ដ្បិតមីកញ្ចប់ជាអាហារពេញនិយម និងងាយស្រួលទទួលទានក៏ពិតមែន តែជាញឹកញយ តែងត្រូវបានអ្នកជំនាញហាមឃាត់មិនឱ្យទទួលទានច្រើន ព្រោះវាសម្បូរទៅដោយជាតិម្សៅ ខ្លាញ់ និងសូដ្យូម ដែលអាចជះផលអវិជ្ជមានដល់សុខភាព។
យ៉ាងណាមិញ សារព័ត៌មាន The Korea Times បានចងក្រងការណែនាំរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភថា ការបន្ថែមគ្រឿងផ្សំមួយចំនួននៅពេលដែលទទួលទានមីកញ្ចប់ អាចជាជម្រើសល្អ និងមិនសូវប៉ះពាល់ដល់សុខភាព ដូចការទទួលទានមីកញ្ចប់តែឯង។
តៅហ៊ូ និងស៊ុត

ការបន្ថែមតៅហ៊ូចូលទៅក្នុងមីកញ្ចប់មិនត្រឹមតែជាការបន្ថែមរសជាតិប៉ុណ្ណោះទេ តែក៏ជាជំនួយដល់សុខភាពមួយផ្នែកដែរ។ មានគ្រឿងផ្សំគោលពីសណ្ដែកសៀង តៅហ៊ូមានជាតិកាកសរសៃខ្ពស់ និង Isoflavones ដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ថែមទាំងសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូ ជាតិដែក និងកាល់ស្យូមដែលអាចជួយដល់សុខភាពឆ្អឹងដូចគ្នា។ បន្ថែមពីនេះ ការថែមតៅហ៊ូចូលទៅក្នុងចានមីកញ្ចប់ នឹងជួយឱ្យអ្នកឆាប់ឆ្អែតជាងមុន កាត់បន្ថយការទទួលទានសសៃមីច្រើន។
ដោយឡែកគ្រឿងផ្សំដ៏ពេញនិយម ដូចជាពពួកស៊ុតក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរ ព្រោះតែស៊ុតមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ដែលធ្វើឱ្យអ្នកឆ្អែតបានយូរជាងមុន និងជាជំនួយដល់សាច់ដុំ។
សណ្ដែកបណ្ដុះ

នៅក្នុងប្រទេសកម្ពុជា សណ្ដែកបណ្ដុះជាគ្រឿងផ្សំដ៏ពេញនិយមស្រាប់ទៅហើយសម្រាប់ស៊ុបគុយទាវ តែការបន្ថែមបន្លែមួយប្រភេទនេះចូលក្នុងចានមីកញ្ចប់ក៏អាចជួយសុខភាពរបស់អ្នកបរិភោគដូចគ្នា។
សណ្ដែកបណ្ដុះជាបន្លែដែលមានកាឡូរីទាប តែសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន K ជាតិដែក និងកាកសរសៃដែលជួយដល់ការរំលាយអាហារ។ ក្រៅពីនេះ សណ្ដែកបណ្ដុះក៏មានផ្ទុកទៅដោយអាស៊ីត Aspartic ដែលអាចជួយសម្រួលអាការមិនស្រួលខ្លួន ក្រោយពីស្រវឹងបានផងដែរ។
អម្បូរខ្ទឹម

ស្លឹកខ្ទឹម ខ្ទឹមបារាំង ខ្ទឹមស និងគូឆាយ អាចជួយកាត់បន្ថយជាតិខ្លាញ់ និងកាត់បន្ថយកូឡេស្តេរ៉ុលនៅក្នុងមីកញ្ចប់បានយ៉ាងមានប្រសិទ្ធភាព។ បន្លែប្រភេទនេះ ក៏មានផ្ទុកនូវសារជាតិ Allicin ដែលជាជំនួយដល់សុខភាពសរសៃឈាម និងការពារសារពាង្គកាយពីការរលាកផ្សេងៗ។
តាមរយៈការកាត់បន្ថយសរសៃមី បន្ថែមជាតិកាកសរសៃ និងប្រូតេអ៊ីននៅពេលញ៉ាំមីកញ្ចប់ ជាវិធីសាស្រ្តម៉្យាងដែលជួយឱ្យអ្នករីករាយនឹងម្ហូបដែលអ្នកចូលចិត្តបាន ដោយមិនមានអារម្មណ៍ថា ខុសនឹងសុខភាព។ យ៉ាងណាមិញ អ្នកជំនាញក៏ណែនាំបន្ថែមដែរថា អ្នកមិនគួរបរិភោគទឹកស៊ុបច្រើនពេកនោះទេ ព្រោះទឹកស៊ុបដែលបានពីអំបិលមី ច្រើនតែមានជាតិសូដ្យូម និងខ្លាញ់ខ្ពស់៕


























Account
Security
Favourite Content