១. ស្ងប់ស្ងាត់ពេលជួបការលំបាក
មិនថាជានរណាទេ មនុស្សយើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានបទពិសោធន៍ ឬកំពុងជួបប្រទះគ្រាដ៏ខ្មៅងងឹតបំផុតក្នុងជីវិត។ ការកម្ចាត់ចោលនូវអារម្មណ៍អវិជ្ជមានទាំងអស់នៅក្នុងចិត្តពិតជាពិបាក ហើយយើងប្រាកដជានឹងមានអារម្មណ៍ខកចិត្ត និងខូចចិត្តនៅពេលប្រឈមមុខនឹងដំណាក់កាលទាបបំផុតនេះ។
មនុស្សដែលមានផ្លូវចិត្តទន់ខ្សោយ ពេលប្រឈមមុខនឹងចំណុចទាបបំផុតនៃជីវិត ប្រាកដជាមិនអាចទ្រាំមិនប្រាប់មនុស្សគ្រប់គ្នាជុំវិញពិភពលោកអំពីស្ថានភាពអាក្រក់របស់ខ្លួននោះទេ។ ទោះជាយ៉ាងណា មនុស្សដែលពូកែ ចេះគិតវែងឆ្ងាយ គេនឹងចូលចិត្តនៅស្ងៀមក្នុងស្ថានភាពនេះ។ ជាជាងត្អូញត្អែរ រៀបរាប់ការលំបាក និងទម្លាក់កំហុសឱ្យអ្នកដទៃ ពួកគេនឹងរក្សាភាពស្ងៀមស្ងាត់ដើម្បីរៀនសូត្រ និងសន្សំថាមពលដោះស្រាយបញ្ហា។ ពួកគេអាចនឹងបញ្ចេញអារម្មណ៍ប្រាប់អ្នកដែលទុកចិត្តបំផុត ប៉ុន្តែនឹងមិនទាមទារឱ្យមនុស្សគ្រប់គ្នាដឹង និងមកលំបាកចិត្តជាមួយខ្លួននោះឡើយ។ ពួកគេនឹងប្រើប្រាស់វិធីសាស្ត្រដ៏សមរម្យដើម្បីបង្កើតច្រកចេញសម្រាប់ខ្លួនឯង។
២. ស្ងប់ស្ងាត់ពេលមនុស្សជុំវិញខ្លួនជួបការលំបាក
នៅចំពោះមុខមិត្តភ័ក្ដិទើបតែបាក់បែកស្នេហា មនុស្សដែលឆ្លាតដឹងកាលៈទេសៈ នឹងមិនបង្ហាញភាពផ្អែមល្ហែមនៃគូស្នេហ៍ខ្លួនឯងនោះឡើយ។ នៅពេលក្រុមហ៊ុនរបស់មិត្តក្ស័យធន មិត្តដែលរាប់អានគ្នាស្មោះត្រង់ក៏មិនអួតអំពីសមិទ្ធផលបច្ចុប្បន្នរបស់ពួកគេ ឬនិយាយពាក្យបន្តុះបង្អាប់មិត្តបន្ថែមដូចគ្នា។
ប្រសិនបើមនុស្សម្នាក់ដឹងថាអ្វីគួរនិយាយមិនគួរនិយាយ នៅពេលដែលមនុស្សជុំវិញខ្លួនជួបរឿងមិនសមបំណងនោះ គឺអាចបង្ហាញថាគេជាមនុស្សមានចរិតល្អ និងជាមិត្តដ៏ល្អម្នាក់ហើយ។
ក្នុងជីវិតមនុស្សមួយចំនួនគឺគ្រាន់តែចូលចិត្តនិយាយដើមគេ ហើយតែងចង់ឱ្យមានរឿងអាក្រក់កើតឡើងចំពោះមនុស្សជុំវិញខ្លួន។ ប្រសិនបើរស់នៅជាមួយនឹងចិត្តគំនិតនេះ អ្នកនឹងពិបាក ស្វែងរកឱកាស សំណាងល្អក្នុងជីវិត។
ផ្ទុយទៅវិញ មនុស្សដែលមានចិត្តល្អបរិសុទ្ធ នឹងមិនសើចចម្អកទុក្ខសោករបស់អ្នកដទៃឡើយ ហើយថែមទាំងមានការអាណិតអាសូរថែមទៀត នៅពេលដែលពួកគេឃើញមនុស្សជុំវិញខ្លួនជួបប្រទះនឹងរឿងអកុសលក្នុងជីវិត។
ពាក្យចាស់ពោលថា “មនុស្សល្អលើកដម្កើងគ្នាទៅវិញទៅមក មនុស្សល្ងង់នឹងជាន់គ្នាទៅវិញទៅមក”។ នៅទីបញ្ចប់ យើងនឹងឃើញថា មនុស្សពូកែ មនុស្សល្អនឹងត្រូវបានហ៊ុំព័ទ្ធដោយមនុស្សល្អ ចំណែកមនុស្សអាក្រក់នឹងត្រូវបានហ៊ុំព័ទ្ធដោយមនុស្សមិនល្អដូចគ្នា ៕



























Account
Security
Favourite Content