គិតមកដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះបវរកញ្ញាខ្មែរ កុយ អេនណា បានបំពេញបេសកកម្មអស់រយៈពេល ៧ ថ្ងៃហើយ ក្នុងដំណើរថ្មើរជើងឆ្ពោះទៅកាន់ខេត្តសៀមរាប ក្នុងការប្រមូលថវិកាចូលមូលនិធិ ដើម្បីជួយដល់កុមារ ឬជនមានពិការភាព និងដើម្បីទេសចរណ៍កម្ពុជា។

ដំណើរចាកចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបរបស់បវរកញ្ញាកម្ពុជា កុយ អេនណា ទទួលបានការស្ញប់ស្ញែងពីសំណាក់សិល្បករសឹងតែគ្រប់រូប ហើយក៏ទទួលបានការស្វាគមន៍យ៉ាងច្រើនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីតាមដងផ្លូវ ចាប់ពីភ្នំពេញ រហូតពេលនេះនាងបានទៅដល់ខេត្តកំពង់ធំ ក៏មានអ្នកចាំទទួល រាក់ទាក់ ប្រកបដោយស្នាមញញឹម។
នាថ្ងៃនេះដែរ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានបង្ហាញដល់បវរកញ្ញា កុយ អេនណា ដែលហ៊ានលះបង់ខ្ពស់ មិនខ្វល់ពីរូបសម្រស់ ដើររាប់រយគីឡូម៉ែត្រ កាត់ក្ដៅ កាត់ក្ដៅ កាត់ភ្លៀង។


លោកជំទាវ ញ៉ែម មរកត បានបង្ហោះសំណេររបស់ខ្លួនថា «ខ្ញុំសូមកោតសរសើប្អូនស្រី ជាកញ្ញាឯកដែលមានសម្រស់ស្អាត កំពុងពេញស្រឡាញ់ខ្លួន ប៉ុន្តែបែរជាលះបង់ការថែរក្សាសម្រស់ ដើរហាលក្ដៅ ហាលភ្លៀង មិនខ្លាចគ្រោះថ្នាក់ទាំងចរាចរណ៍ ទាំងសុវត្ថិភាព។ ប្អូនធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅគោលដៅខេត្តសៀមរាប មិនមែនសម្ដែងទេ មិនមែនធម្មតាសម្រាប់ស្ត្រី តែជាការប្ដេជ្ញាចិត្តដ៏មោះមុត ដើម្បីសម្រេចគោលដៅ។ ខ្ញុំកំពុងមើល កំពុងដើរជាមួយប្អូន កំពុងលើកទឹកចិត្ត ហើយយើងខ្ញុំ និងក្រុមស្ត្រីបើកបរ រ៉ឺម៉កទេសចរណ៍ជាច្រើននឹងរង់ចាំស្វាគមន៍ត្រៀមដើរជាមួយប្អូនពេលប្អូនទៅដល់រង្វង់មូលផ្ការំដួលក្នុងខេត្តសៀមរាប!! តស៊ូៗៗ!!»។
មិនត្រឹមតែប្រជាពលរដ្ឋ សិល្បករ មន្ត្រីរាជការឡើយ ក្រុមហ៊ុនធំៗជាច្រើនក៏បានរួមចំណែកបរិច្ចាគថវិកាចូលមូលនិធិនាងដែរ។ សកម្មភាពដ៏ប្រពៃរបស់ កុយ អេនណា បានអង្រួនចិត្តអ្នកគាំទ្រ ក៏ដូចជាជាមហាជនទូទៅ ឲ្យកាន់តែមានស្មារតីខ្មែរតែមួយខ្លាំងឡើងថែមមួយកម្រិតទៀត៕





រូបភាព៖ Koy Anna,Cambodia DanceSport Federation និង Morokat Nhem























Account
Security
Favourite Content