ក្នុងសប្ដាហ៍នេះ រឿងដែលកំពុងល្បីលើបណ្ដាញសង្គមខ្មែរ និងវៀតណាម ទាំងហ្វេសប៊ុក និង Tik Tok គឺមង្គលការដ៏អស្ចារ្យរវាងកូនកំលោះខ្មែរដែលមានរូបសម្បត្តិស្រស់សង្ហា និងកូនក្រមុំវៀតណាមដ៏ស្រស់ស្អាត។

កូនកំលោះខ្មែរ មានឈ្មោះថា អាន ឡុងហួរ ហើយកូនក្រមុំវៀតណាមដ៏ស្រស់ស្អាតមានឈ្មោះ ង្វៀន ធីយៀន។ អ្នកទាំង ២ បានរៀបចំមង្គលការម្ដងរួចមកហើយនៅប្រទេសវៀតណាម កាលពីថ្ងៃ ២៤ ខែមករា ឆ្នាំ ២០២៦ ហើយមករៀបចំតាមបែបប្រពៃណីខ្មែរលើទឹកដីកម្ពុជាកាលពីម្សិលមិញនេះ គឺ ថ្ងៃ ២៩ ខែមករា ឆ្នាំ ២០២៦។
មង្គលការនៅលើទឹកដីវៀតណាមតាមបែបប្រពៃណីខាងស្រីក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ព្រោះថ្លៃបណ្ណាការ និងចំណងដៃដែលម្ដាយឪពុកទាំងសងខាងផ្ដល់ឲ្យ រាប់សិនលានដុងឯណោះ។ មិនតែប៉ុណ្ណោះប្រណីតភាពនៃការរៀបចំកម្មវិធីនៅវៀតណាមក៏ធ្វើយ៉ាងអស្ចារ្យ និងស្រស់ស្អាត ដោយការតុបតែងលម្អផ្សេងៗ ប្រៀបដូចមង្គលការក្នុងព្រេងនិទាន។



ងាកមកមើលកម្មវិធីបែបប្រពៃណីខ្មែរ នៅទឹកដីខាងប្រុសម្សិលមិញនេះដែរ ឃើញថាអស្ចារ្យទាំងថ្លៃបណ្ណាការ និងសម្លៀកបំពាក់បុរាណខ្មែរ ដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលនឹងរូបសម្រស់កូនក្រមុំ- កូនកំលោះ។ អ្វីកាន់តែធ្វើឲ្យមហាជនលាន់មាត់សរសើរ ពេលចងដៃឪពុកម្ដាយទាំងសងខាង បានយកដុល្លារទាំងដុំៗ ដោយ១ ដុំស្មើនឹង១០ ម៉ឺនដុល្លារឯណោះ។
តែបើមកដឹងពីថ្លៃបណ្ណាការត្រួសៗថ្ងៃរៀបការ២ ដងរបស់គូស្នេហ៍ដ៏ល្បីនៅលើបណ្ដាញសង្គមពេលនេះវិញ ច្បាស់ណាស់ម្នាក់ៗពិតជាចំហមាត់ ភ្ញាក់ផ្អើលនឹងចំនួនចំណងដៃថ្ងៃទី១ គឺទទួលបានច្រើនខ្លាំង។ ម្ដាយឪពុកខាងកូនកំលោះបានប្រគល់ចំណងដៃជូនសរុបទាំងអស់ប្រមាណ ៤៥ ម៉ឺនដុល្លារ រួមទាំងគ្រឿងអលង្ការ និងបាច់ផ្កាគ្រីស្តាល់ Swarovski ៦ ៨០០ ដុល្លារ។







ចំណែកឪពុកម្ដាយខាងស្រីបានប្រគល់ដីតម្លៃ ១ លានដុល្លារជាង និងប្រាក់សុទ្ធប្រហែល ១១ ម៉ឺនដុល្លារ, រថយន្ត Ford Raptor និងគ្រឿងអលង្ការជាមាសជាច្រើនទៀត។ ងាកទៅការកួចដៃនៅថ្ងៃមង្គលការនៅខ្មែរ ប្រាក់ដុល្លារ ៦ ដុំធំៗ ស្មើនឹង ៦០ ម៉ឺនដែលនេះជាការកួចដៃរបស់ម្ដាយឪពុកទាំងសងខាង មិនរាប់បញ្ចូលសាច់ញាតិឡើយ៕
រូបភាព៖ អ៊ីនធឺណេត























Account
Security
Favourite Content