បើទោះបីជា Yoo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈក្ដី ប៉ុន្តែអង្គការជួយសង្គ្រោះសត្វមួយកន្លែងនៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់ និងបានចុះជួយការងារស្ម័គ្រចិត្តដោយស្ងាត់ៗ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ នេះ អង្គការការពារសត្វ Dear Ray បានបង្ហោះសារយ៉ាងមានអត្ថន័យនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដោយហៅតារាសម្ដែងរូបនេះថាជា “មនុស្សដែលមានចិត្តស្អាតបរិសុទ្ធ”។ អង្គការនេះបានឱ្យដឹងថា នៅថ្ងៃចុងសប្តាហ៍ដ៏ត្រជាក់ខ្លាំង កាលពីខែមករា កន្លងទៅ តារាប្រុសវ័យ ៣៣ឆ្នាំ បានចុះទៅអង្គការដោយផ្ទាល់ ដើម្បីចំណាយពេលជាមួយសត្វឆ្មាដែល Dear Ray បានជួយសង្គ្រោះ។
រូបភាពដែលភ្ជាប់មកជាមួយនឹងការបង្ហោះនោះ បានបង្ហាញសកម្មភាពរបស់ Yoo Seung Ho ដែលកំពុងលេងជាមួយឆ្មា ដាក់ចំណី និងសម្អាតទ្រុងឆ្មាទាំងនោះជាដើម។ ជាក់ស្ដែង អង្គការ Dear Ray បានរៀបរាប់ថា៖ “កាលពីឆ្នាំមុន Yoo Seung Ho បានផ្តល់អំណោយជាស្បៀងអាហារ។ ដោយសារយើងតែងតែជួបការលំបាកជាមួយការចំណាយលើមន្ទីរពេទ្យ លោកក៏បានជួយទូទាត់ថ្លៃព្យាបាលសត្វដែលនៅសេសសល់មួយផ្នែកផងដែរ”។


“លោកបានប្រាប់យើងកុំឱ្យចែករំលែករឿងនេះ ប៉ុន្តែយើងចង់និយាយអំពីអំពើល្អរបស់បុរសវ័យក្មេងដ៏ស្រស់សង្ហារូបនេះ។ សូមអរគុណ Yoo Seung Ho។ សូមជូនពរឱ្យលោកជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី ២០២៦ នេះ” អង្គការខាងលើបញ្ចប់ដូច្នេះ។
កន្លងមក សាធារណជនបានស្គាល់តួឯកប្រុសរូបនេះ ក្នុងនាមជាអ្នកស្រឡាញ់សត្វរួចមកហើយ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៩ លោកបានយកឆ្មាអនាថាដែលអង្គការបានជួយសង្គ្រោះចំនួន ២ក្បាលទៅចិញ្ចឹម ខណៈលោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គ្រោះសត្វអនាថានានា។ តួយ៉ាង កាលពីឆ្នាំ ២០២៥ កន្លងទៅ លោកក៏បានបរិច្ចាគចំណីឆ្មាចំនួន ២.៥តោនផងដែរ៕




























Account
Security
Favourite Content