ក្នុងយុគសម័យដែលជីវិតពោរពេញដោយភាពប្រញាប់ប្រញាល់ មិនថាជាការប្រកួតប្រជែងក្នុងការសិក្សា ឬសម្ពាធពីភារកិច្ចការងារ សុទ្ធតែធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ហត់នឿយទាំងកាយនិងចិត្ត។ ការមើលរំលងបញ្ហាសុខភាពផ្លូវចិត្តអាចជះឥទ្ធិពលអាក្រក់ដល់ជីវិតក្នុងរយៈពេលវែង។ ដូច្នេះ ការងាកមកយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តខ្លួនឯងគឺជាជឿងសំខាន់ណាស់។ ក្នុងអត្ថបទនេះ AMS បង្ហាញពីវិធីងាយៗ ១០ យ៉ាង ដែលអ្នកអាចយកទៅអនុវត្តបានជារៀងរាល់ថ្ងៃ ដើម្បីឱ្យចិត្តត្រឡប់មករឹងមាំ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ស្ថានការណ៍៖

១. ផ្តល់ពេលវេលាសម្រាប់ការសម្រាកឱ្យបានពេញលេញ និងបង្កើតទម្លាប់គេងឱ្យបានល្អ ការគេងដែលមានគុណភាពគឺជាគ្រឹះនៃសុខភាពផ្លូវចិត្តល្អ។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ រាងកាយនឹងបញ្ចេញអ័រម៉ូនស្ត្រេស (Cortisol) កាន់តែច្រើន ដែលធ្វើឱ្យងាយខឹង និងគ្មានសមាធិ។ អ្នកគួរកំណត់គោលដៅគេងឱ្យបាន ៧-៨ ម៉ោងក្នុងមួយថ្ងៃ និងបង្កើតទម្លាប់ល្អដូចជា៖ មិនលេងទូរស័ព្ទមុនពេលចូលគេង ឬអានសៀវភៅដែលមានប្រធានបទស្រាលៗ ដើម្បីឱ្យរាងកាយបានធូរស្បើយ។
២. ហាត់ប្រាណឱ្យបានទៀងទាត់ ការហាត់ប្រាណមិនត្រឹមតែជួយឱ្យរាងកាយមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបញ្ចេញសារធាតុ អេនដូហ្វីន (Endorphin) ដែលជាសារធាតុនៃក្តីសុខ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ មិនចាំបាច់ហាត់ខ្លាំងៗពេកទេ គ្រាន់តែដើរលឿនៗ ធ្វើយោគៈ ឬហាត់ពត់ខ្លួន ១៥-២០ នាទីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។
៣. ហ្វឹកហាត់ដកដង្ហើមវែងៗ និងធ្វើសមាធិ ក្នុងថ្ងៃដែលហត់នឿយខ្លាំង សាកល្បងឈប់សម្រាកមួយភ្លែត ហើយហ្វឹកហាត់ដកដង្ហើមចេញចូលវែងៗយឺតៗ វានឹងជួយកាត់បន្ថយភាពតានតឹង និងការភ័យព្រួយ។ ការធ្វើសមាធិត្រឹមតែ ៥-១០ នាទីក្នុងមួយថ្ងៃ នឹងជួយឱ្យចិត្តស្ងប់ មានសមាធិជាងមុន និងមើលឃើញដំណោះស្រាយនៃបញ្ហាបានច្បាស់លាស់។
៤. បញ្ចេញអារម្មណ៍តាមការសរសេរ ជួនកាលការលាក់ទុកអារម្មណ៍ក្នុងចិត្តអាចធ្វើឱ្យយើងតឹងតែង។ សាកល្បងចំណាយពេលសរសេរកំណត់ហេតុអំពីរឿងរ៉ាវដែលបានកើតឡើង ទោះជារឿងល្អ ឬរឿងអាក្រក់។ ការសរសេរបញ្ចេញអារម្មណ៍ នឹងជួយឱ្យអ្នកបានរំលឹក និងយល់ពីខ្លួនឯងកាន់តែច្បាស់។
៥. ធ្វើអ្វីដែលអ្នកស្រឡាញ់ និងផ្តល់ក្តីសុខ នៅពេលដែលអ្នករៀន ឬធ្វើការធ្ងន់ ការស្វែងរកពេលវេលាសម្រាប់សកម្មភាពដែលខ្លួនចូលចិត្តនឹងជួយបំពេញថាមពលផ្លូវចិត្ត។ សាកល្បងធ្វើសកម្មភាពដែលអ្នកចូលចិត្ត ដូចជា មើលកុន ស្តាប់តន្ត្រី គូររូប ឬធ្វើម្ហូបជាដើម។
៦. និយាយជាមួយមនុស្សដែលអ្នកទុកចិត្ត កុំលាក់ទុកភាពតានតឹងតែម្នាក់ឯង។ សាកល្បងនិយាយជាមួយមិត្តជិតស្និទ្ធ គ្រួសារ ឬមនុស្សជាទីស្រឡាញ់។ ការបានបញ្ចេញអារម្មណ៍ជាមួយមនុស្សដែលអ្នកទុកចិត្ត នឹងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងអាចទទួលបានមុំមើលថ្មីៗក្នុងការដោះស្រាយបញ្ហា។
៧. កំណត់ការប្រើប្រាស់បណ្តាញសង្គម ការប្រើប្រាស់បណ្តាញសង្គមច្រើនជ្រុល អាចធ្វើឱ្យយើងមានទម្លាប់ប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ដែលជាមូលហេតុនៃស្ត្រេស។ សាកល្បងកំណត់ពេលវេលាលេង ឬបិទការជូនដំណឹង (Notification) ដែលមិនចាំបាច់ ដើម្បីឱ្យអ្នកមានពេលផ្តោតលើជីវិតពិតរបស់ខ្លួនឯង។
៨. រៀបចំបរិស្ថានជុំវិញខ្លួនឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានជុំវិញមានឥទ្ធិពលខ្លាំងលើចិត្តគំនិត។ ប្រសិនបើបន្ទប់ ឬតុធ្វើការរញ៉េរញ៉ៃ វានឹងធ្វើឱ្យយើងមិនសប្បាយចិត្ត។ ការចំណាយពេលរៀបចំរបស់របរឱ្យមានរបៀប មិនត្រឹមតែជួយឱ្យទីកន្លែងគួរឱ្យចង់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យចិត្តគំនិតស្រឡះល្អផងដែរ។
៩. ស្វែងរកបទពិសោធន៍ ឬការប្រកួតប្រជែងថ្មីៗ ការរៀនអ្វីដែលថ្មី ជួយឱ្យខួរក្បាលស្វាហាប់ជានិច្ច។ សាកល្បងរៀនវគ្គសិក្សាអនឡាញខ្លីៗ អានសៀវភៅដែលមិនធ្លាប់អាន ឬធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុនមក។ ការរៀនអ្វីថ្មីៗ នឹងជួយបង្កើនទំនុកចិត្ត និងផ្តល់កម្លាំងចិត្តក្នុងជីវិត។
១០. ផ្តល់រង្វាន់ដល់ខ្លួនឯងខ្លះ បន្ទាប់ពីឆ្លងកាត់ការសិក្សា និងការងារយ៉ាងហត់នឿយ កុំភ្លេចផ្តល់រង្វាន់ដល់ខ្លួនឯង។ រង្វាន់នោះអាចជាការទិញរបស់ដែលអ្នកចង់បាន ការទៅដើរលេងកន្លែងដែលចូលចិត្ត ឬការញ៉ាំអាហារឆ្ងាញ់ៗជាមួយមិត្តភក្តិ។ ការផ្តល់រង្វាន់ដល់ខ្លួនឯង នឹងបង្កើតកម្លាំងចិត្ត និងធ្វើឱ្យអ្នកមានអារម្មណ៍ថា ការព្យាយាមកន្លងមកគឺពិតជាមានតម្លៃ។
ការថែទាំសុខភាពផ្លូវចិត្តមិនមែនជារឿងពិបាកទេ គ្រាន់តែចាប់ផ្តើមពីការយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯងជារៀងរាល់ថ្ងៃ និងសន្សឹមៗផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីឱ្យចិត្តរបស់អ្នកត្រឡប់មករឹងមាំ និងមានក្តីសុខម្តងទៀត ៕


























Account
Security
Favourite Content