បន្ទាប់ពីបានប្រកាសថានឹងចូលរួមក្នុងគម្រោងភាពយន្តគំនូរជីវចលថ្មី តារាចម្រៀងល្បីអាមេរិក Ariana Grande ក៏បានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នាងមិនបានបោះបង់អាជីពចម្រៀង ដើម្បីផ្ដោតលើការងារភាពយន្តនោះទេ។

តារាចម្រៀងម្ចាស់បទ “Thank U, Next” និងជាតួឯកស្រីម្នាក់ក្នុងភាពយន្ត “Wicked” បានចែករំលែករូបថតរបស់នាងជាមួយតារាសម្ដែង Josh Gad កាលពីថ្ងៃទី១៦ ខែកក្កដា ព្រមទាំងបញ្ជាក់ចំណងជើងភាពយន្តថ្មី “Oh, The Places You’ll Go!” ដូចដែលក្រុមហ៊ុន Warner Brothers បានប្រកាសថា អ្នកទាំងពីរនឹងត្រូវបញ្ចូលសំឡេងតួឯកក្នុងគម្រោងភាពយន្តគំនូរជីវចលមួយនេះដែលគ្រោងចេញបញ្ចាំងក្នុងឆ្នាំ២០២៨។
គួរបញ្ជាក់ថា Ariana Grande ក៏គ្រោងនឹងត្រលប់មកបង្ហាញមុខជាតួអង្គមេមត់ Glinda សាជាថ្មីនៅចុងឆ្នាំនេះនៅក្នុងភាពយន្តរឿង “Wicked: For Good” ដែលជាវគ្គបញ្ចប់សម្រាប់ភាពយន្តល្ខោនតន្ត្រីដ៏ល្បី “Wicked”។
ទោះជាកាលវិភាគការងារសម្ដែងហាក់មានភាពមមាញឹក ប៉ុន្តែ Ariana បានសរសេរនៅលើ Instagram របស់ខ្លួនថា វាមិនអាចទៅរួចទេ ដែលគ្រប់គ្នាសន្មត់ថានាងរវល់ជាមួយការងារភាពយន្តពេញដៃ ហើយមានគម្រោងបោះបង់ការងារច្រៀង និងផលិតតន្ត្រីចោល។ នាងបញ្ជាក់ថា ការងារចម្រៀងគឺជាជីវិតរបស់នាង ដូច្នេះនាងនឹងមានពេលវេលាសម្រាប់វាជានិច្ច។


Ariana Grande បានចេញអាល់ប៊ុមចម្រៀងចុងក្រោយរបស់នាង “Eternal Sunshine” ក្នុងឆ្នាំ ២០២៤ ហើយក្រោយមកក៏បានចេញជា deluxe version ក្នុងខែមីនាឆ្នាំនេះ ប៉ុន្តែនាងមិនទាន់បានធ្វើតន្ត្រីទេសចរណ៍ពិភពលោកសម្រាប់អាល់ប៊ុមនេះនៅឡើយទេ។ តាមរយៈសារដែលបានបង្ហោះ Grande បានបង្ហើបថានាងនឹងធ្វើការសម្ដែងម្តងទៀតនៅឆ្នាំ ២០២៦។
តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបានសរសេររៀបរាប់ថា៖ “មើលទៅប្រហែលមិនដូចពីមុន ប៉ុន្តែខ្ញុំចូលចិត្តអ្វីដែលនៅក្នុងខួរក្បាលខ្ញុំពេលនេះ។ ខ្ញុំកំពុងរីករាយ។ ខ្ញុំមានអារម្មណ៍ដឹងគុណ រំភើប និងលើកទឹកចិត្ត… ការស្វែងរកតុល្យភាពរវាងគម្រោងជាច្រើន និងការងារដែលខ្ញុំស្រលាញ់ ហើយធ្វើវាតាមវិធីរបស់ខ្ញុំ… ដូច្នេះខ្ញុំកំពុងរៀបចំផែនការច្រៀងជូនអ្នកទាំងអស់គ្នានៅឆ្នាំក្រោយ ទោះបីជាមានពេលតែបន្តិចក៏ដោយ។ ខ្ញុំស្រលាញ់អ្នក” ៕


























Account
Security
Favourite Content