“APT.” បទចម្រៀងរួមគ្នាដំបូងរបស់សមាជិក BLACKPINK, Rosé និងកំពូលតារាចម្រៀងអាមេរិក Bruno Mars កំពុងវាយលុកខ្លាំងលើអ៊ិនធឺណិត និងបានបំបែកកំណត់ត្រាជាច្រើនលើវេទិកាចម្រៀងទូទាំងពិភពលោក។

ផ្អែកតាម Allkpop សមាជិក BLACKPINK Rosé បានក្លាយជាម្ចាស់កំណត់ត្រាបទចម្រៀងពីតារាខេប៉ុបស្រីដែលមានអ្នកស្ដាប់ថ្ងៃដំបូងច្រើនបំផុតលើ Spotify បន្ទាប់ពីបទ “APT.” របស់នាងជាមួយ Bruno Mars បានទទួលការចូលស្ដាប់រហូតដល់ ៦,៨៥ លានដងក្នុងថ្ងៃដំបូង ខណៈអ្នកកាន់កាប់កំណត់ត្រានេះពីមុនគឺបទ “New Woman” របស់ Lisa សមាជិកក្រុម BLACKPINK ដូចគ្នា ដែលអាចទទួលបានការស្ដាប់ ៦ លានដងក្នុងថ្ងៃចេញដំបូង។


មិនតែប៉ុណ្ណោះ ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ទៀត គឺកាលពីថ្ងៃសៅរ៍ បទចម្រៀង “APT.” បានឡើងដល់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Spotify Chart ដោយទទួលបានការស្ដាប់ចំនួន ១០ លានដងបន្ថែមទៀត ធ្វើឱ្យបទនេះក្លាយជាបទចម្រៀងពីតារាស្រីខេប៉ុប និងតារាអាស៊ីដំបូងក្នុងប្រវត្តិសាស្ត្រដែលមានអ្នកស្ដាប់លើស ១០ លានដងក្នុងមួយថ្ងៃលើ Spotify ខណៈបទដែលកាន់កាប់កំណត់ត្រានេះកន្លងមកគឺបទ “Pink Venom” របស់ BLACKPINK ដូចគ្នា។

លើសពីនេះ បទ “APT” ក៏បានជាប់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងធំៗទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូងដូចជា Melon, Hanteo Chart, Bugs និង Genie Music ហើយនៅលើ Youtube វីដេអូចម្រៀងបទនេះទទួលបានការចូលទស្សនាខ្ទង់ ៧០ លានដងក្នុងរយៈពេលត្រឹម ៣ថ្ងៃ ខណៈនៅលើ Tiktok មានអ្នកបង្ហោះវីដេអូលេងពីបទនេះប្រមាណ ១ សែនវីដេអូ។
គួរបញ្ជាក់ថាបទ “APT.” គឺជា Pre-release track ពីអាល់ប៊ុមទោលដំបូងរបស់ Rosé មានចំណងជើងថា “rosie” ដែលត្រៀមចេញផ្លូវការនៅថ្ងៃទី៦ ខែធ្នូខាងមុខនេះ។ អាល់ប៊ុមនេះនឹងជាការចេញស្នាដៃដំបូងរបស់តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបន្ទាប់ពីបានចុះកុងត្រាជាមួយក្រុមហ៊ុនចម្រៀងអាមេរិក Atlantic Records ដែលជាទ្រនំរបស់តារាអន្តរជាតិល្បីៗជាច្រើនទៀតដូចជា Bruno Mars, Ed Sheeran និង Charli XCX ជាដើម ៕
























Account
Security
Favourite Content