ក្នុងអំឡុងខែ ឧសភា សត្វទោចមកុដក្នុងព្រៃអង្គរបានផ្ដល់កំណើតកូនតូច១ក្បាល ហើយត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងអង្គការដៃគូដាក់ឈ្មោះឱ្យថា រៃ ធ្វើឱ្យកំណើនសត្វទោចមកុដ មានចំនួនសរុប ១៥ក្បាល។

សត្វទោចមកុដដែលទើបចាប់កំណើតមួយនេះជាសមាជិកទី៣ នៃគ្រួសារទោចមកុដក្នុងព្រៃអង្គរដែលមានសមាជិកសរុប ៥ ក្បាល ឪពុករបស់វាឈ្មោះ បារាយណ៍ ម្ដាយឈ្មោះ សារ៉ានិច ហើយបងទី១ឈ្មោះ កន្តេះឡង់ និងបងទី២ឈ្មោះ ក្ដាមទូក (ឈ្មោះនៃសមាជិកគ្រួសារសត្វទោចមកុដនេះត្រូវបានដាក់ឱ្យដោយលោក Nick Mark អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា។
គួររម្លឹកឱ្យដឹងថា កាលឆ្នាំ ២០១៣ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នាំយកសត្វទោចប្រភេទនេះមកព្រលែងនៅក្នុងឧទ្យានអង្គរ ជាបន្តបន្ទាប់គម្រោងនេះបាននាំយកទោចមកុដចំនួន ៤គូឬ៤គ្រួសារ មកព្រលែងនៅតាមទីតាំងផ្សេងៗឆ្ងាយពីគ្នាក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បង្កើតកូនបានចំនួន៧ក្បាលរួចហើយ។






គួរឱ្យដឹងថា សត្វតូចមកុដក្នុងព្រៃអង្គរទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកអាជ្ញាធរជាតិអប្សរា ទាំងការរស់នៅ និងចំណីអាហារ។ ជាធម្មតា ការផ្ដល់ចំណីធ្វើឡើង ២ ដងក្នុង១ថ្ងៃ ព្រឹកនិងរសៀល។ ចំណីរបស់សត្វទោចមកុដមាន ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា៕
រូបភាព ៖ អាជ្ញាធរជាតិអប្សរា























Account
Security
Favourite Content