ក្រុមហ៊ុន Lucien Paris នឹងនាំយករូបគំនូរដែល Pablo Picasso បានផ្តិតយករូបភាពគូស្នេហ៍របស់ខ្លួន មកដាក់ដេញថ្លៃក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែតុលា ខាងមុខនេះ ក្នុងតម្លៃចាប់ផ្ដើមពី ៨លានអឺរ៉ូ ឬប្រមាណ ៩លាន ៤សែនដុល្លារអាមេរិក ក្រោយពីរក្សាទុកជាសម្ងាត់ មិនធ្លាប់បើកឱ្យសាធារណជនបានឃើញអស់ពេលជាង ៨០ឆ្នាំ។

ផ្ទាំងគំនូរដែលមានឈ្មោះថា Bust of a Woman with a Flowery Hat គឺជារូបភាពរបស់ Dora Maar ដែលជាអ្នកថតរូប វិចិត្រករ កវីនិពន្ធជនជាតិបារាំង និងជានារីដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងវិចិត្រករ Picasso។
គំនូរប្រេងទំហំ ៨០ គុណនឹង ៦០សង់ទីម៉ែត្រនេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏មានតម្លៃប៉ុណ្ណោះទេ តែស្នាដៃដែលលោក Picasso បានគូរក្នុងថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៤៣ នៅគ្រាដែលសង្គ្រាមលោកលើទី២ កំពុងតែឆាបឆេះនោះ ក៏បាននិទានពីរឿងរ៉ាវជីវិតរបស់វិចិត្រករល្បីឈ្មោះរូបនេះដែរ។
គំនូរផ្ទាំងខាងលើ បានគូររួចរាល់នៅពេលដែលទំនងទំនងស្នេហារបស់ Picasso និង Maar បានបញ្ចប់ ក្រោយពីចំណាយពេលទាក់ទងគ្នាអស់ពេល ៩ឆ្នាំ តាំងតែពីឆ្នាំ ១៩៣៥។ យ៉ាងណាមិញ មហាជនបានចាត់ទុកថា Maar គឺជាមនុស្សស្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងទៅលើ Picasso ដោយបានបំផុសគំនិតលោកក្នុងការកសាងស្នាដៃរាប់មិនអស់ ខណៈអ្នកជំនាញបានប៉ាន់ស្មានថាមានប្រហែល ៦០ផ្ទាំង។

សម្រាប់អត្ថន័យនៃផ្ទាំងគំនូរ Bust of a Woman with a Flowery Hat សារព័ត៌មាន The Guardian បានរៀបរាប់ថា ផ្ទៃមុខដែលបែកបាក់ជាបំណែក ហាក់បង្ហាញពីទុក្ខសោកស្ទើរស្រក់ទឹកភ្នែករបស់ Dora Maar ខណៈពេលដែលគាត់ដឹងថា គូស្នេហ៍វ័យ ៦១ឆ្នាំរបស់ខ្លួនបានតាំងចិត្តបោះបង់គាត់ចោល ទៅរកវិចិត្រករវ័យ ២១ឆ្នាំ ដែលមានឈ្មោះថា Françoise Gilot។
គួរឱ្យដឹងផងដែរថា ក្រោយពីបានគូររួចរាល់រូបគំនូរមួយផ្ទាំងខាងលើនេះ ធ្លាប់បានដាក់តាំងបង្ហាញមិនប៉ុន្មានដងទេ មុននឹងយកទៅរក្សាទុកជាសម្បត្តិឯកជននៅក្នុងឆ្នាំ ១៩៤៤។ ហេតុដូច្នេះ ការបើកបង្ហាញនៅក្នុងថ្ងៃទី១៨ ខែកញ្ញានេះ ចាត់ទុកជាការបើកបង្ហាញជាលើកដំបូងក្នុងរយៈពេលជាង ៨០ឆ្នាំ៕


























Account
Security
Favourite Content