ជាការពិតក្រោយពេលបែកគ្នាហើយ មនុស្សស្រីតែងតែជាភាគីម្ខាងដែលងាយនឹងរងការប៉ះទង្គិចផ្លូវចិត្តខ្លាំងជាងបុរស។ ហេតុនេះហើយទើបនាងឈឺចាប់ នាងកើតទុក្ខ ហើយសម្រក់ទឹកភ្នែកតែម្នាក់ឯងធ្វើជីវិតអាប់អួ រកផ្លូវចេញស្ទើរមិនឃើញ។ យ៉ាងណាមិញទោះជាឈឺចាប់បន្ដិចមែន ប៉ុន្តែវាមិនមែនជាថ្ងៃចុងក្រោយនៃពិភពលោកនោះទេ ហេតុអ្វីចាំបាច់ទើបត្រូវបណ្ដោយឱ្យជិវិតយើងប្រែជាអាប់អួរបែបនេះ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនារីៗនូវគន្លឹះខ្លះៗធ្វើឱ្យជីវិតស្រស់ស្រាយឡើងវិញក្រោយពេលបែកគ្នា៖
១. ទទួលយកការពិត
រឿងដំបូងបំផុតដែលយើងត្រូវធ្វើនោះគឺការទទួលយកការពិត ហើយបោះបង់ចោលអតីតកាល។ ទោះបីជាការបែកគ្នាអាចជារៀងឈឺចាប់ក៏ដោយ ក៏មិនត្រូវព្យាយាមបណ្ដោយឱ្យខ្លួនឯងរស់នៅជាមួយនឹងរឿងដែលកន្លងហួសនោះដែរ។ ជាមួយគ្នានេះដែរ នៅក្នុងកំលុងពេលនោះ យើងគួរតែព្យាយាមយល់ថារាល់ទំនាក់ទំនងដែលបានកើតឡើង និងបញ្ចប់ដោយមានហេតុផលណាមួយ។ ដូច្នេះមិនចាំបាច់ត្រូវចំណាយពេលឈឺចាប់ច្រើនពេកទេ គួរតែអនុញ្ញាតឱ្យខ្លួនឯងដើរទៅមុខបន្ដទៀតដើម្បីស្វែងរកអ្វីដែលប្រសើរជាងមុន។
២. ផ្ដោតលើខ្លួនឯង
ក្នុងកំលុងពេលបែកគ្នាគឺជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីក្នុងថែទាំខ្លួនឯងឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការចំណាយពេលថែរក្សាសម្រស់ តុបតែងខ្លួន និងធ្វើលំហាត់ប្រាណអាចជួយឱ្យយើងបានស្អាត និងសុខភាពល្អក្នុងពេលតែមួយផងដែរ។ ទន្ទឹមនឹងនេះ ការថែរក្សាខ្លួនឯងមិនត្រឹមតែជួយឱ្យមនុស្សស្រីមានអារម្មណ៍ជឿជាក់ប៉ុណ្ណោះនោះ ប៉ុន្តែក៏ជាការបញ្ជាក់អំពីតម្លៃផ្ទាល់ខ្លួនទៀតផង។
៣. ព្យាយាមធ្វើសកម្មភាពថ្មីៗ
រឿងមួយទៀតដែលគួរធ្វើក្រោយពេលចែកផ្លូវគ្នាគឺការដោះលែងខ្លួនឯង និងព្យាយាមចូលរួមគ្រប់សកម្មភាពថ្មីៗតាមចំណង់ចំណូលរបស់ខ្លួនឯងរួមមានការផ្សងព្រេង ការធ្វើដំណើរកម្សាន្ដ ឬការរៀនធ្វើម្ហូបជាដើម។ សកម្មភាពទាំងនេះគឺសុទ្ធសឹងតែឱកាសសម្រាប់មនុស្សស្រីក្នុងស្វែងរកបន្ថែមអំពីខ្លួនឯង និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ ជាពិសេសក៏ជាពេលវេលាមួយដែលអនុញ្ញាតឱ្យភាពរីករាយ និងអត្ថន័យថ្មីៗចូលមកក្នុងជីវិតរបស់ខ្លួនឯងបន្ថែមទៀត។
៤. កំណត់គោលដៅផ្ទាល់ខ្លួន
មនុស្សស្រីយើងគួរតែងាកមកកំណត់គោលដៅផ្ទាល់ខ្លួនវិញគឺល្អជាជាងចំណាយពេលកើតទុក្ខដោយសារការបែកបាក់គ្នា។ មិនថាគោលដៅដែលយើងបានកំណត់នោះជាការងារ ផែនការហិរញ្ញវត្ថុ ឬការអប់រំគឺសុទ្ធតែជាការលើកទឹកចិត្តដ៏ល្អសម្រាប់ខ្លួនឯង។ ជាពិសេសវាអាចធ្វើឱ្យជីវិតនាពេលអនាគតរបស់យើងរឹតតែប្រសើរឡើងជាងអតីតកាលទៀតផង។ ដូច្នេះយើងគួរតែយកពេលឈឺចាប់មកបង្កើតផែនការជាក់លាក់សម្រាប់ដើរទៅគោលដៅដែលវានឹងកាន់តែជួយឱ្យយើងមានសុភមង្គល និងរីករាយបន្ថែមទៀត។
៥. ស្វែងរកភាពរីករាយពីរឿងតូចៗ
សុភមង្គល និងភាពរីករាយគឺមិនមែនសុទ្ធតែបានមកពីភាពប្រណីតនោះទេ ពោលមួយចំណែកធំក៏បានមកពីរឿងតូចៗជាច្រើនដែលនៅជុំវិញខ្លួនយើងដែរ។ ចំពោះរឿងតូចៗទាំងនោះរួមមានទាំងការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ មើលកុន អានសៀវភៅ ឬធ្វើអ្វីមួយដែលខ្លួនឯងចូលចិត្តជាដើម។ ភាពរីករាយដ៏សាមញ្ញបែបនេះអាចជួយសម្រាលអារម្មណ៍យើងឱ្យធូរស្រាលច្រើនជាងមុន និងសន្ដិភាពផ្លូវចិត្តផងដែរ។
ដូច្នេះហើយត្រូវចងចាំថាការបែកគ្នាមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ ប៉ុន្តែជាឱកាសមួយសម្រាប់មនុស្សស្រីក្នុងការស្វែងយល់ពីខ្លួនឯងឱ្យបាន រៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើន និងធ្វើឱ្យខ្លួនឯងប្រសើរជាងមុនផងដែរ។ ហេតុនេះហើយត្រូវតែក្លាហានដើម្បីបន្ដទៅមុខ ហើយស្វែងរកសុភមង្គលសម្រាប់ខ្លួនឯងម្ដងទៀតព្រោះយើងពិតជាស័ក្ដិសមនឹងទទួលអ្វីដែលប្រសើរជាងមុន ៕