ករណីការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរម្យ ក្នុងប្រទេសថៃដែលមានប្លង់ និងរចនាប័ទ្មស្ទើរតែដូចនឹងប្រាសាទអង្គររបស់ប្រទេសកម្ពុជា កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទំនាក់ទំនងនិងសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូល ព័ត៌មានបន្ថែម។ ពេលនោះព្រះចៅអធិការវត្តខាងលើ បានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
យ៉ាងណាមិញនៅពេលនេះ បណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ក្នុងប្រទេសកម្ពុជា បានបង្ហាញពីការវិវត្តន៍ នៃការសាងសង់ប្រាសាទខាងលើ គឺមានរូបរាង និងប្លង់កាន់តែដូចទៅនឹងប្រាសាទអង្គររបស់កម្ពុជា ដែលផ្ទុយស្រឡះពីការអះអាងរបស់លោកឪដែលជាព្រះចៅអធិការវត្តខាងលើនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ AMS-Infotainment បានធ្វើការទំនាក់ទំនងទៅកាន់ឯកឧត្ដម ស៊ុំ ម៉ាប់ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបំភ្លឺករណីនេះ ប៉ុន្តែលោកបានតបមកវិញយ៉ាងខ្លីថា «អ្នកជំនាញនឹងផ្ដល់ព័ត៌មានជូន»។ ដូច្នេះមានតែរង់ចាំមើលថាតើ ក្រសួងវប្បធម៌ នឹងមានចំណាត់ការបែបណាបន្តទៀត ចំពោះការសាងសង់ប្រាសាទថ្មមួយនេះ ព្រោះប្រជាជនកម្ពុជាហាក់មិនពេញចិត្ត និងគាំទ្រឱ្យមានការលួចចម្លងបែបនេះឡើយ។
យ៉ាងណាមិញ តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទថ្ម ក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែក ស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានកន្លងមក របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕