ស្នាមជ្រីវជ្រួញនឹងលេចឡើងនៅពេលដែលយើងមានអាយុកាន់តែច្រើន។ ប៉ុន្តែការបាត់បង់ជាតិខូឡាជែនក្នុងរាងកាយក៏ជាចំណែកមួយដែលធ្វើឱ្យស្បែកយើងឆាប់ឡើងស្នាមជ្រីវជ្រួញផងដែរ បើទោះបីជាមិនទាន់អាយុច្រើនក៏ដោយ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំនូវ ៥ វិធីថែរក្សាខូឡាជែនក្នុងខ្លួនដើម្បីឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ៖
១. ព្យាយាមកុំឱ្យត្រូវពន្លឺថ្ងៃ

កត្តាហានិភ័យមួយខ្ពស់បំផុតដែលអាចបំផ្លាញជាតិខូឡាជែនក្នុងខ្លួន និងធ្វើឱ្យស្បែកងាយជ្រីវជ្រួញគឺពន្លឺព្រះអាទិត្យ។ ជាពិសេសពន្លឺព្រះអាទិត្យចាប់ពីចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៤ រសៀលព្រោះក្នុងអំឡុងពេលនេះគឺមានកាំរស្មី UV ច្រើន។ ដូច្នេះប្រសិនបើចង់ ឬត្រូវចេញក្រៅ យើងគួរតែលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF 50+ ឬច្រើនជាងនេះ។ ជាមួយគ្នានេះដែរ វានឹងកាន់តែប្រសើរ ប្រសិនបើយើងលាបឡេនោះត្រង់ណាដែលអាចត្រូវពន្លឺថ្ងៃដូចជាមុខ ក ឬដៃជើងជាដើម។
២. ញ៉ាំអាហារសុខភាព

ចំពោះអាហារវិញមិនថាបន្លែ ត្រី ឬសាច់ទេ យើងគួរតែជ្រើសយកអាហារណាមួយដែលសម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះទៀត ប្រសិនបើគិតថារាងកាយមិនទាន់ទទួលបានសារធាតុចិញ្ចឹមពីអាហារគ្រប់គ្រាន់ទេ យើងក៏អាចលេបប្រភេទថ្នាំវីតាមីន (supplement) ដើម្បីបំពេញបន្ថែមបាន។ ប៉ុន្តអ្វីដែលយើងមិនត្រូវភ្លេចនោះគឺការទទួលទានទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីជួយស្បែកឱ្យកាន់តែមានសំណើម។
៣. ជៀសវាងគ្រឿងស្រវឹង កាហ្វេ និងភេសជ្ជៈកំប៉ុង

ក្រៅពីអាហារហើយ ភេសជ្ជៈក៏ជាកត្តាដែលយើងត្រូវប្រុងប្រយ័ត្នផងដែរ។ ចំណែកឯភេសជ្ជៈនេះទៀតសោតមានដូចជាគ្រឿងស្រវឹង កាហ្វេអ៊ីន និងភេសជ្ជៈប៉ូវកម្លាំងជាដើមគឺសុទ្ធតែធ្វើរាងកាយបាត់បង់ជាតិទឹក ស្បែកប្រែជាស្រអាប់ ថែមទាំងអាចប៉ះពាល់ដល់សុខភាពទៀតផង។
៤. ផ្ដល់សំណើមដល់ស្បែកជាប្រចាំ

ស្បែកស្ងួតក៏ជាកត្តាមួយដែលធ្វើឱ្យលេចឡើងនូវស្នាមជ្រីវជ្រួញដែរ។ ការថែទាំស្បែកដោយផ្ដល់សំណើមឱ្យបានគ្រប់គ្រាន់គឺរឿងចាំបាច់បំផុតក្នុងការរក្សាខូឡាជែនកុំឱ្យបាត់បង់។ ប៉ុន្តែអ្វីដែលត្រូវកត់ចំណាំគឺក្រែមផ្ដល់សំណើមមិនបានជួយបង្កើនកម្រិតខូឡាជែនឡើយ វាគ្រាន់តែជួយរក្សាប៉ុណ្ណោះ។ ដូច្នេះហើយទើបយើងត្រូវជ្រើសផលិតផលណាដែលមានទាំងមុខងារផ្ដល់សំណើម និងសារធាតុចិញ្ចឹមឱ្យត្រូវតាមប្រភេទស្បែកផងដែរ។
៥. ព្យាយាមនៅឆ្ងាយពីកន្លែងមានមនុស្សច្រើន និងផ្សែងបំពុល

ការនៅកន្លែងដែលមានមនុស្សច្រើន និងផ្សែងពុលដូចជាផ្សែងឡាន ផ្សែងម៉ូតូ លើដងផ្លូវ ឬតំបន់មានការសាងសង់ជាដើមគឺមិនមានផលល្អដល់ស្បែកនោះទេ។ ដោយសារតំបន់ទាំងនោះគឺសុទ្ធតែមានសារធាតុគីមីតូចៗដែលចូលទៅបំផ្លាញសារធាតុចិញ្ចឹមរបស់ស្បែករួមទាំងខូឡាជែនផងដែរ ជាហេតុបណ្ដាលឱ្យយើងឆាប់មានភាពជ្រីវជ្រួញ។ ប៉ុន្តែវាមិនមែនជាបញ្ហាឡើយ ប្រសិនបើយើងផ្ដោតទៅលើការលាងសម្អាតឱ្យបានត្រឹមត្រូវ ការប្រើប្រាស់ផលិតផលបំប៉នស្បែកឡើងវិញ ការកំណត់របបអាហារ និងការទទួលទានទឹកផងដែរ៕






















Account
Security
Favourite Content