Jackson Yee ត្រូវបានគេស្គាល់ថាជាតារាសម្តែងនិងតារាចម្រៀងចិនវ័យក្មេងដ៏ល្បីល្បាញ ហើយថ្មីៗនេះកេរ្តិ៍ឈ្មោះរបស់គេកាន់តែកើនឡើងមួយកម្រិតទៀតតាមរយៈការសម្ដែងក្នុងភាពយន្ត “Big World” ជាតួអង្គ Liu Chunhe យុវជនមានជំងឺពិការខួរក្បាលដែលប្រឈមនឹងការលំបាករាប់លានជំពូកក្នុងជីវិត ប៉ុន្តែនៅតែមានក្តីសង្ឃឹម និងក្តីសុបិនមិនចុះចាញ់។


កើតនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០០ នៅទីក្រុង Huaihua ខេត្ត Hunan តារាប្រុសរូបនេះបានចាប់ផ្តើមអាជីព ក្នុងវិស័យសិល្បៈតាំងពីអាយុ ៥ ឆ្នាំ ដោយបានចូលរួមកម្មវិធីទូរទស្សន៍ ហើយនៅអាយុ ១០ ឆ្នាំ លោកក៏បានចាប់ផ្តើមសម្តែងក្នុងខ្សែភាពយន្ត។ ក្រោយមកនៅអាយុ ១៣ ឆ្នាំ Jackson Yee បានបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុមចម្រៀងប្រុស TFBOYS ដែលជាក្រុមចម្រៀងប្រុសចិនដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ជាមួយនឹងសមត្ថភាពចម្រុះ ទាំងច្រៀង រាំ និងសម្ដែង បានធ្វើឲ្យលោកត្រូវបានគេស្គាល់និងទទួលស្គាល់យ៉ាងទូលំទូលាយ។

ក្នុងអាជីពសម្ដែង Jackson Yee បានបង្ហាញឱ្យឃើញពីទេពកោសល្យរបស់ខ្លួនតាមរយៈស្នាដៃភាពយន្តជាច្រើនដូចជា៖
១. ភាពយន្តភាគ “The Longest Day in Chang’an” ចេញឆ្នាំ ២០១៩ Jackson Yee សម្ដែងជាតួ Li Bi។ ដោយសារភាពល្បីល្បាញនៃរឿងនេះធ្វើឱ្យ រូបលោកបានជាប់បេក្ខភាពពានរង្វាន់តួឯកប្រុសឆ្នើមពីកម្មវិធី Golden Eagle Award លើកទី៣០ និងជាប់បេក្ខភាពពានរង្វាន់បុគ្គលមានឥទ្ធិពលបំផុតប្រចាំទសវត្សរ៍របស់ទស្សនាវដ្ដី GQ។

២. ភាពយន្ត “Better Days” ចេញឆ្នាំ ២០១៩ Jackson Yee សម្ដែងជាតួ Xiao Bei។ ភាពយន្តនេះបានធ្វើឱ្យ Jackson Yee ចាប់ផ្ដើមល្បីល្បាញជាអន្តរជាតិ ខណៈភាពយន្តត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់អូស្កាលើកទី៩៣ ផ្នែកភាពយន្តអន្តរជាតិ និងបានជាប់ជាបេក្ខភាពចុងក្រោយក្នុងកម្មវិធីមហោស្រពភាពយន្តក្រុងបែរឡាំងលើកទី៦៩ ថែមទាំងបានបំបែកកំណត់ត្រារកប្រាក់ចំណូលបានខ្ពស់រហូតដល់ ២៣០ លានដុល្លារ។

៣. ភាពយន្ត “A Little Red Flower” ចេញឆ្នាំ ២០២០ Jackson Yee សម្ដែងជាតួ Yihang Wei

៤. ភាពយន្ត “The Battle at Lake Changjin” ចេញឆ្នាំ ២០២១ Jackson Yee សម្ដែងជាតួ Wu Wanli។ រកចំណូលសរុបបានជាង ៩០០ លានដុល្លារ រឿងនេះបានបង្កើតប្រវត្តិសាស្ត្រសម្រាប់វិស័យភាពយន្តចិនដោយក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទី២លើពិភពលោកសម្រាប់ឆ្នាំ២០២១ តាមរយៈការបង្ហាញសាច់រឿងពាក់ព័ន្ធការលះបង់ ភាពក្លាហាន ការស្រលាញ់ជាតិ និងទឹកចិត្តអ្នកតស៊ូមិនចុះចាញ់របស់កងទាហានចិន។

៥. ភាពយន្ត “Water Gate Bridge” ចេញឆ្នាំ ២០២២ Jackson Yee សម្ដែងជាតួ Wu Wanli

៦. ភាពយន្ត “Hero” ចេញឆ្នាំ ២០២២ Jackson Yee សម្ដែងជាតួ Li Zhaohua

៧. ភាពយន្ត “Nice View” ចេញឆ្នាំ ២០២២ Jackson Yee សម្ដែងជាតួ Jing Hao

៨. ភាពយន្ត “Full River Red” ចេញឆ្នាំ ២០២៣ Jackson Yee សម្ដែងជាតួ Sun Jun

៩. ភាពយន្ត “Big World” ចេញឆ្នាំ ២០២៤ Jackson Yee សម្ដែងជាតួ Liu Chunhe។ ការសម្ដែងតួអង្គនេះពិតមានការលំបាក និងទាមទារការត្រៀមខ្លួនយ៉ាងហ្មត់ចត់។ លោកបានចំណាយពេលជាច្រើនដើម្បីសិក្សា និងសង្កេតយ៉ាងដិតដល់នូវអាកប្បកិរិយារបស់អ្នកជំងឺដែលមានជំងឺខួរក្បាល ដើម្បីអាចបង្ហាញពីអារម្មណ៍ និងចលនារបស់តួអង្គបានដូចពិតៗ។ ជាលទ្ធផល ការសម្ដែងរបស់លោកបានទទួលការកោតសរសើរកាន់តែខ្លាំង ដោយបានឆក់ទាញអារម្មណ៍ទស្សនិកជនឱ្យចូលតួតាមស្ទើរគ្រប់គ្នា។

Jackson Yee ធ្លាប់និយាយថា “ការសម្ដែងគឺជាចូលទៅរស់នៅក្នុងជីវិតដែលមានបែបផែនផ្សេងៗជាច្រើន” ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការកែលម្អខ្លួនឯង និងការប្រកួតប្រជែងដែនកំណត់សមត្ថភាពរបស់ខ្លួន។ ពីក្មេងប្រុសម្នាក់ដែលតាមចាប់ក្ដីស្រមៃក្នុងវិស័យសិល្បៈ បច្ចុប្បន្នលោកបានក្លាយជាតារាសម្ដែងដ៏មានទេពកោសល្យ និងទទួលស្គាល់យ៉ាងទូលំទូលាយ ខណៈវិថីរបស់លោកគឺពោរពេញទៅដោយការខិតខំប្រឹងប្រែង និងការលះបង់ ដែលក្លាយជាកម្លាំងជំរុញទឹកចិត្តមួយសម្រាប់អ្នកមានសុបិនចង់ដើរតាមគន្លងរបស់លោក ៕



























































Account
Security
Favourite Content