ជាការពិតជាមនុស្សស្រីក្នុងពេលបច្ចុប្បន្ននេះចាំបាច់ត្រូវរស់នៅជាមួយនឹងការប្រកួតប្រជែងក្នុងសង្គមដែលមិនមានអ្នកណាអាចជៀសបានឡើយ។ ក្នុងនោះការប្រកួតប្រជែងនីមួយៗ រឿងដែលចាំបាច់មួយទៀតមិនអាចខ្វះបានគឺដើមទុនដោយវាមិនមែនត្រឹមជាថវិកានោះទេ។ ដូច្នេះថ្ងៃនេះ AMS ចែករំលែកនូវដើមទុន ៤ សំខាន់បំផុតសម្រាប់មនុស្សស្រីដោយមិនអាចខ្វះបាន៖
១. សុខភាព
ក្នុងជីវិតរបស់មនុស្សម្នាក់ៗពេលនេះ សុខភាពគឺជាអាទិភាពទីមួយសំខាន់បំផុតដែលយើងមិនអាចមើលរំលងបានឡើយ។ ជាពិសេសស្រ្តីដែលជាមនុស្សកើតមកជាមួយនឹងរាងកាយខ្សោយជាងបុរសថែមទាំងកត្តាធម្មជាតិច្រើនទៀតនោះ សុខភាពរឹតតែជាដើមទុនដ៏សំខាន់ខ្លាំងបំផុតតែម្ដង។ ប្រសិនបើមានការធ្វេសប្រហែសចំពោះរឿងសុខភាពនេះតែបន្ដិច នៅថ្ងៃមុខមិនថាក្នុងវ័យណាមួយនោះទេច្បាស់ជាជួបពាក្យមួយម៉ាត់គឺស្ដាយក្រោយជាមិនខាន។ ជាក់ស្ដែងនៅពេលដែលមនុស្សស្រីចាប់ផ្ដើមធ្លាក់ខ្លួនឈឺជំងឺណាមួយនោះ អ្វីដែលមានតម្លៃបំផុតមិនមានជាសម្ភារថ្លៃៗទាំងនោះទេ ប៉ុន្តែគឺជាគ្រែពេទ្យ។

២. សម្រស់
ដូចពាក្យដែលគេនិយាយមកតៗគ្នាលើលោកមិនមានមនុស្សស្រីមិនស្អាតនោះទេ ប៉ុន្តែមានតែមនុស្សស្រីខ្ជិលតែប៉ុណ្ណោះ។ ដូច្នេះហើយមនុស្សស្រីម្នាក់ៗតែងតែមានភាពស្រស់ស្អាតទៅតាមរបៀបផ្សេងៗគ្នា និងមិនមានអ្នកណាមានសិទ្ធិមកកាត់សេចក្ដីថាមនុស្សស្រីមានសម្រស់មិនស្អាតនោះទេ។ ហេតុនេះការរៀបចំខ្លួន សម្អិតសម្អាងរាងកាយឱ្យស្អាត និងរស់នៅដោយមានអនាម័យគឺត្រូវបានរាប់ថាជាដើមទុនសម្រស់ដែលមនុស្សស្រីៗមានពីកំណើតទៅហើយដោយមិនចាំបាច់គិតថានៅលីវ ឬមានគ្រួសារនោះទេ។
៣. ប្រាក់
ជាមនុស្សស្រីប្រសិនបើមានវ័យច្រើនហើយតែមិនមានប្រាក់សន្សំបម្រុងទុកសម្រាប់ខ្លួនឯងទេ នោះគឺជារឿងដែលគួរឱ្យបារម្ភបំផុត។ ពេលខ្លះយើងមិនអាចទាយទុកមុនបាននោះទេថាពេលខាងមុខនឹងមានរឿងអ្វីកើតឡើងខ្លះ ហើយអ្នកណាខ្លះដែលនឹងហុចដៃផ្ដល់ជំនួយឱ្យយើង។ ដូច្នេះមនុស្សស្រីឆ្លាតម្នាក់ត្រូវតែចេះបែងចែកប្រាក់មួយចំណែកសម្រាប់បម្រុងទុកនៅពេលមានបញ្ហា ដោយយើងអាចដោះស្រាយបានភ្លាមៗ និងមិនចាំបាច់រងចាំជំនួយពីអ្នកណាម្នាក់ឡើយ។
៤. បញ្ញា
មនុស្សស្រីមិនថាស្អាតខ្លាំងប៉ុណ្ណា មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា បើគ្មានចំណេះបញ្ញាទេច្បាស់ជាជួបរឿងលំបាកកាន់តែខ្លាំង និងច្រើនឡើងៗក្នុងជីវិតជាមិនខាន។ ដូច្នេះហើយចំណេះបញ្ញាគឺជាទ្រព្យសម្បត្តិដែលយើងចាយមិនអស់ពេញមួយជីវិត ហើយក៏ជាអ្នកត្រួសត្រាយឱ្យក្ដីសុខ និងលាភសំណាងហូរចូលមកក្នុងជីវិតមិនដាច់ដែរ៕


























Account
Security
Favourite Content