ទំនៀមទម្លាប់ជនជាតិចិនតែងត្រូវបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹងពួកគេតែងមានជំនឿថាប្រសិនបើប្រើប្រាស់កាយវិការ ឬពាក្យសម្ដីណាមួយដែលមិនសមរម្យក្នុងថ្ងៃចូលឆ្នាំនឹងនាំរឿងរ៉ាវមិនល្អចូលគ្រួសារពេញ១ឆ្នាំតែម្ដង។ ខាងក្រោមនេះជាតំណម ១០ យ៉ាងដែលកូនចៅជាប់សែស្រឡាយគួរចៀសវាងក្នុងថ្ងៃចូលឆ្នាំ៖

ទី១៖ ហាមនិយាយពាក្យអពមង្គល
ហាមដាច់ខាតពោលពាក្យមួយចំនួនដូចជា ស្លាប់ឬសម្លាប់ ឈឺថ្កាត់ ខ្មោច ព្រាយបិសាច ឈឺចាប់ បែកបាក់។ ព្រោះនឹងនាំរឿងមិនល្អដល់អ្នក និងមនុស្សជាទីស្រលាញ់។
ទី២៖ ហាមធ្វើឱ្យរបស់បែក
ការធ្វើឱ្យកែវ ឬចានបែកប្រៀបបីដូចជាការកាត់រឿងល្អដោយជំនួសមកវិញរឿងមិនល្អយ៉ាងដូច្នេះដែរ។ តែប្រសិនបើធ្លាក់បែកដោយអចេតនាត្រូវប្រញាប់យកក្រដាសពណ៌ក្រហមវិចខ្ចប់ហើយនិយាយពាក្យល្អៗជំនួស។
ទី៣៖ ហាមបោស ឬជូតផ្ទះ
ការបោសជូតសម្អាតផ្ទះតែងត្រូវបានធ្វើមុនចូលឆ្នាំមកដល់ ខណៈថ្ងៃចូលឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យបោសសម្អាតផ្ទះនោះទេព្រោះថាសកម្មភាពទាំងនេះប្រៀបដូចការបំបោសរឿងល្អ និងភាពមានបានចេញទៅ។
ទី៤៖ ហាមប្រើកន្ត្រៃ កាំបិត ឬរបស់មុតស្រួច
ការប្រើកាំបិត កន្ត្រៃ ឬសម្ភារៈមុតស្រួចត្រូវហាមជាដាច់ខាតនៅក្នុងថ្ងៃចូលឆ្នាំព្រោះវានឹងកាត់យកភាពមានបាននិងសំណាងរបស់អ្នក។ ហេតុនេះហើយទើបហាងកាត់សក់ភាគច្រើនត្រូវបានបិទក្នុងអំឡុងថ្ងៃចូលឆ្នាំព្រោះថាកាត់សក់ក្នុងអំឡុងថ្ងៃចូលឆ្នាំជាការហាមយ៉ាងដាច់ខាតរហូតដល់បញ្ចប់ពិធីបុណ្យ។
ទី៥៖ ហាមដាច់ខាតទៅផ្ទះខាងប្រពន្ធ
ទំនៀមទម្លាប់ជនជាតិចិនក្រោយរៀបការប្រពន្ធត្រូវផ្លាស់ទៅនៅជាមួយស្វាមី។ ក្នុងនាមជាស្វាមីហាមដាច់ខាតនាំប្រពន្ធទៅផ្ទះឪពុកម្ដាយរបស់នាងក្នុងថ្ងៃទី១ព្រោះនឹងនាំបញ្ហាមិនល្អមកដល់ប្ដីប្រពន្ធ និងគ្រួសារទាំងមូល។ ជំនួសមកវិញអ្នកអាចទៅបាននៅថ្ងៃទី២ដោយនាំទាំងកូនៗ និងកាដូជាប់ដៃជូនពួកគាត់ផង។
ទី៦៖ ហាមខ្ចីលុយ ឬទារលុយ
ថ្ងៃចូលឆ្នាំជាពេលវេលានៃការជួបជុំដោយភាពរីករាយគ្មានទុក្ខកង្វល់។ ដូច្នេះការទារប្រាក់ក្នុងអំឡុងពេលវេលាមួយនេះជាការនាំយកនូវសំណាងអាក្រក់ទាំងម្ចាស់លុយ និងកូនបំណុល។ ប្រសិនបើអ្នកខ្ចីលុយក្នុងអំឡុងថ្ងៃចូលឆ្នាំគឺមិនល្អនោះទេព្រោះវានឹងនាំអ្នកឱ្យជំពាក់បំណុលពេញ១ឆ្នាំតែម្ដង។
ទី៧៖ ហាមវៃតប់គ្នាឬយំ
ដាច់ខាតកុំឱ្យមានសំឡេងស្រែកយំដោយការឈឺចាប់ប៉ុន្តែប្រសិនបើគ្រួសារមានកូនតូចត្រូវលួងដោយប្រើសម្ដីផ្អែមល្ហែមជាមួយពួកគេ។ អំឡុងថ្ងៃចូលឆ្នាំក្រុមគ្រួសារសាច់ញាតិត្រូវបំភ្លេចឬដាក់ចោលនូវបញ្ហាក៏ដូចជាហិង្សានានា ដើម្បីទទួលបានភាពសុខសាន្តក្នុងគ្រួសារ។
ទី៨៖ ចៀសវាងការប្រើប្រាស់ថ្នាំ
ចៀសវាងការប្រើប្រាស់ថ្នាំ, ទៅជួបពេទ្យ, វះកាត់ និងចាក់ថ្នាំដើម្បីទទួលបានសុខភាពល្អពេញមួយឆ្នាំ។ ប៉ុន្តែក្នុងករណីមានបញ្ហាភ្លាមៗ ដាច់គិតត្រូវគិតពីសុវត្ថិភាពជាចម្បង។
ទី៩៖ ហាមជូនពរមនុស្សកំពុងគេងនៅលើគ្រែ
ការជូនពរមនុស្សកំពុងតែគេងនៅលើគ្រែក្នុងថ្ងៃចូលឆ្នាំចិនត្រូវបានហាមជាដាច់ខាតព្រោះនឹងធ្វើឱ្យពួកគេនឹងគេងតែនៅលើគ្រែបែបហ្នឹងពេញមួយឆ្នាំ។ ចូរឱ្យគេគេងឱ្យឆ្អែតដោយមិនត្រូវដាស់ឬបង្ខំឱ្យពួកគេភ្ញាក់នោះទេ។
ទី១០៖ ហាមជូនកាដូដែលនាំសំណាងមិនល្អ
ការជូនកាដូទៅកាន់សមាជិកគ្រួសារឬមនុស្សជាទីស្រលាញ់គឺជាការដឹងគុណដ៏ល្អប៉ុន្តែកាដូខ្លះត្រូវហាមដាច់ខាតមិនត្រូវជូននោះទេ។ កាដូជា នាឡិកា ត្រូវបានចាត់ទុកថាជាការជូនដំណើរលើកចុងក្រោយ។ ការកាត់ផ្លែប៉េសជូនទៅនរណាម្នាក់ប្រៀបបីដូចជាកាត់ផ្ដាច់ឬបំបែកបំបាក់ រីឯការជូនផ្លែប៉ោមមានន័យថាសុខភាពល្អចាកឆ្ងាយពីជំងឺឈឺថ្កាត់។ យ៉ាងណាមិញការជូនកាដូឬវត្ថុអនុស្សាវរីយ៍ក្នុងថ្ងៃចូលឆ្នាំនាពេលបច្ចុប្បន្នត្រូវបានកូនចៅតែងរើសយកជម្រើសនៃការជូនលុយទៅកាន់ឪពុកម្ដាយឬសាច់ញាតិទៅវិញ៕


























Account
Security
Favourite Content