ដំណឹងល្អសម្រាប់ទេសចរដែលទៅលេងលេងកម្សាន្តក្នុងខេត្តសៀមរាបកុំភ្លេចឆៀងចូលទស្សនាពិព័រណ៍សម្លៀកបំពាក់បុរាណដែលជាកេរ្តិ៍ដំណែលដូនតាបានបន្សល់ទុកតាំងពីយូរលង់នៅឯសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។

តាមរយៈការជូនដំណឹងលើផេកផ្លូវការ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា សារមន្ទីរមានការដាក់តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ដែលរួមមាន៖ សម្លៀកបំពាក់ព្រះរាជា អគ្គមហេសី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ រយៈពេល៣ខែចាប់ពីថ្ងៃទី ១៩ សីហា ២០២៦ ដល់ថ្ងៃទី១៩ វិច្ឆិកា ២០២៦។ សម្រាប់ការតាំងពិព័រណ៍បើកជូនទស្សនាសេរីដោយគិតតម្លៃជូនភ្ញៀវខ្មែរត្រឹម ១ពាន់រៀល ក្នុងម្នាក់ និងម្នាក់ភ្ញៀវបរទេស ៣ដុល្លា ក្នុងម្នាក់។ រីឯព្រះសង្ឃ និងកុមារក្រោមអាយុ ១២ ឆ្នាំ (ទាំង២ភេទ) អាចចូលទស្សនាដោយឥតគិតថ្លៃ។ ជាពិសេស ក៏មានមគ្គុទ្ទេសក៍រង់ចាំអធិប្បាយជូនដោយឥតគិតថ្លៃផងដែរ។
គួរឱ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីជាសារមន្ទីរតែមួយគាត់នៅកម្ពុជា ដែលមានការតាំងបង្ហាញពិព័រណ៍ទាក់ទងវិស័យវាយនភណ្ឌជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលមានដូចជា៖ សូត្រខ្មែរ, ហូលខ្មែរ, ហូលពិតាន, ចរបាប់, ផាមួង, អន្លូញ, ក្រណាត់កប្បាស, សសៃឈូក, កីតម្បាញ, របៀបត្បាញសូត្រ, សម្ភារៈតម្បាញ, ការជ្រលក់ពណ៌សូត្រ, ការចងក្រឡាគោម, សម្លៀកបំពាក់ខ្មែរ ឥណ្ឌា ឡាវ វៀតណាម មីយ៉ាន់ម៉ា, ស៊ឹងឡាវ, គំនូរលើក្រណាត់, បោះត្រាលើក្រណាត់, ប៉ាក់ អំបោះធ្វើពីសំបក, សម្លៀកបំពាក់បុរាណ និងសហសម័យ។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕
ទីតាំង៖ https://maps.app.goo.gl/JeJfoSEUsc8AYGef8






ប្រភព ៖ MGC Asian Traditional Textiles Museum




















































Account
Security
Favourite Content