ប្រសិនបើនិយាយដល់ទីកន្លែងដែលមានតាំងពីយូរយាររាប់ពាន់ឆ្នាំ មនុស្សភាគច្រើននឹងគិតដល់ទីក្រុង ប្រាសាទ ឬកន្លែងផ្សេងៗនៅលើដីជាមិនខាន។ ប៉ុន្តែក្នុងចំណោមនោះប្រិយមិត្តមានដឹងអត់ថាសូម្បីតែនៅក្រោមទឹកក៏មាននៅទីកន្លែងអស្ចារ្យជាច្រើនដែលបន្សល់ទុកពីបុរាណកាលដែរ?
១. ទីក្រុងយ៉ូណាហ្គូនី

យ៉ូណាហ្គូនីគឺជាទីក្រុងក្រោមទឹកដ៏អស្ចារ្យមួយដែលមានទីតាំងនៅប្រទេសជប៉ុនដោយបង្កប់ទៅដោយភាពចម្រូងចម្រាសជាច្រើន និងអាថ៌កំបាំងនៅឆ្នេរសមុទ្រនៃកោះ Ryukyu។ ទីក្រុងយ៉ូណាហ្គូនីត្រូវបានរកឃើញនៅឆ្នាំ ១៩៨៦ ដោយលោក Kihachiro Aratake នាយកនៃសមាគមន៍ទេសចរណ៍ Yonaguni-Cho ខណៈលោកកំពុងសិក្សាពីការសង្កេតមើលរបស់ត្រីឆ្លាមដោយក្នុងពេលនោះលោកបានកត់សម្គាល់ឃើញទីនោះមានទម្រង់មួយចំនួនស្រដៀងនឹងរចនាសម្ព័ន្ធស្ថាបត្យកម្មរាងពីរ៉ាមីត។ ដូច្នេះមិនយូរប៉ុន្មានអ្នកវិទ្យាសាស្រ្តមួយក្រុមដែលដឹកនាំដោយ Masaaki Kimura នៃសាកលវិទ្យាល័យ Ryūkyūs បានទៅដល់ និងសិក្សាពីទីនោះតែម្ដង។ យោងតាមរយៈរបាយការណ៍ពីអ្នកវិទ្យាសាស្រ្តដែលសិក្សានៅទៅនោះកន្លងមកបានបង្ហាញថាទីក្រុងបុរាណនេះបានលេចទឹកអស់ប្រមាណកាលពី ១០០០០ ឆ្នាំមុនដោយមានឆ្លុះបញ្ចាំងពីអរិយធម៌ដែលបានបាត់បង់អស់រយៈពេលជាយូរផងដែរ។ ប៉ុន្តែសម្រាប់មូលហេតុនៃការលេចចូលទៅក្នុងទឹកគឺមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយបញ្ជាក់នៅឡើយទេ។
២. ទីក្រុងតោ

ទីក្រុងក្រោមទឹកដែលគេស្គាល់ថាជាទីក្រុងតោ ឬទីក្រុង Shi Cheng ត្រូវបានលាក់ខ្លួនចម្ងាយ ៤០ ម៉ែត្រពីក្រោមផ្ទៃបឹង Qiandao ភាគខាងកើតប្រទេសចិន។ នៅក្នុងឆ្នាំ ១៩៥៩ បឹង Qiandao បានជួបគ្រោះទឹកជំនន់ដែលធ្វើឱ្យមនុស្សប្រមាណ ៣០០០០ នាក់ត្រូវផ្លាស់ប្ដូរទីលំនៅទើបទីក្រុងតោត្រូវបានគេបោះបង់ចោលអស់មួយរយៈ។ លុះដល់ឆ្នាំ ២០០១ រដ្ឋាភិបាលចិនបានធ្វើបេសកកម្មរុករកទីកន្លែងដែលបានបាត់បង់នៅក្រោមទឹក ទើបប្រទះឃើញទីក្រុងតោ។ យោងតាមរបាយការណ៍នៃការសិក្សាមួយចំនួនបានបង្ហាញថាទីក្រុងតោគឺជាសំណង់ដ៏អស្ចារ្យ និងមានការតុបតែងយ៉ាងប៉ិនប្រសប់តាំងពីទស្សវត្សរ៍ឆ្នាំ ១៣០០ ។ មកដល់ឆ្នាំ ២០១៧ ទីក្រុងតោត្រូវបានរដ្ឋាភិបាលចិនបើកជាកន្លែងសម្រាប់ភ្ញៀវទេសចរចូលទស្សនា។ យ៉ាងណាមិញក៏សព្វថ្ងៃនេះទីក្រុងតោនៅតែត្រូវបានអ្នកជ្រមុជទឹកចុះទៅសិក្សាពីភាពខុសគ្នានៅកន្លែងផ្ទាល់ផងដែរ។
៣. ទីក្រុងអាឡិចសាន់ឌ្រី


អាឡិចសាន់ឌ្រីគឺជាទីក្រុងបុរាណអេហ្ស៊ីបដែលបានបាត់ខ្លួនអស់រយៈពេលជាយូរដែលក្នុងនោះបង្កប់ទៅដោយរឿងព្រេង និងអាថ៌កំបាំងផ្សេងៗជាច្រើនជុំវិញប្រាសាទក្រោមទឹកមួយនេះ។ យោងតាមអ្នកនិពន្ធវិទ្យាសាស្ត្រ Laura Geggel ទីក្រុងដែលបាត់នោះត្រូវបានរកឃើញដំបូងនៅឆ្នេរសមុទ្រ Alexandria ប្រទេសអេហ្ស៊ីបក្នុងឆ្នាំ ២០០០ ហើយបានក្លាយជាកម្មវត្ថុនៃការជីកកកាយជាប្រចាំចាប់តាំងពីពេលនោះមក។ កំលុងពេលនោះមិនត្រឹមតែរកឃើញតែទីក្រុងមួយប៉ុណ្ណោះទេ ប៉ុន្តែគេក៏បានរកឃើញកន្លែងមួយមានឈ្មោះ Thonis-Heracleion ដែលមិនទីតាំងស្ថិតនៅឆ្ងាយបន្តិចពីអាឡិចសាន់ឌ្រី។ យោងទៅតាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្ត ទីក្រុងទាំងពីរត្រូវបានថែរក្សាបានយ៉ាងល្អដែលគេបានសន្និដ្ឋានមានអាយុកាល ២០០០ ឆ្នាំមកហើយ។ កំលុងពេលចុះទៅស្រាវជ្រាវ គេក៏បានប្រទះឃើញនូវបំណែកកាប៉ាល់ផ្សេងៗ និងយុថ្កាដែលបានធ្លាក់ចុះទៅដល់ទៅនោះ សូម្បីតែកំណប់មាសក៏បន្សល់ទុកនៅទីនោះផងដែរ។ សព្វថ្ងៃនេះទីក្រុង Thonis-Heracleion អនុញ្ញាតសម្រាប់តែអ្នកជំនាញច្រមុជទៅទស្សនា ខណៈទីក្រុងអាឡិចសាន់ឌ្រីនឹងត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរបុរាណវិទ្យាក្រោមទឹកនៃ Alexandria ឆាប់ៗនេះ។
៤. ទីក្រុងដាវ៉ាកា

ទីក្រុងក្រោមទឹកដែលមានអាយុ ៣២ ០០០ ឆ្នាំ ឬហៅមួយទៀតថា Gateway to Heaven ដែលស្ថិតនៅប្រហែលជាង ៣០ ម៉ែត្រនៅក្រោមឈូងសមុទ្រ Cambay ប្រទេសឥណ្ឌាត្រូវបានគេរកឃើញក្នុងឆ្នាំ ១៩៨៨។ នៅក្នុងនោះគេបានរកឃើញនូវសំណង់បុរាណ សសរស្ដម្ភ ផ្ទៃក្រឡានៃទីក្រុង និងវត្ថុបុរាណមួយចំនួនដែលស្ថិតក្នុងភាពអាថ៌កំបាំងដោយមនុស្សមួយចំនួនជឿថាមានអាយុកាលយ៉ាងហោចណាស់ ១០ ០០០ ឆ្នាំ អ្នកខ្លះថាមានអាយុកាល ៥០០០ ឆ្នាំ ប៉ុន្តែអ្នកខ្លះវិញទៀតជឿថាមានអាយុកាលតាំងពីមជ្ឈិមសម័យមកម្ល៉េះ។ ទីក្រុងបុរាណ Dwarka របស់ឥណ្ឌាត្រូវបានគេស្គាល់នៅក្នុងវប្បធម៌ហិណ្ឌូថាជាទីក្រុងដ៏អស្ចារ្យ និងស្រស់ស្អាតរបស់ Krishna ។ យោងតាមការសរសេររបស់ហិណ្ឌូបាននិយាយថានៅពេលដែល Krishna បានចាកចេញពីផែនដីដើម្បីចូលរួមក្នុងពិភពខាងវិញ្ញាណ យុគសម័យ Kali បានចាប់ផ្តើម ហើយ Dwarka និងអ្នករស់នៅរបស់វាត្រូវលិចលង់ទឹកដោយសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយអ្នកផ្សេងទៀតអះអាងថានៅឆ្នាំ ១៤៧៣ Mahmud Begada ស្ដេចនៃ Gujarat Sultan គឺជាអ្នកវាយប្រហារទីក្រុង និងបំផ្លាញទីក្រុងដាវ៉ាកានេះ។ ទោះជាយ៉ាងនេះក្តី ក៏ទីក្រុងក្រោមទឹកនេះពិតជាបាត់បង់អស់យូរមកហើយ ហើយក៏ពោរពេញដោយអាថ៌កំបាំង និងរឿងព្រេងដ៏អស្ចារ្យផ្សេងៗផងដែរ។
៥. ទីក្រុង Pavlopetri

នៅក្នុងឆ្នាំ ១៩៦៧ លោកបណ្ឌិត Nicholas Flemming អ្នកស្រាវជ្រាវភូមិសាស្រ្តសមុទ្រមកពីវិទ្យាស្ថានមហាសមុទ្រនៃសាកលវិទ្យាល័យ Southampton បានរកឃើញទីក្រុង Pavlopetri ខណៈលោកសង្កេតមើលឃើញអ្វីមួយដែលមានទម្រង់ដូចជាប្រាសាទបុរាណ។ លុះនៅឆ្នាំ ១៩៦៨ ក្រុមបុរាណវិទូមកពីទីក្រុង Cambridge បានគូសផែនទីនៃទីក្រុងមួយនេះដោយ Pavlopetri ស្ថិតនៅចន្លោះកូនកោះ Pavlopetri និងឆ្នេរ Pounta នៃ Laconia នៅលើឧបទ្វីប Peloponnese ប្រទេសក្រិក។ ទីក្រុងក្រោមទឹកនេះត្រូវបានគេដាក់ឈ្មោះតាមទីតាំងដែលទីក្រុងនេះឈរជើង ហើយក៏ជាទីក្រុងក្រោមទឹកដែលមានអាយុកាលចំណាស់បំផុតតាំងពីយុគសម័យសំរិទ្ធិមកម្ល៉េះ និងត្រូវបានគេកាន់កាប់ពីសហវត្សទីបីរហូតដល់ឆ្នាំ ១១០០ មុនគ.ស។ នៅក្នុងនោះគេក៏បានរកឃើញនូវសំណង់អាគារជាច្រើនមានលក្ខណៈពិសេសដែលស្ថាបត្យកម្មទីនោះមានភាពស្មុគស្មាញដូចជាខ្លោងទ្វារ និងសសរជាដើម។ ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតគឺទីក្រុងក្រោមទឹក Pavlopetri ត្រូវបានគេចាត់ទុកជាភស្ដុតាងនៃការធ្វើពាណិជ្ជកម្មនាជំនាន់នោះ។
គួរបញ្ជាក់ម្ដងទៀតថាក្រៅពីទីក្រុងទាំង ៥ នេះក៏នៅមានទីក្រុងក្រោមទឹកផ្សេងទៀតដូចជាទីក្រុង Port Royal នៅប្រទេសចាម៉ៃកា និងទីក្រុង San Roma de Sau នៅប្រទេសអេស្ប៉ាញជាដើម។ ជាងនេះទៅទៀតមូលហេតុនៃការលិចទឹកនៃកន្លែងគឺមិនទាន់ត្រូវបានសន្និដ្ឋាននៅឡើយទេ ហើយក៏កំពុងតែត្រូវបានគេសិក្សាស្រាវជ្រាវមកដល់សព្វថ្ងៃផងដែរ៕






















































Account
Security
Favourite Content