សមាជិកកូនពៅក្រុម SHINee គឺ Taemin និង Noze ដែលជាអ្នករាំស្រីដ៏ល្បីល្បាញបានក្លាយជាប្រធានបទគេលើកយកពិភាក្សាពាសពេញបណ្ដាញសង្គមក្រោយអ្នកគាំទ្រជាច្រើនសង្ស័យថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា និងមានភស្ដុតាងមួយចំនួនអមមកជាមួយផងដែរ។

ដើមហេតុដែលធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមចាប់អារម្មណ៍ពីទំនាក់ទំនងរបស់អ្នកទាំងពីរគឺ ដោយសារតែ Noze ធ្លាប់បានសហការជាមួយតារាជាច្រើនក្រោមផលិតកម្ម SM និងបានរួមសហការជាមួយ Taemin សម្រាប់បទ Guilty កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ អ្នកទាំងពីរត្រូវគេសង្កេតឃើញថា ហាក់មានភាពសិ្នទ្ធស្នាលក្រោយបានរួមសហការជាមួយគ្នា។ ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនក៏បានរកឃើញថា អ្នកទាំងពីរមានចំណុចស្រដៀងគ្នាជាច្រើនដូចជា៖ រូបថតដែលអ្នកទាំងពីរបានថតគឺមានជញ្ជាំងប្រផេះ និងការតុបតែងដូចគ្នាស្ទើរទាំងស្រុង។





មួយវិញទៀត រូបថតព្រះអាទិត្យលិចដែល Noze បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនត្រូវបានគេលើកឡើងថា ជាប្លង់ថតពីផ្ទះរបស់ Taemin។ អ្នកទាំងពីរក៏មានឈុតសម្លៀកបំពាក់ដូចគ្នាថែមទៀត។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះ Taemin មិនមែនជាមនុស្សចូលចិត្ដប្រើប្រាស់បណ្ដាញសង្គមឡើយ ប៉ុន្ដែរាល់ពេលដែលលោកបង្ហោះអ្វីមួយគឺតែងគាប់ជួនពេលដែល Noze ផុសក្នុងបណ្ដាញសង្គម។ ទាក់ទងនឹងរឿងនេះ អ្នកទាំងពីរក៏មិនបានចេញបកស្រាយ ឬអើពើអ្វីឡើយ ខណៈអ្នកគាំទ្រមួយចំនួនផ្សេងទៀតលើកឡើងថា វាអាចគ្រាន់ជាភាពចៃដន្យប៉ុណ្ណោះ។





គួរបញ្ជាក់ថា Taemin ស្ទើរតែគ្មានពាក្យចចាមអារ៉ាមស្នេហាជាមួយតារាស្រីណាឡើយ បើទោះជាចេញច្រៀងជាផ្លូវការអស់រយៈពេលជាច្រើនឆ្នាំ។ លោកធ្លាប់បានលើកឡើងថា លោកគ្មានចំណាប់អារម្មណ៍ប្រកាសពីរឿងស្នេហារបស់លោកឲ្យមហាជនបានដឹងឡើយ ហេតុនេះហើយទើបគេជឿថា បើទោះជាលោកមានស្នេហា ឬសេពគប់នរណាម្នាក់ក៏លោកមិនប្រកាសជាសាធារណៈដែរ៕





















































Account
Security
Favourite Content