កេសរកូល «ព្រះទ្រហឹង» ជាប្រភេទកេសរកូលធំជាងគេលើសកលលោក កំពុងតែរីកជាលើកទី៣ នៅ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។ កេសរកូល «ព្រះទ្រហឹង» ៥ទងកំពុងរីក ហើយ កេសរកូលប្រភេទនេះ កម្រចេញផ្កាណាស់។ ជាធម្មតាផ្ការបស់វា អាចរីកបានរយៈពេលពី ២-៣ ខែ។


កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជាកេសរកូលធំជាងគេលើសកលលោក។ វាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ដែលយើងធ្លាប់បានជួបប្រទះដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។
គេហៅកំណត់ថា វាធំជាងគេលើសកលលោក ព្រោះតាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទម្ងន់រហូតដល់ទៅ ២តោន ក្នុងមួយគុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ ម៉ែត្រ ទៅ៣ម៉ែត្រ និងមានទងផ្កាអាចប្រវែង ២ ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ ៧ ០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កា អាចមានផ្កាចាប់ពី ៨០ ទៅ ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី ២ ទៅ ៣ខែ។


កេសរកូល «ព្រះទ្រហឹង» ត្រូវបានយកមកដំានៅក្នុងសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាលើកទី១នៅខែមេសា និងឧសភា ឆ្នាំ ២០២១ មាន ១ ទងផ្កា, លើកទី ២ នៅខែមេសា ឆ្នាំ ២០២៤ មាន ១ ទងផ្កា និងបច្ចុប្បន្ន គឺខែមេសា ឆ្នាំ ២០២៥ នេះ កេសរកូល «ព្រះទ្រហឹង» បាន និងកំពុងចេញផ្កាជាលើកទី៣ ដែលមានចំនួនរហូតដល់ទៅ ៥ ទងផ្កា។
នេះបានបញ្ជាក់ថាសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានបង្កើតជាមជ្ឈដ្ឋានសមស្រប សម្រាប់ការរស់នៅរបស់កេសរកូលព្រៃប្រភេទនេះ៕








រូបភាព៖ មន្ទីរបរិស្ថានខេត្តសៀមរាប


























Account
Security
Favourite Content