ភាពយន្តភាគដ៏ល្បីរបស់ Netflix “Squid Game” វគ្គបញ្ចប់បានរក្សាចំណាត់ថ្នាក់លេខ ១ របស់ខ្លួននៅ ៩៣ ប្រទេសសម្រាប់សប្តាហ៍ទីពីរជាប់ៗគ្នា ជាការពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាស៊េរីរឿងពេញនិយមបំបែកកំណត់ត្រា។
ទិន្នន័យពីក្រុមហ៊ុន Netflix ក្នុងថ្ងៃពុធ ទី៩ ខែកក្កដានេះ បង្ហាញថាភាពយន្តភាគ “Squid Game” រដូវកាលទី ៣ បានកត់ត្រាការចូលទស្សនាចំនួន ៤៦.៣ លានដងនៅចន្លោះថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ហើយផ្អែកលើម៉ោងទស្សនាសរុបចែកនឹងរយៈពេលនៃសាច់រឿង ធ្វើឱ្យភាពយន្តនេះអាចរក្សាបានតំណែងកំពូលនៅក្នុងប្រទេសទាំងអស់នៃបញ្ជី Global Top 10 របស់ Netflix។
រយៈពេលត្រឹម ១០ ថ្ងៃបន្ទាប់ពីចេញផ្សាយ ភាពយន្តភាគនេះអាចទាក់ទាញការចូលទស្សនាសរុបដល់ជាង ១០៦ លានដងរួចទៅហើយ ធ្វើឱ្យរឿងនេះក្លាយជាស៊េរីមិននិយាយភាសាអង់គ្លេសដែលមានអ្នកទស្សនាច្រើនបំផុតទីបីនៅក្នុងប្រវត្តិសាស្ត្រ Netflix ។ ជាមួយគ្នានេះ រដូវកាលទាំងបីរបស់ “Squid Game” បច្ចុប្បន្នបានកាន់កាប់តំណែងកំពូល Top 3 នៅក្នុងបញ្ជីចំណាត់ថ្នាក់ស៊េរីមិនមែនភាសាអង់គ្លេសគ្រប់ពេលវេលារបស់ Netflix។
ជាក់ស្ដែង រដូវកាលទី ១ និងទី ២ ក៏បានទទួលការកើនឡើងនៃប្រជាប្រិយភាពឡើងវិញដែរចាប់តាំងពីការចេញផ្សាយរដូវកាលទី ៣ ។ ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយដូចគ្នា “Squid Game” រដូវកាលទី ២ បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានអ្នកចូលមើលចំនួន ៤.៩ លានដង ខណៈដែលរដូវកាលទី ១ ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយចំនួនទស្សនា ៣.៨ លានដង។
ភាពយន្ត “Squid Game” រដូវកាលទី ៣ បានបន្តសាច់រឿងនៃការតស៊ូរបស់តួឯក Gi-hun នៅពេលដែលលោកបានចូលប្រកួតប្រជែងល្បែងមរណៈម្ដងទៀត ក្រោយរងការឈឺចាប់ដោយបាត់បង់មិត្តជិតស្និទ្ធបំផុតរបស់ខ្លួន។ រដូវកាលនេះក៏បានបង្ហាញពីជោគវាសនារបស់ Front Man ដ៏អាថ៌កំបាំង និងអ្នករស់រានមានជីវិតដែលនៅសេសសល់ ដោយបន្តការរិះគន់យ៉ាងខ្លាំងចំពោះធម្មជាតិយង់ឃ្នងរបស់មនុស្ស និងប្រព័ន្ធសង្គមតាមរយៈហ្គេមដែលកាន់តែមានភាពឃោរឃៅ ៕



























Account
Security
Favourite Content