ក្នុងនាមជាឪពុកម្តាយ អ្នកតែងតែប្រាថ្នាចង់ការពារកូនៗពីការខកចិត្ត ការបរាជ័យ ឬបញ្ហាប្រឈមផ្សេងៗ។ ទោះបីជាវាមិនអាចទៅរួចទាំងស្រុងក៏ដោយ ប៉ុន្តែអ្វីដែលអ្នកអាច និងគួរតែធ្វើនោះ គឺការបង្រៀនកូនរបស់អ្នកឱ្យមានភាពរឹងមាំ មិនចុះញ៉មនឹងបញ្ហាងាយៗ។

កូនដែលមានភាពរឹងមាំ គឺជាមនុស្សដែលមានឆន្ទៈមុះមុត។ នៅពេលពួកគេជួបបញ្ហាពិបាក ពួកគេព្យាយាមដោះស្រាយវាជំនួសឱ្យការបោះបង់។ នៅពេលរឿងអាក្រក់កើតឡើង ពួកគេនឹងងើបឈរឡើងវិញយ៉ាងលឿន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាថ្មីៗ។ នៅពេលពួកគេធ្វើខុស ពួកគេចេះរៀនសូត្រ និងអភិវឌ្ឍខ្លួនពីកំហុសនោះ។
ហេតុដូច្នេះហើយ ទើបការបណ្ដុះកូនឱ្យក្លាយជាមនុស្ស “រឹងមាំ” គឺជារឿងសំខាន់។ យោងតាមគេហទំព័រ Big Life Journal ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗទាំង ៥ ដើម្បីជួយអ្នកចិញ្ចឹមកូនឱ្យមានភាពរឹងមាំ៖
១. ក្លាយជាគំរូដ៏ល្អដល់កូន
កូនរបស់អ្នកតែងតែសង្កេត និងរៀនសូត្រពីរាល់សកម្មភាពរបស់អ្នក។ ដូច្នេះ ចូរបង្ហាញឥរិយាបថវិជ្ជមានទៅកាន់កូនៗ។ នៅពេលអ្នកធ្វើខុសចំពោះមុខកូន សូមទទួលស្គាល់កំហុសរបស់អ្នក និងពន្យល់ដល់កូនពីអ្វីដែលអ្នកបានរៀនសូត្រ និងវិធីសាស្ត្រដើម្បីជៀសវាង ឬកែលម្អនៅពេលក្រោយ។ សកម្មភាពនេះបង្រៀនកូនរបស់អ្នកឱ្យយល់ថា កំហុសមិនមែនជាបញ្ហាដែលគ្មានផ្លូវកែនោះទេ។ ផ្ទុយមកវិញ វាគឺជាឱកាសដើម្បីអភិវឌ្ឍខ្លួននៅថ្ងៃមុខ។
២. អនុញ្ញាតឱ្យកូនធ្វើខុស
ការអនុញ្ញាតឱ្យកូនធ្វើខុស គឺជាវិធីសាស្ត្រមួយជួយឱ្យពួកគេរឹងមាំឡើង។ ប្រសិនបើកូនមិនធ្លាប់ធ្វើខុសទេ ពួកគេក៏គ្មានថ្ងៃអាចរៀនសូត្រពីវិធីធ្វើឱ្យល្អជាងមុន ឬរៀនពីការសម្រេចចិត្តឱ្យបានល្អជាងមុននៅពេលអនាគតនោះទេ។ ការបរាជ័យជួយបង្រៀនកូនៗឱ្យចេះព្យាយាម និងដោះស្រាយបញ្ហាដែលគេជួបប្រទះ។
ដ្បិតការហាមឃាត់មិនឱ្យកូនធ្វើខុសនៅពេលនេះ អាចជួយកូនៗកុំឱ្យជួបរឿងខកចិត្តក៏ពិតមែន តែវាជាជំនួយរយៈពេលខ្លីប៉ុណ្ណោះ ខណៈនៅថ្ងៃអនាគតកូនរបស់អ្នកអាចនឹងជួបការលំបាកក្នុងការដោះស្រាយបញ្ហា។

៣. សរសើរកូនឱ្យបានត្រឹមត្រូវ
អ្នកស្រាវជ្រាវ Carol Dweck បានរកឃើញថា របៀបដែលអ្នកសរសើរកូនៗអាចប៉ះពាល់ដល់ផ្នត់គំនិត ក៏ដូចជាទំនោររបស់ពួកគេក្នុងការទទួលយកបញ្ហាប្រឈម និងការតស៊ូព្យាយាម។ ការសរសើរពីចំណុចពិសេសរបស់ពួកគេ (Person Praise) ដូចជាពាក្យថា “កូនឆ្លាតណាស់” ឬ “កូនពូកែណាស់” អាចបង្កើតឱ្យមាន ផ្នត់គំនិត Fixed Mindset។ ជាមួយនឹងផ្នត់គំនិតនេះ កូនៗជឿថាគុណសម្បត្តិដូចជា ភាពវៃឆ្លាត គឺជារឿងដែលមិនអាចប្រែប្រួល ឬអភិវឌ្ឍបានឡើយ។ ជាលទ្ធផល កូនៗអាចនឹងព្យាយាមគេចវេះពីឧបសគ្គលំបាកៗដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន។
សាកល្បងសរសើរកូនបែប Process Praise ដោយផ្តោតលើដំណើរការនៃការខិតខំរបស់កូនៗ ដូចជា “ម៉ាក់/ប៉ាដឹងថាកូនបានខិតខំខ្លាំងណាស់”។ ការសរសើរកូនតាមរបៀបនេះ អាចជួយឱ្យកូនៗបង្កើតបានជា ផ្នត់គំនិតលូតលាស់ ឬ Growth Mindset ដោយជឿជាក់ថាសមត្ថភាពរបស់ពួកគេនឹងរីកចម្រើនទៅមុខបាន តាមរយៈការខិតខំប្រឹងប្រែង និងការហ៊ានប្រឈមមុខនឹងបញ្ហា។
នៅពេលកូនដែលមានផ្នត់គំនិតលូតលាស់ ឬ Growth Mindset ធ្វើខុស ពួកគេនឹងព្យាយាមរកដំណោះស្រាយដើម្បីកែលម្អ។ ប៉ុន្តែនៅពេលកូនមានផ្នត់គំនិតបែប Fixed Mindset ធ្វើខុស ពួកគេងាយនឹងជឿថា ការបរាជ័យនេះគឺកើតឡើងដោយសារតែកត្តាផ្ទាល់ខ្លួនដែលមិនអាចកែប្រែបាន។
៤. បង្រៀនកូនឱ្យចេះគ្រប់គ្រងអារម្មណ៍
ការគ្រប់គ្រងអារម្មណ៍គឺជាគន្លឹះដ៏សំខាន់ដើម្បីធ្វើឱ្យកូនរបស់អ្នកមានផ្លូវចិត្តរឹងមាំ។ អ្នកអាចអនុវត្តតាមវិធីសាស្ត្រទាំងនេះ៖
· ទទួលស្គាល់ថាគ្រប់អារម្មណ៍គឺជារឿងធម្មតា៖ បង្រៀនកូនថា អារម្មណ៍អវិជ្ជមានទាំងអស់គឺជារឿងធម្មតាទេ ប៉ុន្តែពួកគេត្រូវចេះស្គាល់ និងគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។
· កំណត់ព្រំដែននៃអាកប្បកិរិយា៖ ប្រសិនបើកូនខឹងហើយបង្ហាញអាកប្បកិរិយាមិនគប្បី ដូចជាការបោកបោះរបស់របរ ត្រូវពន្យល់ថាពួកគេមិនខុសទេដែលខឹង ប៉ុន្តែពួកគេខុសលើរបៀបដែលពួកគេបង្ហាញកំហឹង។
· ការសន្ទនាមុនពេលចូលគេង៖ ចំណាយពេល ១០ នាទីមុនគេងដើម្បីស្តាប់ពីអារម្មណ៍ និងដោះស្រាយបញ្ហាដែលកូនបានជួបប្រទះក្នុងថ្ងៃនោះ។

៥. បង្រៀនកូនឱ្យចេះដោះស្រាយបញ្ហា
នៅពេលកូនជួបបញ្ហា កុំប្រញាប់រត់ទៅជួយដោះស្រាយជំនួសពួកគេភ្លាមៗ។ ចូរជួយណែនាំ និងផ្តល់យោបល់ឱ្យពួកគេចេះគិតរកដំណោះស្រាយ តាមរយៈការសាកល្បងធ្វើខុសធ្វើត្រូវដោយខ្លួនឯង។ ការអនុញ្ញាតឱ្យកូនប្រឈមមុខ និងដោះស្រាយបញ្ហាដោយផ្ទាល់ នឹងជួយឱ្យពួកគេក្លាយជាកូនដែលរឹងមាំ មិនខ្លាចញញើតនឹងការបរាជ័យ។
សូមចងចាំថា យើងមិនអាចតាមការពារកូនមិនឱ្យធ្វើខុស ឬបញ្ចៀសកូនពីការបរាជ័យពេញមួយជីវិតនោះទេ។ ប៉ុន្តែអ្វីដែលយើងអាចផ្ដល់ឱ្យកូនបាននោះ គឺ “ភាពរឹងមាំ” ដែលជាឧបករណ៍ដ៏មានតម្លៃបំផុត ដើម្បីឱ្យពួកគេអាចបោះជំហានទៅមុខដោយភាពជឿជាក់ក្នុងពិភពលោកដ៏ធំធេងមួយនេះ៕






















































Account
Security
Favourite Content