ចាប់តាំងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឡើងធ្វើជាប្រធាន «សមាគមសិល្បករខ្មែរ» សម្រាប់អាណត្តិទី៦ ជិត១ឆ្នាំមកនេះ មហាជនសង្កេតឃើញថាវិស័យសិល្បៈ និងសិល្បករកាន់តែរីកចម្រើន និងទទួលបានការជួយជ្រោមជ្រែងខ្លាំងជាងមុន។

«សមាគមសិល្បករខ្មែរ» ជិត១ឆ្នាំមកនេះ ទទួលបានការឧបត្ថម្ភជាច្រើនខ្លាំងពីសំណាក់អ្នកជំនួញធំៗជាច្រើន។ ដូចកាលពីថ្ងៃ ២៤ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» របស់លោកជំទាវ ឆាយ លក្ខិណា បានឧបត្ថម្ភដល់មូលនិធិជាទឹកប្រាក់ ៧៥ ០០០ដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំ ដល់ «សមាគមសិល្បករខ្មែរ»។
ម្ចាស់ក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» បានរៀបចំពិធីចុះអនុស្សរណៈការយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរនៅហាង ឡុកហ្វុក គ្រឿងអលង្ការ (LukFook Jewellery) ដោយបញ្ជាក់ច្បាស់ៗថា ការដែលលោកជំទាវ ចុះ MOU ជាមួយប្រធានសមាគមសិម្បករខ្មែរ ព្រោះមានជំនឿចិត្តលើការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។

មួយវិញទៀតក៏ដោយសារតែលោកជំទាវ ស្រលាញ់ ចូលចិត្ត និងចង់ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ផងនោះ ពិសេសផ្នែកយីកេបុរាណខ្មែរតែម្ដង ទើបរៀបចំមានការចុះអនុស្សរណៈនៃការយោគយល់គ្នា រយៈពេល ៥ ឆ្នាំនេះឡើង ដោយ១ឆ្នាំឧបត្ថម្ភ ១៥ ០០០ ដុល្លារ។
លោកជំទាវ ឆាយ លក្ខិណា បានបន្ថែមថា ជំនួយថ្ងៃនេះ ពិតជាបានទៅដល់ដៃសិល្បករ-សិល្បការិនីចាស់ជរា ឬបាត់បង់សមត្ថភាពការងារ និងខ្វះខាតពិតប្រាកដ ហើយក៏សង្ឃឹមថាសប្បុរសជនដែលជាអ្នកជំនួញមានលទ្ធភាពដទៃជួយដល់សមាគមសិល្បករខ្មែរជាបន្តបន្ទាប់ ដើម្បីបង្ហាញពីក្ដីស្រឡាញ់រួបរួមគ្នា លើកស្ទួយដល់វិស័យសិល្បៈ និងក្នុងនាមជាខ្មែរដូចគ្នា។
MOU នោះមានការចូលរួមពីសំណាក់សិល្បករក្នុងសមាគម ក៏ដូចជាមិត្តភ័ក្ដិអ្នកជំនាញជាច្រើនអ្នកផ្សេងទៀត ដើម្បីជាសក្ខីភាព ព្រមទាំងអបអរដល់ការសហការគ្នាលើកនេះរវាង ក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» និង«សមាគមសិល្បករខ្មែរ»៕



































































Account
Security
Favourite Content