មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍គ្រប់គ្នាតាមរយៈរូបសម្រស់ស្រស់ឆើតឆាយលើកម្រាលព្រំក្រហម ប៉ុន្តែតារាស្រីល្បីឈ្មោះ Selena Gomez បានបង្ហាញវត្តមានក្នុងកម្មវិធីមហោស្រពកានលើកទី៧៧ ជាមួយស្នាដៃភាពយន្តថ្មីដែលទទួលការសរសើរខ្លាំង។

ភាពយន្តបែបល្ខោនតន្ត្រីនិយាយភាសាអេស្ប៉ាញ “Emilia Pérez” ស្នាដៃសម្ដែងថ្មីពីតារាចម្រៀងនិងសម្ដែងអាមេរិក Selena Gomez កំពុងទទួលបានការសរសើរខ្លាំងបំផុតនៅមហោស្រព Cannes ឆ្នាំ ២០២៤ នៅខណៈពេលនេះ ដោយបន្ទាប់ពីការបញ្ចាំងពិសេសបានបញ្ចប់ ទស្សនិកជនបានក្រោកឈរទះដៃអបអររយៈពេលប្រាំបួននាទី។
តួសម្តែង និងផលិតកររឿង “Emilia Pérez” បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ខណៈដែលទស្សនិកជនឈរទះដៃអបអរសាទរ និងស្រែកហ៊ោឱ្យពួកគេ។ ក្នុងនោះ Selena Gomez បានស្រក់ទឹកភ្នែក ដោយស្នាមញញឹម អ្នកដឹកនាំរឿង Jacques Audiard បានដោះមួកគ្រវីចុះឡើងដើម្បីបង្ហាញពីការអរគុណ ខណៈពេលដែល Zoe Saldana បានឱបមិត្តរួមការងារ Édgar Ramírez យ៉ាងរំជួលចិត្ត។

សាច់រឿងនៃភាពយន្តនេះដំណាលអំពីតួអង្គឈ្មោះ Emilia Pérez ជាប្រធានក្រុមជួញដូរគ្រឿងញៀនដែលព្យាយាមធ្វើការវះកាត់ប្តូរភេទ សម្ដែងដោយតារាកែភេទអេស្ប៉ាញ Karla Sofía Gascón ។ តួអង្គសំខាន់៣រូបទៀតរួមមាន Selena Gomez, Zoe Saldaña និងតារាប្រុស Édgar Ramírez ។

មិនត្រឹមតែសាច់រឿង និងការសម្ដែងដ៏សក្ដិសមរបស់តួអង្គសំខាន់ៗដែលទទួលបានសរសើរ ប៉ុន្តែហេតុផលដែល “Emilia Pérez” ត្រូវបានចាប់អារម្មណ៍ខ្លាំងមួយទៀតគឺដោយសារតែអ្នកដឹកនាំរឿងនេះគឺលោក Jacques Audiard ធ្លាប់បានឈ្នះពានរង្វាន់ Palme d’Or នៅមហោស្រពភាពយន្តកានរួចមកហើយ ក្នុងឆ្នាំ ២០១៥ តាមរយៈស្នាដៃដឹកនាំរឿងមុនមានចំណងជើងថា “Deephan”។ លើសពីនេះស្នាដៃដឹកនាំដំបូងរបស់លោកគឺរឿង “Watch the Men Fall” ក៏ត្រូវបានជ្រើសរើសជាខ្សែភាពយន្តដែលចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Cannes និងទទួលបានពានរង្វាន់ César សរុបចំនួន ៣។ គិតមកទល់ពេលនេះ លោកមានស្នាដៃចំនួន ៦ រឿងដែលត្រូវបានជ្រើសរើសដើម្បីចាក់បញ្ចាំងនៅមហោស្រពកាន ៕





























Account
Security
Favourite Content