ត្បិតថាតារាចម្រៀងអាមេរិក Miley Cyrus បានចេញអាល់ប៊ុមឱ្យអ្នកគាំទ្ររបស់ខ្លួនបានស្ដាប់ជារឿយៗ ដូចជាអាល់ប៊ុម Endless Summer Vacation ឆ្នាំ ២០២៣ ដែលជាជោគជ័យដ៏ធំធេងជាមួយបទចម្រៀងពេញនិយម Flower និង Used to be Young រហូតដល់អាល់ប៊ុមចុងក្រោយគឺ Something Beautiful ដែលទើបចេញផ្សាយកាលពីខែឧសភា ប៉ុន្តែតារាស្រីវ័យ ៣២ឆ្នាំរូបនេះនៅតែប្រកាន់ខ្ជាប់គំនិតមិនចេញប្រគំតន្ត្រីទេសចរណ៍ពិភពលោកដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់នាងនោះឡើយ។

ក្នុងបទសម្ភាសន៍នៅកម្មវិធី Good Morning America តារាចម្រៀង Miley Cyrus បាននិយាយអំពីមូលហេតុដែលនាងមិនចង់ទៅប្រគំតន្ត្រីម្តងទៀត បើទោះបីជានាងទើបតែចេញអាល់ប៊ុមចម្រៀង Something Beautiful កាលពីប៉ុន្មានខែមុនក៏ដោយ។ នាងបានធ្វើការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយក្នុងឆ្នាំ ២០១៤ ដែលមានរយៈពេល ៩ ខែនិង ៧៨ ឆាកសម្ដែង។ នាងបាននិយាយថា៖ «រាងកាយខ្ញុំមានកម្លាំងគ្រប់គ្រាន់ ហើយខ្ញុំមានឱកាសបានដើរកម្សាន្តដែលខ្ញុំប្រាថ្នាចង់ធ្វើ ប៉ុន្តែចិត្តខ្ញុំមិនចង់ចេញ Tour ទាល់តែសោះ»។
Miley Cyrus ក៏ជឿថាឧស្សាហកម្មតន្ត្រីមិនមានរចនាសម្ព័ន្ធសម្រាប់គាំទ្រសិល្បករទេ ព្រមទាំងបានលើកយកតារាចម្រៀង Prince ជាឧទាហរណ៍៖ «យើងមានសិល្បករដូចជា Prince ដែលលែងនៅជាមួយយើងហើយ។ គាត់បានប្រើជីវិតយ៉ាងលំបាកក្នុងខណៈចេញប្រគំតន្ត្រីទេសចរណ៍ ហើយខ្ញុំគិតថាវាពិបាកណាស់ក្នុងការការពារខ្លួនមិនឲ្យប្រើប្រាស់សារធាតុញៀនពេលទៅប្រគំតន្ត្រី ដែលនេះជារឿងសំខាន់ដែលខ្ញុំប្រកាន់ខ្ជាប់ក្នុងជីវិតរបស់ខ្ញុំ»។
សម្រាប់ Miley Cyrus ការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អក៏ជារឿងសំខាន់ណាស់ដែរ ហើយនាងគិតថាវាពិបាកក្នុងការធ្វើដូច្នេះនៅពេលនាងចេញប្រគំតន្ត្រីទេសចរណ៍ពិភពលោក។
«មានមនុស្សរាប់ម៉ឺននាក់បានស្រែកលើកទឹកចិត្តអ្នក ហើយអ្នកក៏ទទួលបានអារម្មណ៍ថាមានក្ដីសុខ និងទទួលបានក្ដីស្រលាញ់ដ៏លើសលប់ ប៉ុន្តែពេលការសម្ដែងត្រូវបញ្ចប់ អ្នកបែរជាមានអារម្មណ៍សោកសៅយ៉ាងចម្លែក ព្រោះចាប់ផ្ដើមគិតថាក្ដីស្រលាញ់ពីមនុស្សម្នាក់មិនគ្រប់គ្រាន់ទេ។ អ្នកត្រូវការក្ដីស្រលាញ់ពីមនុស្ស ១០ ០០០ ឬ ៨០ ០០០០ នាក់»។ ម្ចាស់បទ “Wrecking Ball” រៀបរាប់ ៕

























Account
Security
Favourite Content