ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទសំបូរព្រៃគុកក្នុងរដូវកាលបៃតងប្រៀបបីដូចជាឋានសួគ៌ផុសឡើងកណ្ដាលព្រៃធម្មជាតិ។ សម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទបុរាណដ៏ចំណាស់ល្អឯកមួយនេះ កំពុងទាក់ចិត្តទេសចរឱ្យចង់ទៅទស្សនាជាពិសេសក្នុងរដូវកាលនេះតែម្ដង។

រមណីយដ្ឋានប្រវត្តិសាស្ត្រនៃប្រាសាទសំបូរព្រៃគុកកំពុងបង្ហាញសម្រស់ដ៏ស្រស់ត្រកាលទាក់ភ្នែកទេសចរទាំងជាតិនិងអន្តរជាតិឱ្យរំភើបចិត្ត និងសម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ដ៏ល្អឯកមួយនេះ។ ប្រាង្គប្រាសាទដែលឈរបង្ហាញភាពរឹងមាំកណ្ដាលព្រៃព្រឹក្សាពណ៌បៃតងធម្មជាតិបានធ្វើឱ្យអ្នកទេសចរបានឃើញមានចិត្តជ្រួលជ្រើមចង់ទៅទស្សនាហោចណាស់ឱ្យបានម្ដងដែរ។
មិនត្រឹមមានសម្រស់ដ៏ល្អឯកប៉ុណ្ណោះទេប្រាសាទបុរាណដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សទី៧ ក្នុងគ.ស ៦១៦ ដល់ ៦៣៥ នាសម័យចេនឡា ក៏មានតឹកតាងប្រវត្តិសាស្ត្រជាច្រើន ដើម្បីជាការសិក្សា និងស្រាវជ្រាវផងដែរ។








រមណីយដ្ឋានសំបូរព្រៃគុក គឺជាអតីតរាជធានីចាស់មានឈ្មោះថា ឦសានបុរៈ ដែលពីសម័យដើមជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្ដោយស្ទឹងសែនមានចម្ងាយប្រហែល ២៨ គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។
ប្រាសាទសំបូរព្រៃគុកបានក្លាយជាតំបន់ប្រវត្តិសាស្ត្រទី៣ របស់កម្ពុជាដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ បន្ទាប់ពីប្រាសាទព្រះវិហារនិងប្រាសាទអង្គរវត្ត៕
រូបភាព ៖ ក្រសួងទេសចរណ៍

























Account
Security
Favourite Content