តំបន់អឺរ៉ុបមានស្តេចគំនូរសិល្បៈថ្មី ក្រោយផ្ទាំងគំនូរ «Lady with a Fan» របស់ Klimt លក់ក្នុងតម្លៃ ១០៨ លានដុល្លារអាមេរិកបន្ទាប់ពីដេញថ្លៃដូចសង្គ្រាមត្រឹមរយៈពេល ១០ នាទី។
ស្នាដៃសិល្បៈចុងក្រោយនៃជីវិតរបស់វិចិត្រករជនជាតិអូទ្រីស Gustav Klimt បានលក់កាលពីថ្ងៃអង្គារក្នុងតម្លៃ ៨៥,៣ លានផោន ស្មើនឹង ១០៨,៤ លានដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាស្នាដៃសិល្បៈថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាននៅអឺរ៉ុប។

គំនូរដែលមានឈ្មោះជាភាសាអាល្លឺម៉ង «Dame mit Fächer» ឬជាភាសាអង់គ្លេស «Lady with a Fan» បានលក់ទៅឱ្យអ្នកទិញម្នាក់ក្នុងបន្ទប់ដេញថ្លៃនៃក្រុមហ៊ុន Sotheby’s ក្នុងទីក្រុងឡុងដ៍។ តម្លៃលក់បាននេះ ត្រូវគេដឹងថាជាតម្លៃលើសពីការព្យាករទុកមុនចំនួន ៦៥ លានផោន ឬ ៨០ លានដុល្លារ។
វាក៏បានបំបែកកំណត់ត្រាដេញថ្លៃនៅអឺរ៉ុបចាស់ដែលមានតម្លៃចំនួន ១០៤,៣ លានដុល្លារ រួមទាំងរូបចម្លាក់ «Walking Man I» របស់លោក Alberto Giacometti នៅក្នុងការដេញថ្លៃ Sotheby’s ឆ្នាំ ២០១០ ផងដែរ។
ផ្ទាំងគំនូរនេះ គឺជារូបគំនូរចុងក្រោយរបស់វិចិត្រករ Klimt មុនទទួលបមរណភាពនៅក្នុងឆ្នាំ ១៩១៨ ។ ផ្ទាំងគំនូរនេះបង្ហាញពីស្ត្រីមិនស្គាល់អត្តសញ្ញាណមួយរូប ស្ថិតក្នុងសម្លៀកបំពាក់បែបចិន និងមានរូបមយូរ៉ា និងផ្កាឈូក នៅផ្ទៃខាងក្រោយ។
គំនូរនេះធ្លាប់បានលក់ ចុងក្រោយក្នុងឆ្នាំ ១៩៩៤ ដែលមានតម្លៃ ១១,៦ លានដុល្លារនៅឯការដេញថ្លៃនៅទីក្រុងញូវយ៉ក។ សម្រាប់ការដេញថ្លៃថ្មីនេះស្ថាប័ន Sotheby’s បាននិយាយថា អ្នកទិញមានឈ្មោះ Patti Wong មកពីក្រុងហុងកុង។
គួរបញ្ជាក់ថា កំណត់ត្រាដេញថ្លៃខ្ពស់បំផុតរបស់ពិភពលោកសម្រាប់ស្នាដៃសិល្បៈគឺមានតម្លៃ ៤៥០,៣ លានដុល្លារក្នុងឆ្នាំ ២០១៧ ជាគំនូររបស់វិចិត្រករ Leonardo da Vinci៕


























Account
Security
Favourite Content