កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ Julien’s Auction បានរៀបចំកម្មវិធីដេញថ្លៃ Whitney E. Houston Legacy Foundation ដើម្បីវៃអង្គាសថវិកាចូលរួមមូលនិធិ ក្នុងគោលបំណងផ្ដល់អាហារូបករណ៍ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត ដល់យុវជនដែលចាប់អារម្មណ៍លើវិស័យសិល្បៈ។




កម្មវិធីខាងលើនេះ បាននាំយកសម្លៀកបំពាក់ និងរបស់របរផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីចំនួន ២៥ មុខ មកដាក់ដេញថ្លៃ ប្រមូលបានប្រាក់សរុបចំនួន ២០៦ ៤០០ ដុល្លារអាមេរិក។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលដេញថ្លៃបានតម្លៃខ្ពស់បំផុត ពោលគឺរហូតដល់ទៅ ២២ ៤០០ ដុល្លារអាមេរិក គឺជាអាវ FIFA World Cup ឆ្នាំ ១៩៩៤ និងឈុតឆ្មារខ្មៅរចនាដោយ Marc Bouwer ដែលតារាស្រីបានពាក់នៅក្នុងកម្មវិធី I’m Your Baby Tonight ឆ្នាំ ១៩៩១ នៅឯទីក្រុងញូវយ៉ក។
បន្ថែមពីនេះ ឈុតពណ៌បៃតងពីកម្មវិធីប្រគំតន្ត្រី Welcome Home Heroes ឆ្នាំ ១៩៩១ និងឈុតពណ៌លឿងដែល Whitney Houston បានពាក់ចូលរួមក្នុងកម្មវិធី Dancing With the Stars ឆ្នាំ ២០០៩ និងរ៉ូបស្បែកខ្លា សម្រាប់កម្មវិធីជប់លៀង Grammy ក៏បានលក់ចេញក្នុងតម្លៃរៀងគ្នា ពី ១៦ ០០០ដុល្លារ ១២ ៨០០ដុល្លារ និង ១១ ៥២០ ដុល្លារអាមេរិកផងដែរ។




ក្រៅពីនេះ ក៏នៅមានវិញ្ញាបនបត្រ RIAA លំដាប់ផ្លាទីន ដែលបញ្ជាក់ពីភាពពេញនិយមនៃអាល់ប៊ុម The Bodyguard ឆ្នាំ ១៩៩២ ដែលជាអាល់ប៊ុមនាំយកប្រជាប្រិយភាពឱ្យ Whitney Houston ជាមួយនឹងពានរង្វាន់ Grammy ចំនួន ៨ ព្រមនាមជាអាល់ប៊ុមចម្រៀងប្រកបភាពយន្តដែលលក់ដាច់បំផុតមិនធ្លាប់មាន និងជាអាល់ប៊ុមពីសិល្បករស្រីដែលលក់ដាច់បំផុត ដោយវិញ្ញាបនបត្របន្ទះនេះបានលក់ចេញក្នុងតម្លៃ ១៦ ០០០ ដុល្លារអាមេរិក ខ្ពស់ជាងតម្លៃប៉ាន់ស្មានដល់ទៅ ៨ដង។
ដ្បិត បានលាចាកលោកតាំងតែពីឆ្នាំ ២០១២ ក្នុងវ័យ ៤៨ឆ្នាំ តែ Whitney Houston នៅតែមានកេរ្តិ៍ឈ្មោះបោះសំឡេងមិនឈប់ឈរ។ ជាក់ស្ដែងក្នុងឆ្នាំនៃមរណភាពនោះ Billboard ក៏បានប្រគល់ពានរង្វាន់ Billboard Millennium Award ទៅដល់ក្រុមគ្រួសាររបស់តារាស្រី ខណៈថ្ងៃទី៩ ខែសីហានេះ ត្រូវនឹងថ្ងៃកំណើតរបស់លោកស្រីតែម្ដង ក៏ទើបតែមានកម្មវិធី Legacy of Love Gala ដែលរៀបចំឡើងដើម្បីអបអរខួប ៤០ឆ្នាំដែល Whitney Houston បានក្លាយជាសិល្បករ៕

























































Account
Security
Favourite Content