តាមរយៈការឱ្យដឹងនៅលើផេកក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២១ មីនា ២០២៥ នេះ បណ្ដាភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកបាននាំគ្នាសម្រុកទៅខេត្តសៀមរាបដើម្បីផ្ដិតយកទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលព្រឹត្តិការណ៍កម្រមួយនេះកើតឡើងតែ២ ដងប៉ុណ្ណោះក្នុងរយៈពេល១ ឆ្នាំ។

តាមការឱ្យដឹងបន្ថែមនៅលើផេកផ្លូវការខាងលើ ព្រឹត្តិការណ៍ សមរាត្រី នៅសល់២ ថ្ងៃទៀតគឺនៅវេលាពេលព្រឹកថ្ងៃ ២២ និង ២៣ ស្អែកនេះ។ ដូចនេះសម្រាប់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកដែលមានបំណងចង់ផ្ដិតយកនូវទស្សនីយភាពដ៏អស្ចារ្យ និងកម្រមួយនេះអាចធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាដោយផ្ទាល់បាន។
ពិតណាស់ សមរាត្រី ជាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលកើតមានឡើងតែ២ ដងប៉ុណ្ណោះក្នុង១ឆ្នាំ លើកទី១ គឺនៅក្នុងខែមីនា ចាប់ពីថ្ងៃទី ២១ដល់ ២៣ ត្រូវបានហៅថា សមរាត្រី រដូវប្រាំង (Vernal Equinox) និងលើកទី២ សមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ចាប់ពីថ្ងៃ ២១ដល់ ២៣ ដូចគ្នា។




ព្រឹត្តិការណ៍ សមរាត្រី (Equinox) ត្រូវបានអ្នកស្រាវជ្រាវរកឃើញថាមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា។ ព្រឹត្តិការណ៍ដ៏កម្រមួយនេះត្រូវបានអ្នកទេសចរទាំងក្នុង និងក្រៅស្រុកចាប់អារម្មណ៍ក្នុងការមកទស្សនាដោយផ្ទាល់និងសិក្សាស្វែងយល់ពីបាតុភូតដ៏អស្ចារ្យមួយនេះ៕
ប្រភពរូបភាព៖ Khema


























Account
Security
Favourite Content