ស្របពេលអ្នកនិពន្ធ និងដឹកនាំរឿងអ្នកស្រី ពាន់ ភួងបុផ្ផា ប្រកាសចាក់ផ្សាយរឿង «កូនប្រសាស្រី» ជាថ្មីម្ដងទៀតភាពយន្តភាគមួយនេះបានកំពុងធ្វើឱ្យមហាជនអ្នកតាមដានទស្សនាជក់ចិត្តខ្លាំង ជាពិសេសត្រង់ឈុតម្ដាយក្មេក និងសាច់ថ្លៃធ្វើបាបនារីជាកូនប្រសាតែម្ដង។

ត្រឡប់មកលើកនេះរឿង «កូនប្រសាស្រី» ធ្វើឱ្យអ្នកនិយមតាមដានទស្សនាភាពយន្តខ្មែរ ស្ទើរឡើងឈាមក្រោយបានទស្សនាចប់មួយភាគៗ ជាពិសេសនៅត្រង់វគ្គដែលគ្រួសារសាច់ថ្លៃមានម្ដាយក្មេក និងបងថ្លៃរួមដៃធ្វើបាបតួឯកស្រីតែម្ដង។ រឿងខ្មែរដែលធ្លាប់ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ ស៊ីធីអិន កាលពីជាង ១០ ឆ្នាំមុនបានវិលត្រឡប់មកជាថ្មីម្ដងទៀតជាមួយសាច់រឿងដដែល ប៉ុន្តែធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តខ្លាំងក្រោយភាគនិមួយៗ នៃរឿងទាំងមូលត្រូវបានចាក់បញ្ចាំងម្ដងទៀត។ មិនតែប៉ុណ្ណោះ ត្រង់ឈុតដែលនារីជាកូនប្រសារងការធ្វើបាបពីសំណាក់ក្រុមគ្រួសារខាងប្ដីតែម្ដងរហូតធ្វើឱ្យមហាជនញ័រសាច់ខឹងសម្បារជំនួសតួឯកស្រី ថែមទាំងចង់ចូលសម្ដែងជំនួសនាងថែមទៀតផង។
ខ្សែរឿងភាគដែលសម្ដែងដោយអ្នកនាង នី មុល្លីកា កំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងម្ដងទៀត ខណៈរឿងមួយនេះបានបង្ហាញតថភាពនៃជីវិតស្ត្រីក្រោយរៀបការនៅក្នុងគ្រួសារដែលទទួលរងការធ្វើបាប ញំញីពីសំណាក់បងប្អូន និងញាតិសាច់ថ្លៃ ជាពិសេសម្ដាយក្មេក។



ខណៈដែលរឿងដុំ «កូនប្រសាស្រី» កំពុងផ្ទុះខ្លាំងនៅក្នុងតិកតុក ក៏ដូចជាហ្វេសបុកអ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធ និងដឹកនាំរឿងក៏បានអំពាវនាវទៅដល់បងប្អូនដែលបានកាត់យកវីដេអូភាគខ្លីៗនៅក្នុងខ្សែរឿងភាគមួយនេះទៅផ្សព្វផ្សាយបន្តសូមជួយដាក់កម្មសិទ្ធិបញ្ញាឱ្យម្ចាស់ដើមផង បន្ថែមពីលើនេះដែរលោកស្រីក៏បានអរគុណសម្រាប់អ្នកដែលបានផ្សព្វផ្សាយទាំងឡាយដែលបានដាក់កម្មសិទ្ធិបញ្ញារួចរាល់។

គួរបញ្ជាក់ឱ្យដឹងផងដែរថា រឿង «កូនប្រសាស្រី» ចាក់បញ្ចាំងបាន១០ភាគហើយនៅលើ ឆាណែលយូធូប Poan Phoung Bopha TV វេលាម៉ោង១២ថ្ងៃត្រង់។ ក្រៅអំពីរឿង «កូនប្រសាស្រី» ក៏នៅមានរឿងដុំមួយចំនួនដែលបានយកមកចាក់ផ្សាយឡើងវិញនៅលើឆាណែលយូធូប Poan Phoung Bopha TV ដែលមានដូចជា ខ្ញុំជាអ្នកណា? ស្នាមស្នេហ៍សមុទ្ររាម កុមារី ២៥ ឆ្នាំ រាជិនីដួងចិត្ត ស្នេហ៍មិនឈ្នះស្និត និងនាយឡប់ជំពប់ស្នេហ៍៕
ទស្សនារឿង «កូនប្រសាស្រី» នៅលើឆាណែលយូធូប៖























Account
Security
Favourite Content