ចូលចិត្តដើរលេង ហើយសាកថ្មជីវិតបែបប្លែកៗ គួរសាកល្បងទៅប្រទេសមួយនេះ។ ភ្នំភ្លើងរាប់រយឈរតម្រៀបជាជួររង់ចាំភ្ញៀវទេសចរទៅទស្សនាភាពអស្ចារ្យរបស់ខ្លួន ព្រមជាមួយសម្រស់ដ៏ស្រស់ត្រកាលបក្សីតំណាងជាតិ Torogoz រួមផ្សំជាមួយរឿងប្លែកៗ ដែលអ្នកគួរតែដឹងពីប្រទេស អែលសាល់វ៉ាឌ័រ។

ទី១៖ អែលសាល់វ៉ាឌ័រជាឋានសួគ៌នៃរលកសមុទ្ទ
ដោយសារតែទទួលឥទ្ធិពលពីមហាសមុទ្ទប៉ាស៊ីភិក និងមានឆ្នេរលាតសន្ធឹងដល់ទៅជាង ៣០០ គ.ម ធ្វើឲ្យរលកក្នុងតំបន់មួយនេះមានកម្រាស់ និងកម្ពស់ខ្ពស់ដែលសក្ដិសមបំផុតសម្រាប់អ្នកដែលចូលចិត្តប្រលែងលេងនឹងរលកសមុទ្ទ។ ពេលវេលាដ៏ល្អសម្រាប់ការជិះស្គីរលកគឺនៅចន្លោះខែ ឧសភា និង ខែ តុលា ។

ទី២៖ គ្រាប់កាហ្វេដែលផលិតនៅប្រទេសអែលសាល់វ៉ាឌ័រជាគ្រាប់កាហ្វេដែលល្បីលើពិភពលោក
កុំឲ្យរំលង បើបានទៅដល់ហើយ គួរតែបានសាកកាហ្វេនៅទីនោះឲ្យបានម្តង។ អ្នកដឹងទេ គ្រាប់កាហ្វេដែលផលិតក្នុងប្រទេសមួយនេះស្ថិតក្នុងលំដាប់ជួរទី ៤ នៃកាហ្វេឆ្ងាញ់លើពិភពលោក។ គ្រាប់ពូជកាហ្វេដែលកសិករជ្រើសយកមកដាំជាពូជដែលមានប្រជាប្រិយ និងតម្រូវការខ្ពស់ដូចជា Pacas និង Pacamara ជាដើម។

ទី៣៖ អែលសាល់វ៉ាឌ័រ ជាប្រទេសដែលសំបូរទៅដោយពីរ៉ាមីត
ប្រទេសតូចតែមាឌមួយនេះក៏សំបូរទៅដោយសំណង់បុរាណយ៉ាងច្រើនមិនចាញ់ប្រទេសចំណាស់ៗលើពិភពលោកប៉ុន្មាននោះទេ ក្នុងនោះរួមមាន Cihuatan, Joya de Ceren, San Andres, Casa Blanca និង Tazumal។ Tazumal ជាសំណង់បុរាណដ៏សំខាន់ក្នុងប្រទេសអែលសាល់វ៉ាឌ័រដែលមានរាងជាពីរ៉ាមីត។

ទី៤៖ បក្សីតំណាងជាតិតូរ៉ូហ្គូស Torogoz
មកស្គាល់សត្វតំណាងជាតិ Torogoz របស់ប្រទេស អែលសាល់វ៉ាឌ័រ ទាំងស្អាត ប្លែក និងមានភាពទាក់ទាញជាមួយរូបរាងតូចច្រឡឹង កន្ទុយព្រែក ស្លាបទាំងសងខាងមានពណ៌បីដូចជាឥន្ធនូ។

ទី៥៖ ដែនដីភ្នំភ្លើង
ប្រទេស អែលសាល់វ៉ាឌ័រ ក៏ត្រូវបានគេរហស្សនាមថាជា ដែនដីភ្នំភ្លើង ដែលមានភ្នំភ្លើងប្រមាណជាង ១០០ និងប្រមាណជាង ២០ តែងតែកំអែលភ្លើងជាប្រចាំ និងមានកម្ពស់ជាង ២ ពាន់ម៉ែត្យពីនីវ៉ូទឹកសមុទ្ទ។ រូបភ្នំភ្លើង ត្រូវបានដាក់នៅលើទង់ជាតិតំណាងឲ្យប្រទេសអែលសាល់វ៉ាឌ័រផងដែរ។

គួរឲ្យដឹងដែរថា សាន់សាល់វ៉ាឌ័រ ជារដ្ឋធានីរបស់ប្រទេស អែលសាល់វ៉ាឌ័រ ហើយក៏ជាទីក្រុងចំណាស់ជាងគេក្នុងទឹកដីអាមេរិកកណ្តាលផងដែរ ៕

























Account
Security
Favourite Content