ក្រោយបាត់មុខពីវិស័យសិល្បៈអស់ពេលជាង ៣ខែ តារាចម្រៀងកូរ៉េ Koo Jun-yup ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu បានបង្ហាញវត្តមានក្នុងរូបភាពជួបជុំគ្រួសារជាមួយនឹងស្ថានភាពស្រកសាច់ខ្លាំង រហូតដល់ទៅ ១២គីឡូ នាំឱ្យអ្នកគាំទ្រនាំគ្នាព្រួយបារម្ភ។

នៅក្នុងថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ អ្នកម្ដាយរបស់តារាសម្ដែងស្រី Barbie Hsu បានបង្ហោះរូបភាព អមដោយសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា៖ “ទិវាអ្នកម្ដាយឆ្នាំនេះ ខ្ញុំមានអារម្មណ៍សោកសៅជាពិសេស។ កូនប្រសាររបស់ខ្ញុំ Koo Jun Yup នឹកកូនស្រីខ្ញុំខ្លាំងណាស់ ហើយពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែស្គមទៅៗ”។
ស្របតាមស្ថានភាពនេះ លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ កូនប្រសាម្នាក់ទៀត មានឈ្មោះថា Mike បានយកចិត្តទុកដាក់ និងជួយមើលថៃ DJ Koo ដែលរឿងនេះពិតជាធ្វើឱ្យលោកស្រីរីករាយមែនទែន។ ទន្ទឹមគ្នានេះ អ្នកម្ដាយដែលបានបាត់បង់កូនស្រីវ័យ ៤៨ឆ្នាំ បាននិយាយបន្តថា៖ “នៅពេលដែលខ្ញុំប្រាប់ថា ខ្ញុំចង់ពាក្យថា រីករាយថ្ងៃកំណើត កូនស្រីខ្ញុំ Dee Hsu បានសុំឱ្យអ្នកធ្វើការជាមួយ ជួយធ្វើវីដេអូ AI ពីបងស្រីគេ។ វាពិតជាមានន័យណាស់សម្រាប់ខ្ញុំ”។

ទាក់ទងនឹងការស្រកគីឡូរបស់ Koo Jun-yup វិញ សាព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា ឌីជេរូបនេះបានស្រកគីឡូប្រមាណ ១២គីឡូក្រាម និងព្យាយាមមិនបង្ហាញវត្តមានជាសាធារណៈ ចាប់តាំងតែពីថ្ងៃដែលភរិយាបានបាត់បង់ជីវិត។ កន្លងមក កាសែត Mirror Weekly ក៏បានឱ្យដឹងដែរថា លោកបានបង្អត់អាហារខ្លួនឯង ព្រោះតែពិបាកចិត្តរឿងភរិយា។
សូមរំឭកថា Barbie Hsu ឬទស្សនិកជនខ្មែរតែងស្គាល់ក្នុងឈ្មោះជាតួអង្គសាន់ឆាយ បានទទួលមរណភាពនៅថ្ងៃទី២ ខែកុម្ភៈកន្លងទៅ ដោយសារតែជំងឺរលាកសួត ដែលឆ្លងតាមរយៈជំងឺផ្ដាសាយធំ ស្របពេលដែលលោកស្រី និងគ្រួសារកំពុងតែដើរកម្សាន្តនៅក្នុងប្រទេសជប៉ុន៕
























Account
Security
Favourite Content