សមាជិកក្រុម BTS – Jimin បានបង្កើតសមិទ្ធផលថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រ K-pop ដោយសម្រេចបានការចូលស្ដាប់លើសពី ៦.៥ ពាន់លានដង នៅលើកម្មវិធី Spotify តាមរយៈបទចម្រៀងទោលសុទ្ធ (Solo tracks) ដោយមិនមានការសហការជាមួយសិល្បករដទៃ។

នៅលើកម្មវិធីស្ដាប់តន្ត្រីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ Jimin អាចទទួលបានការចូលស្ដាប់សរុបជាង ៦.៥ ពាន់លានដង ពីបទចម្រៀងទោលចំនួន ២២ បទ ដែលលោកបានចេញដោយគ្មានការចូលរួមពីសិល្បករផ្សេង។ សមិទ្ធផលនេះបានធ្វើឱ្យ តារាវ័យ ៣០ឆ្នាំរូបនេះក្លាយជាសិល្បករទោល K-pop ដំបូងគេ និងតែម្នាក់គត់ ដែលឈានដល់តួលេខដ៏ខ្ពស់បែបនេះ តាមរយៈបទចម្រៀងដែលមិនមែនជាការសហការ។
យោងតាម Profile Spotify ផ្លូវការរបស់លោក Jimin បានបញ្ចេញបទចម្រៀងសរុបចំនួន ៣៤ បទ (រួមទាំងបទដែលសហការជាមួយអ្នកដទៃ) ដែលមានការចូលស្ដាប់សរុបចំនួន ៧.៩៤ ពាន់លានដង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ជាង ៨០ ភាគរយនៃចំនួនស្ដាប់ទាំងនោះ បានមកពីបទចម្រៀងទោលរបស់លោកផ្ទាល់ ដែលនេះសបញ្ជាក់ឱ្យឃើញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់លោកក្នុងនាមជាសិល្បករឯករាជ្យ។
បទចម្រៀងដែលនាំមុខគេក្នុងចំណោមនេះគឺបទ “Who” ដែលជាបទនាំមុខក្នុងអាល់ប៊ុមទោលទីពីររបស់លោកមានឈ្មោះថា ‘MUSE’។ បទនេះបានជាប់ក្នុងតារាង Billboard Hot 100 រហូតដល់ ៣៣ សប្តាហ៍ ហើយគិតត្រឹមថ្ងៃទី ២៤ ខែមករា បទនេះសម្រេចបានការចូលស្ដាប់ចំនួន ២.២៥ ពាន់លានដងលើ Spotify។
ចំណែកបទ “Like Crazy” ពីអាល់ប៊ុមទោលដំបូង ‘FACE’ ក៏ជាបទដ៏សំខាន់ក្នុងអាជីពរបស់តារាចម្រៀងរូបនេះផងដែរ។ បទនេះធ្លាប់បានបង្កើតប្រវត្តិសាស្ត្រក្លាយជាបទចម្រៀងដំបូងគេរបស់សិល្បករទោលកូរ៉េ ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ លើតារាង Billboard Hot 100 ហើយបច្ចុប្បន្នវាមានការចូលស្ដាប់លើសពី ១.៤១ ពាន់លានដងលើ Spotify។
ចំពោះជោគជ័យនៃអាល់ប៊ុមវិញក៏មានភាពលេចធ្លោមិនចាញ់គ្នាដែរ ដោយអាល់ប៊ុម ‘FACE’ ទទួលបានការចូលស្ដាប់សរុបជាង ២.៦៩ ពាន់លានដង ខណៈដែលអាល់ប៊ុម ‘MUSE’ សម្រេចបាន ៣.៧ ពាន់លានដង ក្នុងរយៈពេលខ្លីបំផុតមិនធ្លាប់មានសម្រាប់អាល់ប៊ុមជាភាសាកូរ៉េ។ តាមរយៈកំណត់ត្រាទាំងនេះ Jimin បានបញ្ជាក់ជាថ្មីនូវវត្តមានដ៏រឹងមាំរបស់លោក ក្នុងនាមជាសិល្បករទោលកម្រិតសកលនៅក្នុងទីផ្សារតន្ត្រីអន្តរជាតិ ៕

























Account
Security
Favourite Content