មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុននិងកម្ពុជា បានប្រកាសបើកមហោស្រពលើកទី១២ របស់ខ្លួនជាផ្លូវការនៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) ក្រោមប្រធានបទ «មិត្ដភាពស្រស់បំព្រងរបស់យើង» និងក្រោមវត្តមានថ្នាក់ដឹកនាំក្រសួងអប់រំ ក្រសួងការបរទេស និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកឯកឧត្តម តាកិអ៊ិ ស៊ុនស៊ុកិ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានសម្តែងសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធិបើក ព្រមទាំងយល់ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ចំណងមិត្តភាពដ៏រឹងមាំរវាង ប្រជាជនជប៉ុន និងកម្ពុជា។
អនុរដ្ឋមន្ត្រីរូបនេះក៏បានបន្ថែមថា «តាមរយៈមហោស្រពនេះ ខ្ញុំសង្ឍឹមថា ប្រជាជនជាច្រើននឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ជប៉ុន និងកម្ពុជា។ ខ្ញុំសង្ឍឹមយ៉ាងមុតមាំថា មិត្តភាពរបស់យើងនឹងរីកសុះសាយដូចប្រធានបទនៃព្រឹត្តិការណ៍នេះ»។
ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលតំណាងឲ្យកម្ពុជាក៏បានសម្តែងការស្វាគមន៍ចំពោះមហោស្រពមួយនេះ និងយល់ថា ជាឱកាសបង្ហាញសម្រាប់ប្រជាជនប្រទេសទាំងពីរ ទទួលបានបទពិសោធន៍ដ៏មានតម្លៃពីទម្រង់បែបប្រពៃណី និងភាពទំនើបនៃសិល្បៈខ្មែរ-ជប៉ុន។

ឯកឧត្តមបន្តថា «ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណ ចំពោះ មហោស្រពគីហ្សូណាឆ្នាំ២០២៣ ព្រោះវាបានរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងរឹតចំណងមិត្តភាពល្អរបស់យើង»។
មហោស្រពដ៏ធំបែបសិល្បៈមួយនេះមានកម្មវិធីជាច្រើនក្នុងទម្រង់ជាសិក្ខាសាលាបឋកថា ពិព័រណ៍សិល្បៈ វប្បធម៌ ការអប់រំម្ហូបអាហារ និងកីឡានានា ដូចជាសាកល្បងស្លៀកសម្លៀកបំពាក់ជប៉ុនយូកាតា, សិល្បៈបត់ក្រដាស-អូរីហ្គាមី និងការសរសេរអក្សរផ្ចង់បែបជប៉ុន-ស្យូដូ, សាកល្បងរៀនរចនាក្រចកជាមួយអ្នកគ្រូអ៊ីម៉ៃ និងអ្នកគ្រូអូនុម៉ា, ការនិទានរឿង និងគំនូរផាត់ពណ៌, ធ្វើបន្ដោងសោផ្កាចន្ទន៍ពីស្លឹកត្នោត, ពិព័រណ៍សម្លៀកបំពាក់ឡូលីតា, ពិព័រណ៍គំនូរដោយអ្នកបាត់ដំបង និងថែមទាំងមានការប្រគំតន្ត្រី ដែលមានវត្តតារាល្បីៗកម្ពុជា ដូចជាកញ្ញា ម៉ម ឡរ៉ា និងម៉ានីតជាដើម។
សូមជម្រាបថា មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជាឆ្នាំ ២០២៣ នឹងបើកទ្វារឲចូលទស្សនាដោយសេរីនៅមជ្ឈមណ្ឌល CJCC ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបញ្ចប់នៅថ្ងៃអាទិត្យទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣៕






























Account
Security
Favourite Content