ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះគឺជាខួប ៩ ឆ្នាំហើយដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលបានរៀបចំឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ផ្អែកតាមអាជ្ញាធរជាតិសំបូរព្រៃគុក លក្ខណៈពិសេសបីយ៉ាង ដែលនាំឱ្យការសម្រេចដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោក រួមមាន ទី១៖តម្លៃលេចធ្លោជាសាកល ទី២៖ការរក្សាបាននូវបុរាណភាព និងទី៣៖សភាពដើមរបស់ប្រាសាទ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុងចន្លោះចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណខ្មែរមួយនេះ បានកត់ត្រាក្នុងសៀវភៅកំណត់ត្រារបស់បេសកជនចិនជាលើកដំបូងក្នុងសន្តតិវង្សថាង នាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ នៅសម័យកាលនោះ ព្រះរាជាមានអំណាចគ្រប់គ្រងលើអាណាចក្រខ្មែរទាំងមូល រួមទាំងភាគខាងត្បូងប្រទេសឡាវ និងប្រទេសថៃបច្ចុប្បន្ន។
សំណង់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ គឺស្ថិតក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សព្វថ្ងៃមានជាអាទិ៍៖ ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់ទាំងនោះ បានឆ្លុះបញ្ចាំងអំពីដំណាក់កាលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។

សំណង់ស្ថាបត្យកម្ម និងសិល្បៈបានបង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវវប្បធម៌ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរនៃការទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវលក្ខណៈឯកនៃវប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃចម្លាក់នៅលើតួប្រាសាទរាង៨ជ្រុង ដែលអ្នកស្រាវជ្រាវហៅថាប្រាសាទអណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុងសិល្បៈខ្មែរ។ រមណីយដ្ឋាននេះ បានស្ថាបនាឡើងជាបន្តបន្ទាប់អស់រយៈពេលប្រហែល៥០០ឆ្នាំ ដែលរំលេចឲ្យឃើញតួប្រាសាទ បដិមា និងស្នាដៃសិល្បៈជាច្រើនស្ថិតនៅកណ្តាលព្រៃ ជិតក្រុងកំពង់ធំ ប្រហែលពាក់កណ្តាលផ្លូវពីភ្នំពេញទៅសៀមរាប។
តាមលក្ខណៈស្ថាបត្យកម្មនៃក្រុមប្រាសាទទាំងនោះ សំបូរព្រៃគុកមានវឌ្ឍនភាពឡើងក្នុងរាជព្រះបាទឦសានវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ចិត្រាសេន។ ក្នុងរាជ្យរបស់ព្រះអង្គ សំណង់សាសនាជាច្រើនត្រូវបានស្ថាបនាឡើង។ សំណង់សាសនាទាំងនោះ ជាស្នាដៃឯកដ៏វិចិត្រនៃសិល្បៈខ្មែរសម័យមុនអង្គររួមមាន៖ ចម្លាក់ក្រឡោតលើឥដ្ឋ តួប្រាសាទឥដ្ឋរាង៨ជ្រុង ចម្លាក់លើកំបោរបាយអរ និងចម្លាក់ក្រឡោតក្នុងក្បាច់មេដាយ។
វិសាលភាពនៃសំណង់រក្សាទឹក ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីសារសំខាន់របស់រាជធានី និងពីសមិទ្ធផលបច្ចេកវិទ្យារបស់ស្ថាបត្យករ និងវិស្វករនាសម័យនោះ។ ទោះបីដូច្នោះក្តី ក៏មានប្រាសាទខ្លះត្រូវបានកសាងឡើងមុនរាជព្រះអង្គ ដូចជាក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័នទី១ មហេន្ទ្រវរ្ម័ន និងភវវរ្ម័នទី២ ដែលជាញ្ញាតិសន្តានរាជវង្ស។


ទោះបីជាមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សទី៩ក៏ដោយ ក៏សំបូរព្រៃគុកនៅជាមណ្ឌលសំខាន់មួយនៅសម័យអង្គរ ដោយមានការកសាងសំណង់សាសនាបន្ថែម និងជួសជុលសំណង់ចាស់ៗពីមុន។ ភស្តុតាងទាំងនោះ ត្រូវបានរកឃើញលើក្បាច់លម្អនៅប្រាសាទតោ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្រុមប្រាសាទសំបូរ ដែលមានសិលាចារឹកក្នុងរាជ្យរបស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ នៅសតវត្សទី១០ និងសិលាចារឹកនៅក្រុមប្រាសាទរបងរមាសចារក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ្ម័នទី១។ មិនតែប៉ុណ្ណោះ តាមរយ:ការស្រាវជ្រាវកំណាយបុរាណវិទ្យា គេក៏ប្រទះឃើញនូវសំណល់បុរាណវត្ថុជាច្រើនដែលស្ថិតក្នុងសម័យក្រោយអង្គរផងដែរ។
រមណីយដ្ឋានសំបូរព្រៃគុក ជាប្រភពពត៌មានដ៏សំខាន់នៃប្រវត្តិសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៏ និងជាមណ្ឌលសាសនាដ៏សំខាន់នាអំឡុងពាក់កណ្តាលសហវត្សទី១នៃគ្រឹស្តសករាជ។ សិលាចារឹកនិងសំណល់បុរាណវិទ្យាទាំងឡាយបានផ្តល់នូវការយល់ដឹងទាក់ទងទៅនឹងសម័យកាលដ៏សំខាន់នេះ មុនការកកើតឡើងនៃអាណាចក្រខ្មែរនាសម័យអង្គរ។ នៅចន្លោះសតវត្សទី១១ ដល់ចុងសតវត្សទី១៩ មានពត៌មានតិចតួចណាស់អំពីតួនាទី និងសារសំខាន់នៃប្រាសាទសំបូរ ដែលជាអតីតរាជធានី ទីកន្លែងប្រតិបត្តិសាសនា និងកសិកម្ម។ ចំណែកសំណង់លំនៅដ្ឋានទាំងឡាយនាសម័យបុរាណបានបាត់បង់រូបរាងទាំងស្រុង បន្សល់ទុកតែប្រាង្គប្រាសាទ ទិដ្ឋភាពទេសភាព និងសំណង់រក្សាទឹកតែប៉ុណ្ណោះជាភស្តុតាង។
នាសម័យសង្គ្រាម រមណីយដ្ឋានសំបូរព្រៃគុកបានទទួលរងការខូចខាតដោយការវាយប្រយុទ្ធ និងកង្វះការថែទាំ។ រហូតដល់ឆ្នាំ១៩៩២ រាជរដ្ឋាភិបាលបានគ្រប់គ្រងតំបន់នេះឡើងវិញ បន្ទាប់មកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានចាប់ផ្តើមគិតគូរ សិក្សា និងអភិរក្សរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឡើងវិញ។ កិច្ចការថែទាំ និងអភិរក្សរមណីយដ្ឋាននាពេលនោះនៅមានកម្រិត ដោយសារថវិកាជាតិស្តួចស្តើង និងកង្វះខាតអ្នកឯកទេសគ្រប់ផ្នែក ដូចជាអ្នកអភិរក្ស អ្នកជំនាញជួសជុល ព្រមទាំងអ្នកចាត់ចែង និងគ្រប់គ្រងរមណីយដ្ឋានប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន តួប្រាសាទទាំងឡាយ ទេសភាពវប្បធម៌ និងទេសភាពធម្មជាតិនៅក្នុងតំបន់រមណីដ្ឋានដ៏ធំទូលាយនេះ កំពុងបើកទ្វារទទួលភ្ញៀវទេសចរ និងអ្នកឯកទេសនានាចូលទស្សនា និងធ្វើការសិក្សាស្រាវជ្រាវទាំងប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿសាសនា ៕




ផែនទីទីតាំង៖
📍https://maps.app.goo.gl/Pj1AQyBWYWyFoWHS6?g_st=ipc
រូបថត៖ ជួន ភិរម្យ –Influencers MLMUPC

























Account
Security
Favourite Content