តារាសម្ដែងហូលីវូដ Jason Momoa បានចូលរួមពិធីសម្ពោធភាពយន្ត “A Minecraft Movie” នៅទីក្រុងឡុងដ៍ ជាមួយម្តាយ និងមិត្តស្រីរបស់ខ្លួន គឺតារាសម្តែង Adria Arjona កាលពីថ្ងៃទី៣០ មីនា ជាថ្ងៃដែលចក្រភពអង់គ្លេសប្រារព្ធទិវាអ្នកម្ដាយ។


ភាពយន្ត “A Minecraft Movie” ត្រូវបានផលិតឡើងដោយផ្អែកតាមវីដេអូហ្គេមស៊ុយអែតដ៏ល្បីល្បាញកាលពីឆ្នាំ ២០១១ គឺហ្គេម “Minecraft” ដែលជាវីដេអូហ្គេមលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ។
ក្រៅពី Jason Momoa ភាពយន្តនេះចូលរួមសម្ដែងដោយតារាប្រុស Jack Black ជាបុរសម្នាក់ដែលបានចំណាយពេលស្ទើរពេញមួយជីវិតក្នុងពិភព Overworld មុនពេលតួអង្គជាមនុស្ស ៤ នាក់ទៀតរួមមានJason Momoa, Danielle Brooks, Emma Myers និង Sebastian Hansen បានធ្លាក់ចូលមកកាន់ពិភពចម្លែកនេះដោយចៃដន្យ និងត្រូវឆ្លងកាត់រឿងជាច្រើនដើម្បីអាចត្រលប់ទៅកាន់ពិភពលោកធម្មតាវិញ។

មានតួនាទីជាផលិតករមួយរូបដែរសម្រាប់ភាពយន្តនេះ តារាសម្ដែង Jason Momoa ដែលត្រូវបានគេស្គាល់ច្រើនផងដែរថាជាតួរឿង “Aquaman” បាននិយាយថាសម្ពាធដ៏ធំសម្រាប់លោកគឺត្រូវធ្វើយ៉ាងណាឱ្យភាពយន្តនេះអាចបម្រើអារម្មណ៍អ្នកគាំទ្ររបស់ហ្គេមនេះផ្ទាល់ដែលមានចំនួនយ៉ាងច្រើនលើសលប់ ព្រមទាំងអាចបង្កើតបទពិសោធន៍សប្បាយរីករាយសម្រាប់ទស្សនិកជនទូទៅផងដែរ។
ភាពយន្តបែបផ្សងព្រេងនេះដែរត្រូវបានដឹកនាំដោយលោក Jared Hess ដែលជាផលិតករពីក្រោយភាពយន្តល្បីៗដូចជា “Napoleon Dynamite” និង “Nacho Libre” ។
ភាពយន្ត “A Minecraft Movie” ដែលចំណាយរយៈពេលសរុបជាងមួយទសវត្សរ៍ និងដើមទុន ១៥០ លានដុល្លារក្នុងការផលិត នឹងចេញបញ្ចាំងទូទាំងពិភពលោកចាប់ពីថ្ងៃទី២ ខែមេសា ខាងមុខនេះ ៕



























Account
Security
Favourite Content