នៅក្នុងរឿងភាគកូរ៉េ រូបភាពរបស់វេជ្ជបណ្ឌិតស្រី គឺជាចំណុចពិសេសមួយដែលតែងទាក់ទាញអ្នកទស្សនា ជាមួយនឹងភាពវៃឆ្លាត ភាពរឹងមាំ និងភាពឆើតឆាយរបស់ពួកគេ។ ប្រសិនបើអ្នកជាអ្នកគាំទ្រតួអង្គទាំងនេះ ខាងក្រោមនេះគឺជាបណ្ដុំវេជ្ជបណ្ឌិតស្រីស្អាត និងគួរឱ្យចងចាំបំផុតទាំង 5 នាក់ ដែលបានលេចមុខក្នុងរឿងភាគកូរ៉េក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ។
ឆ្នាំ 2021៖ Yoo In Na ក្នុងរឿង Snowdrop

ទីមួយក្នុងបញ្ជីគឺ Yoo In Na ដែលដើរតួជាវេជ្ជបណ្ឌិតដ៏ស្រស់ស្អាតឈ្មោះ Chung Ha នៅក្នុងរឿង Snowdrop ដែលមានការសម្តែងតួឯកដោយ Jisoo សមាជិកក្រុម BLACKPINK និង Jung Hae In ។ និយាយពីរឿងរ៉ាវកើតឡើងក្នុងឆ្នាំ 1987 ក្នុងអំឡុងពេលមានភាពចលាចលដោយសារសង្គ្រាម តួអង្គរបស់នាងមិនត្រឹមតែជាវេជ្ជបណ្ឌិតដែលមានទំនួលខុសត្រូវ និងមានមន្តស្នេហ៍ប៉ុណ្ណោះទេ តែថែមទាំងជាចារកម្មសម្ងាត់របស់កូរ៉េខាងជើងទៀតផង។
ទោះបីជាមិនត្រូវបានចាត់ទុកថាជាតារាលំដាប់ A ក៏ដោយ ប៉ុន្តែ Yoo In Na បានសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំសម្រាប់ខ្លួននាងជាមួយនឹងការសម្ដែងមិនអាចបំភ្លេចបានជាច្រើនរឿង ជាពិសេសពេលដើរតួម្ចាស់ហាងមាន់បំពងដ៏ចម្លែកនៅក្នុងរឿង Goblin ។
ឆ្នាំ 2022៖ Son Ye Jin ក្នុងរឿង Thirty-Nine

នៅឆ្នាំ 2022 Son Ye Jin បានគ្រងឈុតវេជ្ជបណ្ឌិតដ៏ស្រស់ស្អាតតាមរយៈការសម្ដែងជាតួអង្គ Cha Mi Jo ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកដ៏ជោគជ័យក្នុងរឿង Thirty-Nine ។ ថ្វីត្បិតតែស្ថិតក្នុងវ័យ 40 ឆ្នាំ និងនៅលីវក៏ដោយ ក៏ជីវិតរបស់នាងនៅឆ្ងាយពីភាពឯកា ដោយសារមិត្តភក្តិជិតស្និទ្ធពីរនាក់ ហើយទីបំផុតក៏បានជួបទំនាក់ទំនងស្នេហាដ៏មានន័យ។
ជាតារាសម្ដែងល្បីជើងចាស់មួយរូបក្នុងឧស្សាហកម្សាន្តរបស់កូរ៉េ Son Ye Jin ត្រូវបានគេស្គាល់តាមរយៈរឿងភាគ និងភាពយន្តបែបមនោសញ្ចេតនាជាច្រើន រួមមាន Summer Scent, The Classic, A Moment to Remember, Be With You និង Crash Landing on You។
ឆ្នាំ 2023៖ Lee Sung Kyung ក្នុងរឿង Dr. Romantic

តួអង្គម្នាក់ទៀតដែលមិនអាចខ្វះបានក្នុងបញ្ជីនេះគឺ Lee Sung Kyung ដែលបានដើរតួជា Cha Eun Jae ក្នុងរឿងភាគ Dr. Romantic រដូវកាលទី 3 ។ លេចមុខដំបូងក្នុងរដូវកាលទី 2 (ឆ្នាំ 2020) តួអង្គរបស់នាងនៅតែជាតួសំខាន់សម្រាប់ការវិលត្រឡប់មកវិញរបស់ស៊េរីរឿងនេះនៅឆ្នាំ 2023 ។ ចាប់ដៃគូជាមួយនឹងតារាសម្ដែង Ahn Hyo Seop នាងបាននាំមកនូវរឿងរ៉ាវស្នេហាដ៏គួរឱ្យទាក់ទាញក្នុងពិភពវេជ្ជសាស្ត្រដែលមានសម្ពាធខ្ពស់។
ដើមឡើយជាតារាបង្ហាញម៉ូត Lee Sung Kyung បានផ្លាស់ប្តូរចូលសម្តែងក្នុងឆ្នាំ 2014 ហើយចាប់តាំងពីពេលនោះមកក៏បានក្លាយជាតារាល្បីមួយរូបនៅលើកញ្ចក់ទូរទស្សន៍។ នៅឆ្នាំ 2025 នាងនឹងសម្តែងជាតួឯកជាមួយតារាប្រុស Lee Dong Wook ក្នុងរឿងបែប action និងមនោសញ្ចេតនា The Good Man ។
ឆ្នាំ 2024៖ Park Shin Hye ក្នុងរឿង Doctor Slump

ក្នុងឆ្នាំ 2024 Park Shin Hye បានត្រលប់មកវិញយ៉ាងជោគជ័យតាមរយៈការដើរតួជា Nam Ha Neul ក្នុងរឿង Doctor Slump ដោយចាប់ដៃគូជាមួយតារាប្រុស Park Hyung Sik ។ ជាអតីតនិស្សិតកំពូលម្នាក់ដែលបានក្លាយជាវេជ្ជបណ្ឌិត Nam Ha Neul បានតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត បើទោះបីជានាងទទួលបានជោគជ័យក៏ដោយ ជាការបង្ហាញពីបញ្ហាប្រឈមសុខភាពផ្លូវចិត្តដែលអ្នកក្នុងវិស័យនេះតែងតែជួបប្រទះ។
មុនរឿងនេះ Park Shin Hye ទទួលបានភាពល្បីល្បាញតាមរយៈស្នាដៃល្បីៗជាច្រើនដូចជា The Heirs, Pinocchio, Doctors, Memories of the Alhambra និង The Judge from Hell ។
ឆ្នាំ 2025៖ Go Youn Jung ក្នុងរឿង Resident Playbook

បិទបញ្ជីគឺ Go Youn Jung ដែលបានក្លាយជាវេជ្ជបណ្ឌិតកំពូលសម្រស់ឆ្នាំ 2025 តាមរយៈការដើរតួជា Oh Yi Young ក្នុងរឿង Resident Playbook ។ ជានារីវ័យក្មេងម្នាក់ត្រូវជាប់គាំងក្នុងបំណុល នាងបានចូលធ្វើការក្នុងមន្ទីរពេទ្យ Yulje ជាមួយចំណង់ចំណូលចិត្តតិចតួច និងមានគម្រោងធ្វើការតែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែចុងក្រោយការងារនេះក៏ធ្វើឱ្យនាងរីកចម្រើន ទទួលបានទំនាក់ទំនងថ្មីៗ និងគោលបំណងថ្មី។
បើប្រៀបធៀបទៅនឹងតារារៀមច្បងក្នុងបញ្ជីនេះ Go Youn Jung គឺជាតារាទើបរះមួយរូប ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឆ្នាំ 2022 តាមរយៈរឿងភាគ Alchemy of Souls: Light and Shadow មុននឹងបន្តជាមួយរឿង Moving និង Death’s Game។
និយាយសរុបជារួមវិញ តារាស្រីទាំង ៥ នាក់បាននាំមកនូវទស្សនិយភាពពិសេស ព្រមជាមួយការរំឭកអ្នកទស្សនាថា នៅពីក្រោយអាវសនីមួយៗ គឺមានរឿងរ៉ាវដ៏ស្មុគស្មាញ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលរង់ចាំការលាតត្រដាង។ មិនថាអ្នកចាប់អារម្មណ៍នឹងរឿងរ៉ាវស្នេហា បញ្ហាផ្លូវចិត្តស៊ីជម្រៅ ឬរឿងភាគវេជ្ជសាស្ត្រដែលចាយទុនខ្ពស់នោះទេ ប៉ុន្តែតួអង្គទាំង ៥ រូបនេះនឹងបញ្ជាក់ថាបេះដូងរបស់ពេទ្យស្រីគឺគួរឱ្យទាក់ទាញមិនចាញ់ចំណេះដឹងនិងសម្រស់របស់ពួកគេនោះទេ ៕























Account
Security
Favourite Content