ក្រោយឪពុកម្ដាយជំនាន់ក្រោយនិយមដាក់ឈ្មោះប្លែកៗឱ្យកូន នៅថ្ងៃទី២៦ ខែឧសភានេះ រាជរដ្ឋាភិបាលជប៉ុនបានចេញបទបញ្ញត្តិថ្មីដើម្បីគ្រប់គ្រងការដាក់ឈ្មោះកុមារដែលមិនអំណោយផលដល់ប្រភេទអក្សរ Kanji របស់ជប៉ុន នាំឱ្យមន្ត្រី និងមនុស្សទូទៅពិបាកបញ្ចេញសំឡេងដែលត្រឹមត្រូវ។ នេះបើផ្អែកតាមសារព័ត៌មាន CNN។

ថ្មីៗនេះ ឪពុកម្ដាយសម័យទំនើបបានចាប់ផ្ដើមបាត់បង់ចំណាប់អារម្មណ៍ជាមួយនឹងឈ្មោះដែលពេញនិយមចាស់ៗរបស់ជប៉ុន ដោយពួកគេបានបែរមកចូលចិត្តឈ្មោះប្លែកៗ ដូចជា Nike, Pudding និងសូម្បីតែ Pikachu សម្រាប់កូនរបស់ខ្លួនវិញ។
ក្រុមឈ្មោះដែលហៅថា Kirakira នេះ ទទួលបានការពេញនិយមតាំងតែពីឆ្នាំ ១៩៨០ មកម៉្លេះ និងបានបង្ករជាផលលំបាក រួមទាំងការការភ័ន្តច្រឡំនៅក្នុងមន្ទីរពេទ្យ សាលារៀន និងភ្នាក់ងារផ្សេងទៀត ដែលមិនដឹងពីរបៀបនៃការអានឈ្មោះទាំងនេះឱ្យបានត្រឹមត្រូវ។

ដើម្បីឱ្យងាយយល់ថា ហេតុអ្វីបានជាឈ្មោះទាំងនេះគឺជាបញ្ហា? សូមរំឭកឱ្យដឹងថា ប្រទេសជប៉ុនមានប្រភេទអក្សរចំនួន ៣ គឺ Hiragana, Katakana និង Kanji ដែលជាប្រភេទអក្សរផ្អែកតាមព្យញ្ជនៈរបស់ចិន។ អក្សរ Kanji នេះហើយ ដែលជប៉ុនបានប្រើប្រាស់សម្រាប់ការសរសេរឈ្មោះ ដោយពេលខ្លះតួអក្សរ Kanji តែមួយអាចបញ្ចេញសំឡេង និងមានអត្ថន័យច្រើន អាស្រ័យទៅលើបរិបទ ឃ្លា និងប្រយោគ។
ដោយសារតែអក្សរ Kanji មិនអាចសរសេរបានត្រឹមត្រូវទៅតាមឈ្មោះប្លែកៗទាំងនោះ ទើបឪពុកម្ដាយបានត្រឹមតែប្រើអក្សរដែលមានសូរសៀងស្រដៀងគ្នាប៉ុណ្ណោះ។ ដូច្នេះ ទើបវាបង្ករឱ្យមនុស្សទូទៅពិបាកក្នុងអានឈ្មោះនេះឱ្យបានត្រឹមត្រូវ។

ជាការពិត ការចេញបទប្បញ្ញត្តិថ្មីនេះទទួលបានទាំងមតិវិជ្ជមាន និងអវិជ្ជមាន។ អ្នកខ្លះមិនបានយល់ស្របនឹងការចេញច្បាប់គ្រប់គ្រងនោះទេ តែអ្នកខ្លះទៀត បានយល់ឃើញថា ឈ្មោះទាំងនេះអាចនឹងនាំឱ្យកុមាររងការគំរាមកំហែង ឬអាចនឹងមានផលលំបាកនៅពេលដែលត្រូវរត់ឯកសារណាមួយ ព្រោះនៅពេលដែលមន្ត្រីផ្ទៀងផ្ទាត់ឈ្មោះ និងតួអក្សរមិនត្រូវគ្នា ពួកគេអាចនឹងត្រូវការឯកសារបន្ថែម ឬធ្វើការមិនបានជោគជ័យជាដើម។
គួរឱ្យដឹងផងដែរថា ក្នុងមួយទសវត្សរ៍កន្លងមកនេះ មិនមែនតែប្រទេសជប៉ុនទេដែលបានជួបនឹងបញ្ហាខាងលើ។ជាក់ស្ដែង ឪពុកម្ដាយជនជាតិអាមេរិកក៏និយមចូលចិត្តសរសេរឈ្មោះរបស់កូនឱ្យពិបាកជាងមុនដែរ។ តួយ៉ាង ឈ្មោះ Ashley ឪពុកម្ដាយខ្លះបែរជាសរសេរឱ្យពិបាកជាងមុន ទៅជា Ashleigh ជាដើម៕






















































Account
Security
Favourite Content