មិនមែនជាផលិតផលលេចធ្លោ មិនបានផ្សាយពាណិជ្ជកម្មអ្វីច្រើន ប៉ុន្តែមិនដែលបាត់មុខនៅលើទីផ្សារឡើយ ថែមទាំងរកប្រាក់ចំណូលបានជាង ២៧ លានដុល្លារ នោះគឺ នំស្រួយរូបប៉េងប៉ោះ។ ថ្មីៗនេះទៀតសោតនំនេះកាន់តែទទួលបានការគាំទ្រក្នុងចំណោមហ្វេនខេប៉ុប បន្ទាប់ពីសមាជិក Blackpink Jisoo បង្ហោះក្នុង Story។

មានរូបសញ្ញាអក្សរ FF និងមានអាយុកាលប្រហែល ៣៥ ឆ្នាំមកហើយ តែបើនិយាយពីឈ្មោះនំនេះវិញ ប្រហែលមិនសូវមានអ្នកស្គាល់ទេ។ តែបើបានឃើញកញ្ចប់នំ ប្រាកដជាលាន់មាត់ថា “អូ ! នំប៉េងប៉ោះសោះ” ។ នំនេះបានស្ថិតក្នុងការចងចាំរបស់អតិថិជន ប៉ុន្តែមានមនុស្សមិនច្រើនទេដែលចាំឈ្មោះប្រេន។ ទោះជាយ៉ាងណាក៏ដោយ នំប៉េងប៉ោះនៅតែលក់ដាច់ជានិច្ចនៅលើទីផ្សារជាង ៣០ ឆ្នាំមកហើយទាំងដែលមិនបានផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗសោះ។ តើហេតុអ្វីបានជាផលិតផលនេះនៅតែអាចឈរជើងលើទីផ្សារបានយូរអង្វែងបែបនេះ?
យុទ្ធសាស្រ្តសំខាន់ដែលធ្វើឱ្យនំប៉េងប៉ោះអាចឈរជើងលើទីផ្សារបានជាង ៣៥ ឆ្នាំមកហើយគឺ ៖
១. តម្លៃសមរម្យ និងគុណភាពផលិតផល
ចំណុចសំខាន់របស់ផលិតផលនេះគឺមានគុណភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ វាមានបរិមាណច្រើនជាងផលិតផលផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា និងមានពីររសជាតិសម្រាប់ជ្រើសរើសផងដែរ។ ជាការពិតណាស់ អតិថិជនភាគច្រើននៅពេលទិញផលិតផលណាមួយ តែងតែចាត់ទុកតម្លៃ និង បរិមាណផលិតផលជាកត្តាចម្បង។

២. បង្កើនឱកាសប្រាក់ចំណូលដោយការចែកចាយផលិតផលទូទាំងប្រទេស
មនុស្សភាគច្រើនប្រហែលជាមិនបានចាប់អារម្មណ៍ទេថា នំប៉េងប៉ោះស្ទើរតែមិនមានការផ្សាយពាណិជ្ជកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាល់តែសោះ។ ផ្ទុយទៅវិញ ផលិតផលនេះមានវត្តមាននៅលើទីផ្សារអស់រយៈពេល ៣៤ ឆ្នាំបានដោយសារតែម៉ាកនេះផ្តោតសំខាន់លើការចែកចាយផលិតផលខ្លួនទៅគ្រប់ទីកន្លែង ដូចជានៅតាមតូបចាប់ហួយ ហាង7-Eleven តាមម៉ាត ឬតាមផ្សារទំនើបជាដើម។ នៅពេលមានបណ្តាញលក់ច្រើន ទៅទីណាក៏ឃើញ ដូច្នេះអតិថិជនងាយស្រួលរកទិញ និងស៊ាំជាមួយកញ្ចប់នំ។
៣. ការវេចខ្ចប់គឺជារឿងសំខាន់
ទោះបីជាការវេចខ្ចប់មានលក្ខណៈសាមញ្ញក៏ដោយ តែវាអាចធ្វើឱ្យមនុស្សជាច្រើនងាយស្រួលចំណាំ។ អតិថិជនដែលទិញផលិតផលនេះភាគច្រើនគឺដោយសារលក្ខណៈទាក់ទាញពិសេសរបស់កញ្ចប់ និងមានភាពខុសប្លែកពីនំម៉ាកផ្សេងទៀត។ ពេលដើរកាត់កន្លែងដាក់នំ ត្រូវតែងាកមើល ព្រោះមានភាពលេចធ្លោជាងគេពេលនៅក្នុងចំណោមនំផ្សេងទៀត។ ការវេចខ្ចប់គឺដូចជាតួឯករបស់ផលិតផល ព្រោះវាអាចធ្វើឱ្យអតិថិជនស្គាល់ និងចាំផលិតផលបានដោយខ្លួនឯង មិនចាំបាច់ចំណាយលុយក្នុងការផ្សាយពាណិជ្ជកម្ម។ នៅពេលឃើញ គឺដឹងតែម្តងថានំម៉ាកនេះ រសជាតិអ្វី។
ហេតុផលមួយដែលម៉ាកផលិតផលនេះមិនកែប្រែសម្បកវេចខ្ចប់របស់គេក្នុងរយៈពេល ៣៤ ឆ្នាំនេះ គឺ ប្រសិនបើគេផ្លាស់ប្តូរការវេចខ្ចប់ នោះអតិថិជនប្រហែលជាមិនចាំផលិតផលដែលធ្លាប់បានញ៉ាំ។ លើសពីនេះ មិនមែនមានតែជនជាតិថៃទេដែលចូលចិត្តញ៉ាំនំនេះ សូម្បីតែ តារាកូរ៉េ Kim Seon Ho តួឯករឿង “Hometown Cha Cha Cha” ក៏វ៉េចនំនេះទៅកូរ៉េវិញទាំងកេះៗ។
នំប៉េងប៉ោះត្រូវបានផលិតដោយក្រុមហ៊ុន Fashion Food Co., Ltd។ កាលពីឆ្នាំ ២០២១ ក្រុមហ៊ុននេះបានបង្កើនការលក់ច្រើនជាង ២៧ លានដុល្លារ ដែលទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ៥៨ ម៉ឺនដុល្លារ។ យើងឃើញថា ពេលខ្លះ ដំណើរការអាជីវកម្មមិនទាមទារចំណាយថវិកាផ្សព្វផ្សាយច្រើនដូចអ្វីដែលយើងគិតទេ ព្រោះពេលដែលអ្នកអាចរកឃើញ អត្តសញ្ញាណរបស់ផលិតខ្លួន ហើយប្រើប្រាស់វាជាចំណុចខ្លាំងរបស់ផលិតផល ក្រៅពីជួយសន្សំសំចៃការចំណាយហើយ វាក៏ជួយធ្វើឱ្យអតិថិជនចងចាំ និងកាន់តែលេចធ្លោថែមទៀតក្នុងទីផ្សារប្រកួតប្រជែង៕

























Account
Security
Favourite Content