ជាធម្មតាមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានជីវិតមួយដ៏មានសុភមង្គល ភាពរីករាយ និងស្នាមញញឹម។ ប៉ុន្តែរឿងទាំងអស់នោះច្បាស់ណាស់នឹងមិនមែនចេះតែកើតមានឡើងដោយឯកឯង ពោលគឺយើងត្រូវធ្វើជាមនុស្សរឹងមាំដែលអាចឆ្លងកាត់ភាពលំបាកមួយចំនួនដើម្បីបង្កើតពេលវេលាដ៏មានតម្លៃទាំងអស់នេះ។ ដូច្នេះហើយមុនពេលចង់ឱ្យខ្លួនក្លាយជាមនុស្សរឹងមាំ យើងក៏ត្រូវរៀនទទួលស្គាល់នូវការពិតដ៏សែនពិបាកខ្លះៗដូចជា៖
១. គ្មានអ្នកណាម្នាក់អាចជួយយើងក្រៅពីយើងខ្លួនឯង

នៅពេលដែលយើងមិនពេញចិត្តជាមួយអ្វីមួយក្នុងជីវិត ឬជួបបញ្ហាអ្វីមួយ យើងតែងតែសង្ឃឹមថានឹងមានអព្ភូតហេតុមួយនឹងកើតឡើងដើម្បីជួយរំដោះខ្លួនយើងពីបញ្ហាទាំងអស់។ ប៉ុន្តែការពិតមិនដូចការគិតនោះទេ រាល់បញ្ហាទាំងអស់គឺយើងមិនអាចទាយទុកមុនបាននោះទេ។ ដូច្នេះហើយយើងមិនអាចប្រើដំបងវេទមន្ដដើម្បីបញ្ជៀសបញ្ហាឡើយ អ្វីដែលសំខាន់នៅពេលនេះគឺយើងត្រូវតែរឹងមាំ ចេះឯករាជ្យដើម្បីគ្រប់គ្រងស្ថានភាពទាំងនោះដោយខ្លួនឯង។ ហើយត្រូវចាំថាគ្មានអ្នកណាម្នាក់ដែលអាចជួយយើង ក្រៅពីយើងខ្លួនឯងបាននោះទេ។
២. អ្វីគ្រប់យ៉ាងនឹងមិនរត់មករកយើងខ្លួនឯងឡើយ

នៅក្នុងពិភពលោកដ៏ធំមួយនេះ យើងអាចជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ ឆ្លាតបំផុត ឬគួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះយើងអាចគិតថារបស់ជាច្រើននៅលើលោកនេះសុទ្ធតែគួរជារបស់យើង ហើយសុទ្ធតែត្រូវតម្រង់ជួរមកឱ្យយើងរើស។ ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធតែមើលមកយើងក្នុងន័យបែបនេះទាំងអស់នោះទេ។ ជាមួយគ្នានេះ បើចង់ឱ្យជីវិតយើងរឹតតែរឹងមាំ និងជោគជ័យជាងនេះ គប្បីជម្រុះចោលការគិតខាងលើ ហើយសាកល្បងចាប់ផ្ដើមដើរចេញពីកន្លែងផាសុកភាព ព្យាយាមស្វែងរកអ្វីដែលខ្លួនចង់បាន។
៣. មនុស្សគ្រប់គ្នាតែងតែផលប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង

មនុស្សរាប់អានគ្នា មិនថាជិតស្និទ្ធខ្លាំងយ៉ាងណា ស្រឡាញ់គ្នាខ្លាំងយ៉ាងណានោះ ពួកគេតែងតែគិតដល់ផលប្រយោជន៍ខ្លួនឯងជាមុនសិនហើយ។ ភាគច្រើនមនុស្សនៅជុំវិញខ្លួនយើងអាចនឹងសុំឱ្យយើងជួយរហូតដល់លើសពីអ្វីដែលយើងអាចធ្វើបាន។ ដូច្នេះយើងមិនត្រូវស្ទាក់ស្ទើរក្នុងការឆ្លើយថា «ទេ» ឡើយនៅពេលដែលតម្រូវការរបស់គេចំពោះ វាលើសពីអ្វីដែលយើងអាចធ្វើបាន។ ទន្ទឹមនឹងនេះ យើងក៏ត្រូវតែឱ្យគេដឹងពីការកំណត់របស់យើងដែរថាអ្វីដែលទៅរួច ហើយអ្វីដែលយើងទៅមិនរួច។
៤. យើងមិនអាចផ្គាប់ចិត្តមនុស្សទាំងអស់ឡើយ

ជាការពិតមិនមានអ្នកណាម្នាក់ចង់ឱ្យមនុស្សជុំវិញខ្លួនមិនសប្បាយចិត្តនោះទេ ទើបយើងក្លាយជាមនុស្សម្នាក់ដែលតែងតែគិតអំពីចិត្តរបស់គេជាមុនដោយមិនដឹងខ្លួន។ ប៉ុន្តែការពិតមួយទៀតគឺយើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាឱ្យរីករាយបានគ្រប់ពេលនោះទេ ដូច្នេះយើងត្រូវចាំថាការសម្រេចចិត្តជារបស់យើង។ ប្រសិនបើគិតពិចារណាថារឿងមួយនេះត្រឹមត្រូវ មិនចាំបាច់ស្ទាក់ស្ទើរក្នុងការធ្វើ ឬហាមាត់បដិសេធអ្នកណាម្នាក់ឡើយ។
៥. ទង្វើជាគោលដៅកំណត់ជីវិត មិនមែនគំនិត

យើងអាចអង្គុយនៅផ្ទះពេញមួយថ្ងៃដើម្បីគិតអំពីពិភពលោកមួយដ៏ល្អប្រសើរសម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែនោះគ្រាន់តែគំនិតស្រមៃទាំងអស់ ហើយវាក៏មិនទាន់លេចចេញជារូបរាងដែរ។ ដូច្នេះបើយើងរៀបផែនការជីវិតបានល្អហើយ យើងក៏គួរតែចាប់ផ្ដើមសកម្មភាពតាមរយៈការអនុវត្តផ្ទាល់ផងដែរ មិនដូច្នោះទេវានឹងនៅតែជាការបំភាន់ដដែល។
៦. លើលោកនេះមិនមានមនុស្សណាម្នាក់ដែលរវល់រហូតគ្មានពេលឱ្យខ្លនឯងទេ

មនុស្សយើងម្នាក់ៗតែងតែមានពេលវេលាសម្រាប់ខ្លួនឯង មិនថាជាភារកិច្ចផ្ទាល់ខ្លួន ឬការងារនោះទេ។ មានន័យថាពួកគេនឹងចំណាយពេលទៅលើអ្វីដែលគេគិតថាសំខាន់ខ្លាំងជាង។ ជាក់ស្ដែងប្រសិនបើយើងកំពុងត្រូវការអ្នកណាម្នាក់ខ្លាំង ហើយផ្ញើសារដើម្បីសុំជំនួយតែមិនឃើញមានការឆ្លើយតប នោះអាចត្រូវបានរាប់ជាទង្វើចេតនារបស់គេហើយ។ ដូច្នេះប្រសិនបើរឿងនេះកើតឡើងច្រើនដងដដែលៗពេក វាគឺជាពេលដែលត្រូវដើរចេញពីមនុស្សទាំងនោះ ហើយក៏ជាឱកាសដែលយើងអាចរាប់អានមនុស្សថ្មីផងដែរ។
៧. ឈប់បង្កើតលេសឱ្យខ្លួនឯង

ស្ទើរពេញមួយជីវិតរបស់មនុស្សយើង យើងតែងតែចូលចិត្តស្ដីបន្ទោសឱ្យពិភពលោក ព្រហ្មលិខិត ឬអ្នកដទៃដោយសារខ្លួនឯងមិនមានពេលវេលាគ្រប់គ្រាន់ មិនមានថវិកាគ្រប់គ្រាន់ មិនមានថាមពលគ្រប់គ្រាន់ ឬមិនមានធនធានគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅរបស់យើង។ ប៉ុន្តែអ្នកដឹងទេនោះគឺជាការពិតដ៏អាក្រក់លេសដ៏អាក្រក់មួយដែលធ្វើឱ្យជីវិតយើងកាន់តែលេចលង់។ ដូច្នេះគួរចាំថាមនុស្សជោគជ័យក្នុងជីវិតមិនបានចំណាយពេលស្វែងរកលេសសម្រាប់ខ្លួនឯងនោះទេ។ ពួកគេតែងតែចំណាយពេលដើម្បីជម្នះឧបសគ្គជាជាងការចុះចាញ់ ៕

























Account
Security
Favourite Content