត្រពីបញ្ហានោះដើម្បីរីកចម្រើនទៅមុខ វាជារឿងដែលយើងត្រូវតែមាន។
៧. Communication
សមត្ថភាពក្នុងការរៀបរៀង និងនិយាយប្រាប់ពីតម្រូវការ អារម្មណ៍ ឬការរំពឹងទុករបស់ខ្លួនឯងឱ្យមនុស្សជុំវិញខ្លួនយល់បានយល់យ៉ាងសមរម្យ ដោយមិនប្រើអារម្មណ៍ ឬកំហឹងនាំមុខ ក៏ជារឿងសំខាន់ដូចគ្នា៕






















































Account
Security
Favourite Content