សម្រាប់អ្នកដែលមានដំណើរកម្សាន្តនាថ្ងៃចុងសប្ដាហ៍ មិនគួរមើលរំលងឆ្នេរអង្កោលដែលមានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើនិយាយពីស្ថានភាពផ្លូវតាមឆ្នេរ និងទេសភាពវិញ ស្រស់បំព្រងស័ក្តិសមចំពោះអ្នកចង់ទៅបន្ធូរអារម្មណ៍អារម្មណ៍តានតឹង។
ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធមួយកន្លែង ដែលមានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីក្រុងកែប ដោយធ្វើដំណើរប្រហែល ២៥ នាទីប៉ុណ្ណោះ។ បើតាមរូបភាពថ្មីៗបំផុតនេះ គឺថាការរៀបចំតូបលក់ដូរ កញ្ចុះសម្រាប់ញ៉ាំអាហារក៏សមរម្យ ដើមដូងខ្ពស់ទាបនៅពីមាត់ឆ្នេរ រឹតតែបង្កភាពងាយស្រួលដល់អ្នកដំណើរថែមទៀត។
បើធ្វើដំណើរទៅកម្សាន្តចំថ្ងៃមេឃស្រឡះ អ្នកអាចសំដិលថ្ងៃ ទទួលយកវីតាមីន D ពីពន្លឺព្រះអាទិត្យ ល្អទាំងសុខភាពផ្លូវកាយ និងជួយឲ្យអារម្មណ៍ធូរស្បើយពីការរំខាន និងហត់នឿយទាំងអស់។
យើងអាចគយគន់ទេសភាពនៅតាមផ្លូវនោះ ឃើញទាំងសមុទ្រ និងភ្នំ កោះមើលទៅស្រស់ត្រកាល ព្រមទាំងមានព្រៃកោងកាង និងព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិ ឃើញធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ មួយវិញទៀតឆ្នេរនោះក៏ជាកន្លែងពេញនិយមសម្រាប់អ្នកបោះតង់ ស្ទូចត្រីផងដែរ ហើយយប់ឡើងអ្នកគេងមើលផ្កាយបានទៀត។ អាជ្ញាធរបានរៀបចំធុងសំរាមច្រើន ងាយស្រួលក្នុងការទុកដាក់ និងមិនបង្កឲ្យមានសំរាមរាយប៉ាយពាសពេញផ្លូវ៕