នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់អាចត្រលប់ទៅលំនៅដ្ឋានរបស់ខ្លួននៅឡើយ ព្រមទាំងបានបង្ហាញក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នកស្រីចំពោះប្រទេសកម្ពុជា។

តាមរយៈគណនីអ៊ិនស្តាក្រាមដែលមានអ្នកតាមដានជាង ១៦ លាននាក់ តារាស្រីវ័យ ៥១ ឆ្នាំបានសរសេររៀបរាប់ថា៖ “មួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងតាមបន្ទាត់ព្រំដែនកម្ពុជា ដែលបានបំផ្លាញសុវត្ថិភាព និងជីវភាពរបស់មនុស្សជាច្រើន។ បច្ចុប្បន្ន មនុស្សជិត ៣ ម៉ឺននាក់នៅតែបន្តភៀសខ្លួនក្នុងស្រុក និងមិនអាចត្រឡប់ទៅផ្ទះវិញបានឡើយ”។
កំពូលតារាស្រីហូលីវូដរូបនេះបានសម្តែងនូវក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដោយបានរម្លឹកថា កម្ពុជាគឺជាប្រទេសពិសេសសម្រាប់រូបលោកស្រី និងគ្រួសារ ព្រោះទីនេះគឺជាទឹកដីកំណើតរបស់កូនប្រុសលោកស្រី និងជាទីកន្លែងដែលពួកគេចាត់ទុកថាជាផ្ទះ។
លោកស្រីបានបញ្ជាក់បន្ថែមថា អស់រយៈពេលជាង ២០ ឆ្នាំមកហើយដែលមូលនិធិរបស់លោកស្រីឈ្មោះ Maddox Foundation ដែលមានទីស្នាក់ការកណ្តាលនៅតាមបន្ទាត់ព្រំដែនមានជម្លោះ បានសហការជាមួយក្រុមការងារមូលដ្ឋានលើកិច្ចការអភិរក្ស និងអភិវឌ្ឍសហគមន៍ រួមទាំងការបោសសម្អាតមីន ដែលធ្វើឱ្យលោកស្រីមានមោទនភាព និងភាពជិតស្និទ្ធជាខ្លាំងជាមួយប្រជាជនក្នុងតំបន់។
ទន្ទឹមនឹងនេះ លោកស្រី Angelina Jolie ក៏បានសម្តែងការសោកស្តាយចំពោះជម្លោះដែលបានផ្ទុះឡើងកាលពីឆ្នាំមុន ដែលតម្រូវឱ្យមានការជម្លៀសបុគ្គលិក និងគ្រួសារចេញ ដែលជាហេតុធ្វើឱ្យលោកស្រីមានក្តីបារម្ភ និងនឹករលឹកដល់ប្រជាពលរដ្ឋគ្រប់រូបដែលនៅតែបន្តរង់ចាំឱកាសបានវិលត្រឡប់ទៅផ្ទះវិញ ទោះបីជាបច្ចុប្បន្នមូលនិធិរបស់លោកស្រីបានចាប់ផ្តើមដំណើរការកិច្ចការអភិរក្ស និងជួយសង្គមឡើងវិញក៏ដោយ។
លោកស្រីបានសរសេរថា៖ “កាលពីឆ្នាំមុន ពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើង ពួកយើងត្រូវជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេចេញ ដែលវាជាការរំលឹកដ៏ឈឺចាប់មួយអំពីភាពឆាប់រហ័សនៃការត្រឡប់មកវិញនៃជម្លោះ។
ខ្ញុំស្រឡាញ់ប្រទេសនេះ និងប្រជាជនដ៏រឹងមាំនិងកក់ក្តៅរបស់ទីនេះ។ ទោះបីជាពួកយើងមានក្ដីសោមនស្សដែលអាចចាប់ផ្តើមការងារអភិរក្សដីធ្លី និងគាំទ្រដល់សុខភាពនិងជីវភាពរស់នៅរបស់សហគមន៍ឡើងវិញក្តី ប៉ុន្តែបេះដូងរបស់ខ្ញុំនៅជាមួយអ្នកគ្រប់គ្នាដែលនៅតែរង់ចាំការត្រឡប់ទៅផ្ទះវិញ”។
អ្វីដែលសំខាន់ទៀតនោះ លោកស្រីក៏បានបញ្ចប់សាររបស់ខ្លួនដោយការសរសេរជាភាសាខ្មែរថា៖ “ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ” ៕

























Account
Security
Favourite Content