កាលពីដើមឆ្នាំ ២០២៣ មាស សុខសោភា ប្រកាសចាកចេញពីផលិតកម្ម រាម ដែលជ្រកកោនបានជាង ២ ឆ្នាំ នោះគឺជាទ្រនំទី ៧ ហើយ សម្រាប់ម្ចាស់បទ “ឧត្ដមស្វាមី” មកទល់ពេលនេះអ្នកនាងមិនទាន់បានរកឃើញផលិតកម្មថ្មីឡើយ ដោយនាងធ្លាប់ប្រាប់ចង់នៅពង្រឹងផលិតកម្មខ្លួនឯង ឲ្យកាន់តែល្អខ្លាំងជាមុនសិន។


បើនិយាយដល់ចម្រៀងរបស់ មាស សុខសោភា មហាជនគ្រប់វ័យពិតជាកោតសរសើរនូវទឹកដមដ៏ពីរោះ ផ្អែម ពូកែថ្នម លួងលោម បំពេអារម្មណ៍អ្នកស្ដាប់ឲ្យចូលតួតាមអត្ថន័យបទនោះភ្លាម។ មិនត្រឹមតែបទមនោសញ្ចេតនានោះឡើយ សូម្បីបទញាក់ក៏ម្ចាស់បទ “ដោះសា” រូបនេះច្រៀង និងរាំបានល្អដែរ ធ្វើឲ្យនាងក្លាយជាតារាស្រីសម្បូរទីផ្សារទាំងខនសឺតតាមខេត្ត និងច្រៀងកម្មវិធីមង្គលការធំៗក្នុងប្រទេស។
បើនិយាយពីអត្តចរិតវិញ អ្នកនៅក្នុងសិល្បៈ ឬអ្នកពាក់ព័ន្ធវិស័យនេះតែងពោលសរសើរ ដល់ សោភា ជាតារាល្បីលំដាប់ប្រទេស តែមិនដែលវាយឫកដាក់នរណាម្នាក់ឡើយ ពោលគឺរួសរាយ រាក់ទាក់ និងលេងសើចជាមួយគ្រប់គ្នា មិនថាសិស្សប្អូនដែលទើបនឹងលេចមុខឡើងឡើយ។

ផលិតកម្មដែលតារាស្រីវ័យ ៣៩ ឆ្នាំរូបនោះធ្លាប់ច្រៀងរួមមាន រស្មីស្ទឹងសង្កែ យូធូ ចេនឡាប្រាឌ័រ M-Production សាន់ដេ ផលិតកម្មថោន និង រាម។ ក្រៅពីនោះ នៅមានផលិតកម្មផលិតបទចម្រៀងសម្រាប់លក់នៅក្រៅប្រទេសជាច្រើនផលិតកម្មផ្សេងទៀតផងដែរ។ ក្រៅពីផលិតកម្មទាំងនោះ មាស សុខសោភា ក៏ធ្លាប់លេចឮព័ត៌មានត្រូវបានហង្សមាស និង កាឡាក់ស៊ីទាក់ទងដែរ។ តាំងពីចូលសិល្បៈឆ្នាំ ២០០៤ រួចមក នាងមានបទចម្រៀងល្បីៗច្រើនខ្លាំងនៅតាមផលិតកម្មដែលធ្លាប់ច្រៀងនោះ។
២០០៤ នាងបានបង្ហាញខ្លួនជាតារាចម្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ហើយបទដែលល្បីបំផុតនោះ គឺ “រស់នៅក្រោមទ្រូងបងសែនកក់ក្តៅ ” និងបទ “អូននឹកនឹកបង”។


ចេញពីរស្មីស្ទឹងសង្កែ អំឡុង ២០០៥ បទ ” How Do I” ធ្វើឲ្យ មាស សុខសោភា ល្បីល្បាញមួយកម្រិតថែមទៀតនៅផលិតកម្ម U2។ នៅក្នុងអំឡុងនោះដដែល សុខ សោភា បានចាកចេញពីផលិតកម្មហើយបានលេចមុខចូលរួមផលិតកម្មចេនឡាប្រាឌ័រ។ បទ “កូនឥតខាន់ស្លា”,“១០១ ហេតុផល” និងបទ “ស្នេហ៍ឆ្ងាយផ្កាស្លា” ជាបទមនោសញ្ចេតនា អន្លង់អន្លោច ចេញភ្លាម ផ្ទុះការគាំទ្រភ្លែត។ “Hold me for while” កក្រើកដោយសារការច្រៀងបទនោះមានលាយជាមួយភាសាខ្មែរ- អង់គ្លេស ហើយការប្រើ pronunciation ល្អខ្លាំង បូករួមជំនាន់នោះមិនសូវមានអ្នកច្រៀងបទអង់គ្លេសច្រើន និងបានល្អ។ បើទោះជាត្រូវបានអ្នកគាំទ្រសរសើរថាច្រៀងអង់គ្លេសបានល្អ តែប្អូនស្រីតារាចម្រៀងប្រុស មាស សុខរតនៈ រូបនោះ បានទម្លាយការពិតថា នាងមិនសូវជានិយាយអង់គ្លេសបានល្អប៉ុន្មានទេ តែព្រោះការខិតខំរៀនសូត្រ និងហាត់ច្រៀងខ្លាំង ទើបធ្វើឲ្យការច្រៀងដូចជនជាតិបរទេស។
ក្នុងឆ្នាំ ២០០៨ ផលិតកម្មចេនឡាប្រាដ័របានប្រកាសបិទផលិតកម្មខ្លួន ក្រោយមក សុខ សោភា បានចូលផលិតកម្ម M-Production ដែលចេញអាល់ប៊ុមដំបូងរបស់នាង មានចំណងជើងថា “ដោះសា” និងបានក្លាយជាអាល់ប៊ុមល្បីខ្លាំង។ បទចម្រៀងជាច្រើននៅ M ដូចជា “១០០០ រាត្រី”,“ហត់នឿយ”,”ព្រោះគេចង់ចប់”,”មួយនាទី” និងមានបទជាច្រើនទៀត សុទ្ធតែទទួលបានការពេញនិយមតាំងពីជាង ១០ មុនរហូតមកដល់បច្ចុប្បន្ន។


ក្នុងឆ្នាំ ២០០៩ សុខសោភា ក៏បានបន្តចាកចេញពីផលិតកម្ម M-Production ដើម្បីឈានទៅចូលផលិតកម្មសាន់ដេ។ បទ “មករាំកន្រ្ទឹមឆ្នាំថ្មី ” ក៏បានក្លាយជាបទពេញនិយមសម្រាប់ចង្វាក់ភ្លេងប្រពៃណីខ្មែរ ពេញនិយមខ្លាំងនាពេលនោះ។ ”ហេតុអ្វីមនុស្សស្រលាញ់គ្នាមិនបានជួបគ្នា”, “១០០%” ជាបទដែលយុវវ័យស្ដាប់ច្រើនបំផុត មិនត្រឹមតែប៉ុណ្ណោះ តារាស្រីមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូបនេះបានចេញបទ “COME BACK TO ME” ជា version ខ្មែរ ដែលបទដើមជាសំនៀងរបស់តារាជប៉ុន Utada Hikaru និងទទួលបានការគាំទ្រខ្លាំងទាំងព្រោះការច្រៀងលាយភាសាអង់គ្លេសរបស់អ្នកនាងល្អ។




តែគួរឲ្យស្ដាយ ឆ្នាំ ២០១០ នាងបានចាកចេញពីសាន់ដេ ទៅចូលរួមផលិតកម្មថោនដែលទើបបង្កើតនាពេលនោះ។ ព្រោះតែសមត្ថភាពខ្ពស់ទោះជា ថោន ទើបកកើតក៏ពិតមែន តែមានសន្ទុះគាំទ្រច្រើន ដោយសារមានបទល្អៗច្រើនទាំង មាស សុខសោភា និងតារាដទៃ ហើយបទ “I am sorry” ផ្ទុះខ្លាំងទាំងអត្ថន័យចម្រៀង និងសាច់រឿងក្នុង MV ហើយកាលនោះភាគច្រើនមើលតាមទូរទស្សន៍ My TV។ មិនចប់ត្រឹម “I am sorry” ឡើយ បទពីរោះៗ និងត្រូវចិត្តយុវវ័យជាច្រើនបានចេញជាបន្តបន្ទាប់ដូចជា “ហួសពេលដែលបងត្រូវអើពើ”,”សុំទោសដែលអូនអស់ចិត្ត” ,”ឬគ្រាន់តែយំ ក៏អូនខុសដែរ”, “ក្រែងចិត្តសង្សារចាស់”,”លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ”,“ខ្ញុំដូចជាចង់លេងសើចនឹងគេ”,“ពិន្ទុ ១០០”,”បងលេងសើចតែគេមែនទែន”, “ដើមឈើស្នេហ៍” និងបទជាច្រើនទៀត។


ស្ថិតនៅក្នុងផលិតកម្មថោន ដដែល សោភា ក៏បានចាប់ដៃគូជាមួយតារាប្រុសដូចជា ករុណ ពេជ្រ, ណាំ ប៊ុណ្ណារ័ត្ន និងខេម ជាដើម។ ព្រោះកេរ្តិ៍ឈ្មោះ អត្តចរិត និងទឹកដមសំឡេងល្អ តារាចម្រៀងស្រីរូបនេះតែងតែយោងដៃគូចម្រៀងខ្លួនឲ្យល្បីល្បាញជាមួយគ្នាដូចបទ “អ្វីៗហួសពេល,“សុំពេលឈឺចាប់មួយគ្រា” ដែលច្រៀងជាមួយ ករុណា ពេជ្រ។ បទដំបូងជាការចាប់ដៃគូច្រៀងជាមួយ ខេម “ចង់រកស្រីម្នាក់ដែលល្អឲ្យបង” និងបន្ទាប់មកទៀត “ស្រលាញ់ហួសព្រោះគេមានជាងអូន” ហើយបទកន្ទ្រឹម “ឲ្យអត់ស្រឡះទៅ” ចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ ត្រូវបានគេចាក់ស្ដាប់ច្រើនបំផុតកាលពីអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០១៨។ ការចាប់ដៃគ្នារវាង មាស សុខសោភា និង ណាំ ប៊ុណ្ណារ័ត្ន “សង្សារនិស្សិត” គឺជាបរិបថថ្មីដែលនិយាយស្នេហាក្នុងវ័យសិក្សាក្នុងសាកលវិទ្យាល័យ ហើយចំសាច់រឿងពិតៗរបស់និស្សិតដែលកំពុងរៀនងដែរ ហើយកាលនៅ M អ្នកទាំង ២ ក៏បានចេញបទចម្រៀងសាច់រឿងរួមគ្នា “ពេលណាពេលហ្នឹងចុះ ” ម្ដងរួចមកហើយ មកដល់ ថោន អ្នកទាំង ២ មានចម្រៀងសាច់រឿង “ស្តាប់ Ring Ring Tunes បងអូនស្រក់ទឹកភ្នែក” និង”Ring Ring Tunes ស្មោះស្នេហ៍ ” ជាដើម។
មកដល់ឆ្នាំ ២០២០ តារាស្រីកូនមួយរូបនេះបានចាកចេញពីថោន ក្រោយរួមរស់ ១០ ឆ្នាំ តែមិនមែនជាតារាកុងត្រាឡើយ ហើយការចាកចេញនោះមិនមែនការអន់ចិត្ត ឬមានទំនាស់ឡើយ តែនាងស្វែងរកអ្វីថ្មីប៉ុណ្ណោះ។ ក្រោយចាកចេញបានមួយរយៈ កាលពីរាត្រីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ទីបំផុតកំពូលតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា បានចុះកុងត្រាជាមួយផលិតកម្ម រាម ដែលកាលនោះជាទ្រនំថ្មីរបស់នាងហើយនៅក្នុងពិធីសម្ពោធផលិតកម្មជាផ្លូវការជាមួយ និងការស្វាគមន៍តារាចម្រៀងសំឡេងផ្អែម មាស សុខសោភា មានការចូលរួមពីភ្ញៀវកិត្តិយស តារាចម្រៀង និងសម្ដែងជាច្រើនរូប។ នៅទ្រនំថ្មី ម្ចាស់បទ “១០០០ រាត្រី” នៅបន្តភាពល្បាញល្បីខ្លួន ដោយមានចម្រៀងពីរោះៗជាច្រើនដូចជា “ខូចចិត្តច្រើនដង”, “បុស្បាម្ចាស់ចិត្ត”, “ទោះជាយូរឆ្នាំ” និងបទជាច្រើនទៀត។


ក្រោយរួមរស់ជាមួយ រាម បានជាង ២ ឆ្នាំ ក្នុងខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះអ្នកនាង សោភា បានប្រកាសចាកចេញ ដោយគ្មានបញ្ហាអ្វីនឹងម្ចាស់ផលិតកម្មឡើយ ដើម្បីងាកទៅផ្ដោតលើផលិតកម្ម Camtrax Music វិញ។ នៅទីនោះមានតារាស្រីដែលមានស្វាមីជាអនិកជនមកពីកាណាដា ក៏មានបទផ្ទុះខ្លាំងច្រើនគួរសមដូចជា “ម្នាក់ឯងមិនស្លាប់ទេ”, “Only One” ជាដើម។
ក្រៅពីអាជីពជាតារាចម្រៀងអ្នកនាងក៏ជាអ្នកតំណាងផលិតផលជាច្រើន ហើយត្រូវបានចូលរួមកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិច្រើនណាស់ ហើយឆ្នាំ ១០១១ នាងត្រូវបានអ្នកគាំទ្ររនៅប្រទេសជប៉ុន អញ្ជើញនាងទៅសម្តែង តាមរយៈសមាគមកម្ពុជានៃប្រទេសជប៉ុន។ ASEAN Fantasia ២០១៩ ក៏មានវត្តមាន មាស សុខសោភា ទៅចូលរួមដែរ។ សោភា និង Kim Hyung-jun ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈនៃអង្គការមនុស្សធម៌កូរ៉េ W-Foundation និង KOTRA ភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៥ តាមរយៈគម្រោងកែលម្អការថែទាំសុខភាព (HIP) ដែលផ្តោតលើការផ្តល់កម្មវិធីថែទាំសុខភាព និងការអប់រំ ដល់កម្មករខ្មែរដែលធ្វើការក្នុងរោងចក្រកាត់ដេរ។
ជាពិសេសកំពូលតារាចម្រៀងស្រីរូបនេះក៏បានចូលរួមក្នុងកម្មវិធីការពារព្រៃឈើជាមួយសមាជិកសហគមន៍នៅតំបន់ឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងបានជួយក្នុងការរៀបចំដាំដើមឈើឡើងវិញ។ អំឡុងឆ្នាំ ២០១៦ សុខសោភា បានបំផុសគំនិតយុវជនឲ្យចូលរួមក្នុងកម្មវិធី Earth Hour ដែលជាចលនាសកលរៀបចំដោយ World Wide Fund for Nature ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងកិច្ចការសង្គមជាច្រើនហូរហែទៀត ហើយអ្នកនាងនៅតែជានិមិត្តរូបដ៏ល្អក្នុងដួងចិត្តអ្នកគាំទ្រ បើទោះជាមានតារាស្រករក្រោយរះមកបន្តបន្ទាប់រាប់មិនអស់ក៏ដោយ។




និយាយដល់ជីវិតគូរបស់កំពូលតារាចម្រៀងរូបនេះ តាំងពីដ់ើមឡើយអ្នកនាងកម្រនិយាយដល់រឿងរៀបការណាស់ បើទោះជាបង្ហាញមុខស្វាមីជាសាធារណៈក៏ដោយ ទើបតែកាលឆ្នាំ ២០២១ មិត្តសំឡាញ់រួមអាជីព គឺ ឆន សុវណ្ណរាជ ទម្លាយរូបថតរៀបការរបស់ សុខសោភាព តាំងពីថ្ងៃ ២៨ ខែធ្នូ ២០០៩ មកម្ល៉េះ និងឆ្នាំនេះនាងបង្ហាញមុខកូនប្រុសសឹងតែពេញកំលោះទៅហើយ៕

































Account
Security
Favourite Content