រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ស្នើឲ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។



ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក។
បន្ថែមលើនេះ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងមកដែលពេលនោះលោកជំទាវបានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ព្រោះការណ៍នេះគឺជាសកម្មភាពខ្វះខាតក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។



ជាចុងបញ្ចប់ កម្ពុជាអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម។ គួរឱ្យដឹងថា នេះជាការស្នើជាថ្មីម្តងទៀតរបស់កម្ពុជា ក្រោយពេលដែលថៃបានសង់ប្រាសាទដែលមានឈ្មោះថា «សីហនគរ» ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលបានចម្លងតាមគំរូប្រាសាទអង្គរវត្តរបស់ខ្មែរ៕
រូបភាព ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ






















































Account
Security
Favourite Content