សៀមរាបគឺជាគោលដៅទេសចរណ៍ សម្រាប់ដំណើរកម្សាន្តទស្សនាប្រាង្គប្រាសាទនានា ប៉ុន្តែបច្ចុប្បន្ននេះ មានកន្លែងកម្សាន្តជាច្រើន ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ទៅកាន់ខេត្តមួយនេះ។
ប្រសិនបើបានទៅកម្សាន្ត នាទឹកដីខេត្តសៀមរាបហើយ ភ្ញៀវទេសចរគ្រប់រូប មិនគួររំលងសួនកម្សាន្ត គ្រប់ដណ្ដប់ដោយផ្កាស្អាតៗជាច្រើនប្រភេទ លើផ្ទៃដីរាប់ហិចតា Angkor Wonder Garden ឡើយ។ នៅទីនេះ មានការតុបតែងប្លែកៗ មានរូបសំណាក់ធំៗ ប្លែកភ្នែក ពិសេសនោះ គឺមានផ្កាចម្រុះពណ៌ឆើតឆាយ បើបានទៅដល់ហើយ នឹងស្រស់ស្រាយប្លែកអារម្មណ៍។ អ្នកដែលចូលចិត្តថតរូបកម្សាន្ត នៅទីនេះ គឺមិនខ្វះប្លង់ស្អាតៗនោះឡើយ ជាពិសេសអ្នកបង្កើតមាតិកាដែលចង់បាន Background ស្អាតៗមកសួនមួយនេះ គឺត្រូវម៉ាច់តែម្ដង។
Angkor Wonder Garden មានទីតាំង ភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ផ្លូវចូលទល់មុខសាលាឃុំខ្ចាស់ ចូលទៅក្នុងប្រហែល 600ម៉ែត្រ។ សួនមួយនេះ បើកដំណើរការជារៀងរាល់ថ្ងៃ ចំពោះភ្ញៀវចង់ចូលទស្សនា ថតរូប ថតវីដេអូ កម្សាន្តអារម្មណ៍ គឺតម្រូវឱ្យទិញសំបុត្រ៕