ក្នុងឆ្នាំ ២០២៣ នេះក្រុមហ៊ុន HYBE ទទួលបានសមិទ្ធផលធំៗជាច្រើន និងប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់ដែលអាចឱ្យពួកគេបន្តឈរជើងរក្សាតំណែងជាក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មកម្សាន្ដបានយ៉ាងរឹងមាំ។ ប៉ុន្តែរឿងដែលធ្វើឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ទៅទៀតនោះគឺការបន្ដកុងត្រារបស់ក្រុមតារាចម្រៀង BTS ជាលើកទី ៣ ក្នុងនាមជាតារាចម្រៀងក្រោមទ្រនំក្រុមហ៊ុន Big Hit Music បន្ទាប់ពីរួមដំណើរជាមួយគ្នាអស់រយៈពេល ១ ទសវត្សរ៍។

ទោះជាយ៉ាងណាក៏ដោយ ពីក្រោយការបន្តកុងត្រាដែលមានតម្លៃនេះក៏មានរឿងដ៏មានអត្ថន័យមួយសម្រាប់ស្ថាបនិក HYBE លោក Bang Si Hyuk និងក្រុម BTS ទាំងមូលផងដែរ។ នៅក្នុងកម្មវិធី ‘You Quiz on the Block’ របស់ tvN លោកបានចែករំលែកនូវរឿងរ៉ាវខ្លះៗនៃការបន្តកុងត្រារបស់ក្រុមតារាចម្រៀងលំដាប់ពិភពលោកនេះផងដែរ។

នៅក្នុងខែមិថុនា ឆ្នាំ២០១៣ ជាពេលដែល BTS បានបង្ហាញខ្លួនលើកដំបូងជាតារាចម្រៀងក្រោមទ្រនំក្រុមហ៊ុន Big Hit Music ហើយពួកគេក៏បានបន្តកិច្ចសន្យារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាមួយគ្នា លោកបាននិយាយថាសម្រាប់តារាលំដាប់កំពូលដូច BTS តែងតែមានជម្រើសជាច្រើនសម្រាប់ពួកគេ ប៉ុន្តែពួកគេនៅតែជ្រើសរើសបន្តកុងត្រាជាពួកយើងដែលនេះគឺជារឿងអស្ចារ្យមួយសម្រាប់លោក។

មិនត្រឹមប៉ុណ្ណេះ លោកបានសារភាពថាលោកពិតជារីករាយយ៉ាងខ្លាំងពេលអ្នកទាំង ៧ នាក់សម្រេចចិត្តរួមដំណើរជាមួយគ្នាទៅមុខទៀត។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកកាន់តែរំជួលចិត្តខ្លាំងជាងនេះទៅទៀតនោះគឺសមាជិកទាំងអស់បាននិយាយប្រាប់លោកថាពួកគេទុកចិត្តលើលោក ហើយបានបន្តកុងត្រា។ លោកបានបន្តថារយៈពេល ២ សប្ដាហ៍បន្ទាប់ពីពេលនោះគឺជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់លោកក្នុងរយៈពេលជាង ២០ ឆ្នាំដែលលោកធ្វើជាអ្នកគ្រប់គ្រងក្នុងវិស័យមួយនេះ។

ជាក់ស្ដែងលោក Bang Si Hyuk បាននៅជាមួយក្រុមចម្រៀងបុរសមួយនេះតាំងពីថ្ងៃហ្វឹកហាត់រហូតដល់ពេលពួកគេបានបង្ហាញខ្លួន និងឈានដល់ក្លាយតារាលំដាប់ពិភពលោក។ លោកនៅតែបង្ហាញភាពរីករាយដែលសមាជិកទាំងអស់បន្ដជឿជាក់លើលោកជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ដោយនេះជាការបង្ហាញពីទំនាក់ទំនងគួរឱ្យគោរព និងស្និទ្ធស្នាលរវាងអ្នកទាំងពីរផងដែរ។


ក្រោយការចាក់ផ្សាយវគ្គមួយនេះរបស់កម្មវិធី ‘You Quiz on the Block’ ហើយបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភាគច្រើនបានបញ្ចេញ comment ជាច្រើនដោយយល់ថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ពួកគេមិនធ្លាប់ឃើញតារា និងអ្នកគ្រប់គ្រងមានគំនិតសឹងតែដូចគ្នាទាំងស្រុងបែបនេះទេ។ ដូច្នេះហើយវាអាចជាមូលហេតុមួយដែលសមាជិកទាំង ៧ របស់ BTS សម្រេចចិត្តបន្ដកុងត្រារហូតដល់ទៅ ៣ លើកបើគិតមកដល់បច្ចុប្បន្ន ៕




























































Account
Security
Favourite Content