ប្រាសាទ តាកែវ បានធ្វើឱ្យអ្នកស្រាវជ្រាវ និងទេសចរមិនតិចច្របូកច្របល់ឆ្ងល់ក្នុងចិត្តថាហេតុអ្វីបានជាប្រាសាទបុរាណមួយនេះគ្មានក្បូរក្បាច់ចម្លាក់ពេញលេញដូចប្រាសាទដ៏ទៃ ត្បិតជាសំណង់ប្រណិតមួយក្នុងសម័យអង្គរដែរនោះ។

ទាក់ទង ប្រាសាទដែលកសាងមិនទាន់រួចមានអាថ៌កំបាំងខ្លះដែលផ្អែកលើការស្រាវជ្រាវមានការលើកឡើងជាទ្រឹស្ដី ក្រោមហេតុផលចម្បង ៣ នេះ ។
ទី១៖ យោងតាមភស្តុតាងនៅក្នុងសិលាចារឹកបានបញ្ជាក់ថា នៅពេលដែលកំពុងដំណើរការសាងសង់ មានហេតុការណ៍រន្ទះបាញ់ចំប្រាសាទ។ នៅក្នុងផ្នត់គំនិតបុរាណ ការណ៍នេះត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ ឬជាការខឹងសម្បារពីទេវតា ទើបការកសាងត្រូវបានផ្អាក និងកាត់បន្ថយសកម្មភាព។
ទី២៖ ប្រាសាទនេះសាងសង់ឡើងដោយ ថ្មភក់ពណ៌បៃតងក្រម៉ៅ (Greyish-green Sandstone) ដែលមានសាច់រឹងខ្លាំងខុសពីថ្មភក់នៅប្រាសាទដទៃ។ ភាពរឹងនៃលក្ខណៈរូបវន្តរបស់ថ្មនេះ បានបង្កជាឧបសគ្គយ៉ាងខ្លាំងដល់ជាងចម្លាក់ក្នុងការដាប់ឆ្លាក់ក្បូរក្បាច់ឱ្យបានល្អិតល្អន់។
ទី៣. សង្គ្រាមដណ្ដើមរាជ្យ និងអស្ថិរភាពនយោបាយនៅចុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ រហូតដល់ការឡើងគ្រងរាជ្យរបស់ព្រះបាទសូរ្យវម៌្មទី១ អាចជាកត្តាខ្វះខាតកម្លាំងពលកម្មនិងធនធាន ដែលធ្វើឱ្យគម្រោងស្ថាបត្យកម្មដ៏មហិមានេះត្រូវកាត់ផ្ដាច់។
ទោះបីជាខកខានក្នុងការដាប់ឆ្លាក់ចម្លាក់ឱ្យបានរួចរាល់ក៏ដោយ ចំពោះតម្លៃបេតិកភណ្ឌ និងការអភិរក្ស ប្រាសាទតាកែវគឺជាសក្ខីភាពដ៏វិសេសវិសាល នៃបច្ចេកវិទ្យាវិស្វកម្ម ភាពអត់ធ្មត់ និងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរ ក្នុងការរៀបចំលំដាប់លំដោយដុំថ្មធំៗរាប់ម៉ឺនដុំឱ្យមានលំនឹង និងភាពរឹងមាំបំផុត។ ជាងនេះទៅទៀត វាប្រៀបជា «ឯកសារណែនាំ» ដ៏សំខាន់សម្រាប់អ្នកបុរាណវិទ្យា ស្ថាបត្យករ និងវិស្វករ ក្នុងការសិក្សាអំពីរចនាសម្ព័ន្ធសំណង់ និងដំណាក់កាលនៃការសាងសង់ប្រាសាទបុរាណ ចាប់តាំងពីការរៀបដុំថ្មទទេ រហូតដល់ការរៀបចំផ្ទៃសម្រាប់ឆ្លាក់។

















ប្រាសាទតាកែវ គឺជាសមិទ្ធផលស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិអង្គរ។ ប្រាសាទនេះមានលក្ខណៈពិសេសប្លែកពីគេ ដោយសារវាជា «ប្រាសាទភ្នំ» សាងសង់ឡើងអំពីថ្មភក់ដ៏ធំស្កឹមស្កៃ មានកម្ពស់៥ថ្នាក់ តំណាងឱ្យភ្នំព្រះសុមេរុ ។
ផ្អែកលើមូលដ្ឋានសិលាចារឹក ប្រាសាទតាកែវមានឈ្មោះដើមថា «ហេមស្រឹង្គគិរី» (Hemaśṛṅgagiri) ដែលមានន័យថា «ភ្នំដែលមានកំពូលមាស»។ ការសាងសង់ត្រូវបានចាប់ផ្តើមឡើងនៅចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ (គ.ស. ៩៦៨-១០០១) ស្ថិតក្នុងអន្តរកាលរវាងរចនាបថប្រែរូប និងរចនាបថឃ្លាំង ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ នៃព្រហ្មញ្ញសាសនា។ ក្រោយពេលព្រះបាទជ័យវម៌្មទី៥ សោយទិវង្គត ការសាងសង់ត្រូវបានបន្តដោយព្រះមហាក្សត្របន្ទាប់គឺ ព្រះបាទជយវីរវម៌្ម និងព្រះបាទសូរ្យវម៌្មទី១ ប៉ុន្តែទោះជាឆ្លងកាត់បីរជ្ជកាលក៏ដោយ ក៏មហាសំណង់មួយនេះនៅតែមិនទាន់បានបញ្ចប់ជាស្ថាពររហូតមកដល់សព្វថ្ងៃ។
មហាសំណង់បុរាណមួយនេះមានទីតាំងនៅខាងកើតនៃក្រុងអង្គរធំ ក្បែរខ្លោងទ្វារជ័យ និងស្ថិតនៅចំទិសខាងលិចនៃបារាយណ៍ខាងកើត។ ក្នុងទម្រង់ជាប្រាសាទភ្នំ ក្តីចំនួន៥ ផ្ដុំគ្នានៅលើថ្នាក់ខ្ពស់បំផុត (ថ្នាក់ទី៥) ដោយសាងឡើងលើខឿនតែមួយ មានលក្ខណៈស្មើភាពគ្នា ដែលជានិមិត្តរូបនៃកំពូលទាំង៥ នៃភ្នំព្រះសុមេរុ ដែលជាមណ្ឌលនៃចក្រវាឡក្នុងប្រព័ន្ធលោកធាតុវិទ្យា៕
រូបភាព ៖ អាជ្ញាធរជាតិអប្សរា























Account
Security
Favourite Content